ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ សម រង្ស៊ី ហៅ​វប្បធម៌​ហិង្សា​បច្ចុប្បន្ន​ ថា​ជា​សំណល់​នៃ​របប​ខ្មែរក្រហម


ព្រះសង្ឃអង្គុយ​នៅ​ក្បែរ​ទូ​កញ្ចក់​តាំង​រូប​លលាល៍ក្បាល​របស់​ជនរងគ្រោះ​ចំនួន​ប្រមាណ​៥០០០នាក់ ដែល​ត្រូវបាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ក្នុង​អំឡុង​ពិធីគម្រប់​ខួប​៤១ឆ្នាំ​នៃ​ការ​ឡើង​កាន់កាប់​អំណាច​របស់​របប​ខ្មែរ​ក្រហម នៅ​វាលពិឃាត​ជើងឯក នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។

ថ្ងៃ​១៧​មេសា​ ឆ្នាំ១៩៧៥ ជា​ថ្ងៃ​ដែល​ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ បាន​ឡើង​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា។ របប​ដែល​គេ​តែង​ហៅ​ថា​របប​ ប៉ុល ពត​ នោះ បាន​ដួល​រលំ​ទៅ​វិញ​នៅ​ថ្ងៃ​ទី៧​ ខែមករា​ ឆ្នាំ​១៩៧៩។

លោក ​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មេសា បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ពិធី​រំឭក​ថ្ងៃ​ទី១៧​ មេសា​ឆ្នាំ​១៩៧៥ ថា​ វប្បធម៌​ហិង្សា​ នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ថ្ងៃ​១៧​មេសា​ ឆ្នាំ១៩៧៥ ជា​ថ្ងៃ​ដែល​ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ បាន​ឡើង​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា។ របប​ដែល​គេ​តែង​ហៅ​ថា​របប​ ប៉ុល ពត​ នោះ បាន​ដួល​រលំ​ទៅ​វិញ​នៅ​ថ្ងៃ​ទី៧​ ខែមករា​ ឆ្នាំ​១៩៧៩។

គណបក្ស​គ្រប់​គ្រង​ប្រទេស​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ធ្វើ​ពិធីបុណ្យ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ជ័យជំនះ​របស់​ខ្មែរក្រហម​នេះ​ទេ។

ថ្លែង​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​ Skypeទៅ​កាន់​អ្នក​ចូលរួម​ពិធី​រំឭក​ថ្ងៃ​១៧ មេសា​ ឆ្នាំ​១៩៧៥​ ដែល​រៀបចំ​នៅ​ឯ​សារមន្ទីរ​ជើង​ឯក​ លោក ​សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​បាន​ទទួល​សន្តិភាព​ក៏​ពិតមែន​ តែ​វប្បធម៌​ហិង្សា​ និង​សងសឹក ​នៅ​បន្ត​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ដដែល។

«យើង​នឹក​រឿង​ប្រវត្តិសាស្ត្រ​ រឿង​ការ​ឈឺចាប់​ ខ្មែរ​ក្រហម​រលាយ​សាបសូន្យ​ទៅ​ហើយ​ របប​ខ្មែរ​ក្រហម​ ប៉ុល ពត។​ ប៉ុន្តែ វប្បធម៌​ខ្មែរក្រហម​ នៅ​តែ​រស់រវើក​ ហិង្សា​ កម្ចាត់​ សម្លាប់​ ចាប់​ដាក់​គុក​ ពុករលួយ​ ជ័យភណ្ឌ​ហ្នឹង​ ជា​វប្បធម៌​ខ្មែរ​ក្រហម»។

លោក​ សម រង្ស៊ី​ បាន​បន្ត​ថា​ សន្តិភាព​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​ មិន​មែ​ន​ជា​សន្តិភាព​ពិត​ប្រាកដ​នោះ​ទេ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ពុំ​ទាន់​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ​ និង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​នៅ​ឡើយ។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​ចាប់​ដៃ​គ្នា​ជាមួយ​លោក សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​មន្ទីរ​ព្រឹទ្ធ​សភា នឹង​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជាពី​ថ្ងៃ​ទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០១៤​។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​ចាប់​ដៃ​គ្នា​ជាមួយ​លោក សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​មន្ទីរ​ព្រឹទ្ធ​សភា នឹង​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជាពី​ថ្ងៃ​ទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០១៤​។

«យើង​ចង់​ឲ្យ​ស្រុក​យើង​មាន​សន្តិភាព​ពិតប្រាកដ​ មិនមែន​តែ​សន្តិភាព​រាងកាយ​ទេ​ សន្តិភាព​ផ្លូវចិត្ត​ផង​ដែរ។​ ចង់​ឲ្យ​មាន​សេរីភាព​ពេញលេញ​ ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ ចង់​ឲ្យ​មាន​ភាព​ស្អាតស្អំ​ ត្រូវ​មាន​យុត្តិធម៌​ក្នុង​សង្គម។ យើង​ត្រូវ​តែ​បំបាត់​វប្បធម៌​ខ្មែរ​ក្រហម​ ដូច​ខ្ញុំ​បាន​លើក​ឡើង​អម្បាញ់មិញ​ ដែល​ជា​កាក​សំណល់​របស់ ​ប៉ុល​ ពត​ តែ​ដោយ​អ្នក​ដឹកនាំ​សព្វថ្ងៃ​ យក​មក​ឱប​ក្រសោប​ យក​មក​ប្រើ​ យក​មក​អនុវត្តន៍»។

កម្ពុជា​បាន​ធ្លាក់​ដល់​ចំណុច​សូន្យ​នៅ​ក្នុង​របប​វាល​ពិឃាដ​ខ្មែរក្រហម ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​ គិត​ពី​ឆ្នាំ​១៩៧៥​មក​ដល់​ឆ្នាំ​១៩៧៩។

