ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ព្រមាន​​ថា​​ម្ល៉ាឌិក​​​​នឹង​​ស្លាប់​​មុន​ពេល​​កាត់​ទោស​


លោក​ Milos Saljic មេធាវី​ការពារ​លោក​រ៉ាត់កូ ម្ល៉ា​ឌិក​ ដែល​ជាប់​ចោទ​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និយាយ​ទៅ​កាន់​ក្រុម​បណ្ដញ​ព័ត៌មាន​ ​នៅ​ទីក្រុង​ Belgrade ប្រទេស ​​Serbia​ ​នៅ​ថ្ងៃ​៣០​ឧសភា​ ឆ្នាំ​២០១១​។
លោក​ Milos Saljic មេធាវី​ការពារ​លោក​រ៉ាត់កូ ម្ល៉ា​ឌិក​ ដែល​ជាប់​ចោទ​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និយាយ​ទៅ​កាន់​ក្រុម​បណ្ដញ​ព័ត៌មាន​ ​នៅ​ទីក្រុង​ Belgrade ប្រទេស ​​Serbia​ ​នៅ​ថ្ងៃ​៣០​ឧសភា​ ឆ្នាំ​២០១១​។

លោក រ៉ាត់កូ​ ម្ល៉ាឌិក ​(Ratko​ Mladic​) ជន​សង្ស័យ​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ កំពុង​ជាប់ឃុំ​នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ។ ប៉ុន្តែ​មុន​ការ​ធ្វើ​បត្យាប័ន​ មេធាវី​របស់​លោក​និយាយ​ថា​អតីត​ឧត្តម​សេនីយរូប​នេះ​មាន​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ ហើយ​អាច​ស្លាប់​មុន​ពេល​ចាប់ផ្តើម​ការ​កាត់ទោស​លើ​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជ​សាសន៍។

ថ្ងៃ​ច័ន្ទ​ជា​ថ្ងៃ​ចុងក្រោយ​បង្អស់​ដែល​លោក​រ៉ាត់កូ​ ម្ល៉ាឌិក អាច​ប្តឹង​ឧទ្ធរណ៍​ការ​វិនិច្ឆ័យ​របស់​តុលាការ​ដើម្បី​ធ្វើ​បត្យាប័ន​លោក​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ឡាអេ។

ឈរ​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ទីក្រុង​ Belgrade ​លោក​ Milos ​Saljic​ មេធាវី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​លោក​នឹង​ដាក់​ពាក្យប្តឹង​ឧទ្ធរណ៍​របស់​លោក ម្ល៉ាឌិក​តាម​ប៉ុស្តិ៍​ ប្រឆាំង​ការធ្វើ​បត្យាប័ន។ លោក​បាន​និយាយ​ថា​កូនក្តី​របស់លោក​បាន​ទទួល​គ្រោះថ្នាក់​ដោយសារ​ជំងឺ​ដាច់សសៃ​ឈាម​ក្នុង​ខួរក្បាល​ជាច្រើន​ដង​ហើយ​មាន​ជំងឺ​ជា​ទម្ងន់​មិន​អាច​ប្រឈម​មុខ​ការ​កាត់ទោស​ក្នុង​ប្រទេស​ហុល្លង់​ទេ។

«លោក​និយាយ​ថា​ស្ថានភាព​សុខភាព​របស់​លោក​ ម្ល៉ាឌិក​កំពុង​មាន​ភាព​គួរឲ្យ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ហើយ​ថា​លោក​ទាមទារ​ឲ្យមាន​ការស៊ើប​អង្កេត​ពី​អ្នក​ជំនាញ​ការ​សុខ​ភាព​ឯករាជ្យ។ មេធាវី ​Saljic ​បន្ថែម​ទៀត​ថា​កូនក្តី​របស់​លោក​មាន​ជំងឺជា​ទម្ងន់​ហើយ​ថា​លោក​ នឹង​មិន​នៅ​រស់រាន​មាន​ជីវិត​រហូត​ដល់​ពេល​ការ​កាត់ទោស​ចាប់ផ្តើម​ទេ»។

ក៏ប៉ុន្តែ​ ពួក​រដ្ឋអាជ្ញា​បាន​ហៅ​ការសុំឧទ្ធរណ៍​លើ​មូលហេតុ​ខាងសុខ​ភាព​ថា​ជា​កល​ល្បិច​អូស​បន្លាយ​ពេល​វេលា។

រដ្ឋអាជ្ញា ​និយាយ​ទៀត​ថា​អតីត​ឧត្តមសេនីយ៍​អាយុ​៦៩​ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍មុន​នៅ​ក្នុង​ភូមិ​មួយ​ភាគ​ខាងជើង​ទីក្រុង​ Belgrade ​មាន​កម្លាំង​ល្មម​គ្រប់​គ្រាន់​ដើម្បី​ប្រឈម​មុខ​ការ​កាត់ទោស​លើ​បទចោទ​ប្រកាន់​ជា​ច្រើន​ រួម​ទាំង​អំពើ​ប្រល័យ​ពូជសាសន៍​ផង។