នៅ​ក្នុង​ដំណាក់​កាល​នោះ​ ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​មិន​រើសមុខ​ ប្រសិន​បើ​មនុស្ស​ទាំង​នោះ ​ត្រូវ​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​កំហុស​ ឬ​ក្បត់​នឹង​អង្គការ។

មូលហេតុ​នៃ​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​នោះ នៅ​ស្ថិត​ជា​អាថ៌​កំបាំង​នៅ​ឡើយ។​ របប​កុម្មុយនិស្ត​ខោអាវ​ខ្មៅ​នេះ​ ត្រូវ​រលំរលាយ​នៅ​ថ្ងៃ​ទី៧​ ខែ​មករា ​ឆ្នាំ​១៩៧៩។

លោក​ ផៃ​ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ ការ​លើកឡើង​របស់​លោក ​សម​ រង្ស៊ី គឺ​ជា​ការ​ប្រឆាំង​នឹងអតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ នរោត្តម​ សីហនុ​ ហើយ​ថា​លោក​ សម រង្ស៊ី​ ក៏​បាន​រើស​អើង​ជាតិ​សាសន៍​ខ្មែរ​ខ្លួន​ឯង​ផង​ដែរ។​

«យើង​ដឹង​ថា​ គាត់​ជា​អ្នក​ប្រឆាំង​នឹង​ប្រជាជាតិ​ខ្លួន​គាត់។​ អា​ហ្នឹង ជា​ឈាម​ត​ពី​រឿង​របស់​គាត់​ ដែល​អ្នក​ប្រឆាំង​ជាមួយ​នឹង​ ព្រះករុណា​ ព្រះសីហនុ​ ប្រឆាំង​នឹង​អព្យាក្រឹត​ភាព​ ដែល​នាំ​ខ្មែរ​ឲ្យ​បែកបាក់​ ទៅ​បម្រើ​នយោបាយ​បរទេស»។

លោក​ ផៃ​ ស៊ីផាន ថ្លែង​ថា​ ការណ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ធ្វើ​ការ​ប្រារព្ធថ្ងៃ​ជ័យជំនះ​របស់​ក្រុម​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ គឺ​ដោយសារ​តែ​វា​គ្រាន់​តែ​ជា​ការ​ផ្លាស់ប្ដូរ​របប​នយោបាយ​ពី​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក ​លន់​ នល់​ ប៉ុណ្ណោះ។

លោក​បន្ត​ថា ម្យ៉ាងទៀត​ រដ្ឋាភិបាល​ក៏​មិន​ចង់​រំឭក​រឿង​នេះ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​សប្បាយ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ដែរ។

លោក ​ផៃ​ ស៊ីផាន ​បន្ថែម​ថា​ លោក ​សម រង្សី​ បាន​ប្រមាថ​ដល់​ព្រះ​បរម​រតនៈ​កោដ្ឋ​សម្ដេច​ព្រះ​បាទ​ នរោត្តម​ សីហនុ​ និង​បាន​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ​កម្ពុជា។

«គាត់​និយាយ​ហ្នឹង បាន​គាត់​ដៀលត្មះ​ តិះដៀល ដល់​ព្រះករុណា​ព្រះ​បរម​រតនៈ​កោដ្ឋ​ ត្មះ​តិះដៀល​អា​ហ្នឹង​រួច​ស្រេច​ទៅ​ហើយ​ អា​ហ្នឹង​ជា​រឿង​ទី​មួយ។​ ហើយ​ចំណុច​ទីពីរ​ គាត់​កំពុងតែ​កែ​ប្រវត្តិសាស្ត្រ​ ពីព្រោះ​នៅ​ក្នុង​ថ្ងៃ​១៧ មេសា​ ហ្នឹង​ គឺ​ជា​ថ្ងៃ​ជោគជ័យ​របស់​ពួក​ទ្រង់​ ពួក​រណសិរ្ស​បង្រួបបង្រួម​ជាតិ​ ដើម្បី​សន្តិភាព​ ដែល​ជា​អ្នក​គេ​ហៅ​ពួក​អ្នក​សីហនុ​និយម​ហ្នឹង​ គឺ​ការ​ចូលរួម​នៅ​ក្នុង​ហ្នឹង​ដែរ។​ ដូច្នេះ​យើង​ឃើញ​មាន​ប្រវត្តិសាស្ត្រ​ច្រើន​ ដែល​ពួក​ខ្មែរក្រហម ​កាប់​សម្លាប់​ពួកបូព៌ា​ ដែល​ជា​អ្នក​ស្មោះ​ស្ម័គ្រ​ជាមួយ​ព្រះករុណា ​នរោត្តម​បរម​រតនៈ​កោដ្ឋ​ហ្នឹង។​ អា​ហ្នឹង គាត់​មិន​បាន​និយាយ​ទេ។ គាត់​លាប​ទាំង​អស់​ ខ្មែរ​ក្រហម​ទាំងអស់»។

លោក​ សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​សម្រេច​លុបចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​កាត់​ទោស​រូបលោក។

លោក​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ដែល​ថា​ លោក ​ហោ ណាំហុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ​ពេល​ដែល​លោក ហោ ណាំហុង​ ​នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក។

លោក ​សម រង្ស៊ី ក៏​បាន​រង​នឹង​បណ្ដឹង​ផ្សេង​ទៀត​ដែរ ដែល​ក្នុង​នោះ​ គឺ​បណ្ដឹង​របស់​លោក​ ហេង សំរិន​ ប្រធាន​សភា​ជាតិ​ ដែល​បាន​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ផង​ដែរ៕

XS
SM
MD
LG