ពួក​កងទ័ព​នៅក្រោម​បញ្ជារ​របស់​លោក​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការសម្លាប់​បុរស​និង​ក្មេង​ប្រុសៗ​ អ្នក​កាន់​សាសនា​អ៊ីស្លាម​រហូត​ដល់​៨ពាន់​នាក់​នៅក្នុង​ទីក្រុង ​Srebrenica​ នៃ​ប្រទេស​ Bosnia​ ក្នុង​ឆ្នាំ​១៩៩៥។ លោក​ក៏​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការមើល​ខុសត្រូវ​ការ​ឡោម​ព័ទ្ធ​ទីក្រុង​ Sarajevo​ នៃ​ប្រទេស​ Bosnia​ អស់​រយៈពេល​៤៣​ខែ​នៅពេល​ដែល​កងទ័ព​បាន​បាញ់ប្រហារ​មក​ពីភ្នំ​នៅជិត​នោះ​បាន​សម្លាប់​មនុស្ស​ជាង​១ម៉ឺន​១ពាន់​នាក់ ​រួមមាន​កូនក្មេង​ជា​ច្រើននាក់​ផង។

លោក​ ម្ល៉ាឌិក ​បាន​ប្រកាស​ថា​លោក​មិនបាន​ធ្វើ​អ្វី​ខុសទេ​ហើយ​បាន​ជំទាស់​ប្រឆាំង​ការ​ចាប់ខ្លួន។

ពួក​បាតុករ​បាន​ចោល​ដុំថ្ម​និង​ដប​ហើយ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​ប្រឆាំង​កុប្ប​កម្ម​ដែល​ប្រើ​ដំបង​ឆក់​ក្នុង​ទីក្រុង​ Belgrade ​កាល​ពីយប់​ថ្ងៃ​អាទិត្យ។ មនុស្ស​ប្រហែល​១៨០​នាក់​បាន​ត្រូវ​ឃុំខ្លួន​ហើយ​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​នេះ។

គណៈបក្ស​ជ្រុល​និយម​ Serbia​ ( Serbian​ Radical ​Party​) ដែលជា​គណៈបក្ស​ប្រឆាំង​ប្រាប់​ឲ្យដឹង​ថា ​រដ្ឋាភិបាល​ដែល​លំអៀង​ទៅ​ប្រទេស​លោក​ខាង​លិច​កំពុង​បន្ទន់​ខ្លួន​តាម​ការគៀប​សង្កត់​របស់​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​នៅពេល​ដែល​ខ្លួន​ស្វះស្វែង​រក​សមាជិកភាព​ក្នុង​សហភាព​អឺរ៉ុប។

ប៉ុន្តែនៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សាធារណៈ​ហុល្លង់​ NOS​ លោក​ Boris​ Tadic ​ប្រធានាធិបតី ​Serbia​ បាន​ច្រានចោល​ការចោទ​ប្រកាន់​ទាំង​នេះ។

«ការចាប់ខ្លួន​នេះ​មិនមែន​ពីព្រោះតែ​ការ​គៀប​សង្កត់​របស់​អ្នកនយោបាយ​មកពី​ប្រទេស​ហុល្លង់​ ពី​សហភាព​អឺរ៉ុប​និ​ងពីប្រទេស​ផ្សេងៗ​ទៀត​ទេ។ ការ​ចាប់ខ្លួន​នេះ​ពីព្រោះតែ​យើង។ ការ​ចាប់ខ្លួន​នេះ​ពីព្រោះតែ​តម្លៃ​របស់​យើង។ យើង​កំពុង​រស់​នៅ​ក្នុង​តំបន់​ទាំងនោះ​ដែល​យើង​ត្រូវតែ​សម្រប​សម្រួល​គ្នា​ទៅវិញ​ទៅមក។ យើង​កំពុង​រស់នៅ​ក្នុង​ប្រទេស​មួយ​ដែល​យើង​ត្រូវតែ​បង្កើត​ឲ្យមាន​នីតិរដ្ឋ។»

លោក​ Tadic ​ក៏​ចង់ដឹង​ដែរ​ថា​តើ​លោក​ ម្ល៉ាឌិក ​អាច​គេច​ខ្លួន​ពីការឃុំ​ឃាំង​អស់​រយៈ​ពេល​១៦​ឆ្នាំ​ដោយ​វិធី​ណា។

«តើ​គាត់​រៀបចំ​បណ្តាញ​ការពារ​យ៉ាង​ដូចម្តេច​? ចំពោះ​ខ្ញុំ ​វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​នៅពេល​ឥឡូវនេះ​ថា​តើ​នរណា​ការពារ​គាត់។ ដើម្បី​ស៊ើបអង្កេត​មនុស្ស​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ការការពារ​គាត់។ តើ​ពួក​អ្នក​ការពារ​មកពី​រចនា​សម្ព័ន្ធ​យោធា​និង​ប៉ូលីស​ឬ?​។ ខ្ញុំ​ជឿជាក់​ថា​នៅក្នុង​ការ​ចាប់ផ្តើម​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ លោក​បាន​ត្រូវ​ការពារ​ដោយ​មនុស្ស​ប្រភេទ​នោះ​ទាំង​នោះ។​ ឧទាហរណ៍​ពួកមន្រ្តី​ចូលនិវត្តន៍​និង​ប៉ូលីស»។

ហើយ​ការស៊ើប​អង្កេត​នោះ​ទើបតែ​បាន​ចាប់ផ្តើមធ្វើ។

ប្រែ​សម្រួល​ដោយ​ជឹង​ ប៉ូជីន

XS
SM
MD
LG