នៅថ្ងៃពុធនេះ គេឃើញមានការអំពាវនាវជាថ្មីឱ្យមានការដាក់សម្ពាធពីអន្តរជាតិលើការលុកលុយរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza) ដោយប្រទេសកាតានិងសហភាពអាហ្វ្រិកបានបង្ហាញក្ដីបារម្ភអំពីវិបត្តិមនុស្សធម៌ដែលកាន់តែរីករាលដាល។
ប្រទេសកាតាស្ថិតក្នុងចំណោមក្រុមអ្នកចរចានាំមុខក្នុងការស្វែងរកការព្រមព្រៀងលើបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) ហើយនៅថ្ងៃពុធនេះ ប្រទេសនេះបានបញ្ជាក់ថា ការបង្ខំណាមួយឱ្យជនស៊ីវិលចាកចេញពីទីក្រុង Rafah គឺជាការរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
ក្រសួងការបរទេសកាតាបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah និងបានអំពាវនាវឱ្យមាន «វិធានការអន្តរជាតិបន្ទាន់» ដើម្បីធ្វើយ៉ាងណាកុំឱ្យកងទ័ពអ៊ីស្រាអែលលុកលុយទីក្រុងនេះ។
ប្រធានគណៈកម្មការសហភាពអាហ្វ្រិកលោក Moussa Faki Mahamat បានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការរួមគ្នាដើម្បីបញ្ឈប់ការរីករាលដាលដ៏ប្រល័យនៃសង្គ្រាមនេះចូលក្នុងទីក្រុង Rafah ដោយលោកបានកត់សម្គាល់អំពីសារៈសំខាន់នៃតំបន់នេះថាជាច្រករបៀងសម្រាប់ការបញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា។
អ៊ីស្រាអែលបានដណ្ដើមកាន់កាប់តំបន់ច្រកព្រំដែនទីក្រុង Rafah នៃតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ ហើយស្របពេលនោះដែរបានបិទតំបន់ច្រកព្រំដែន Kerem Shalom ដែលនៅក្បែរនោះ ដោយធ្វើឱ្យមានការរិះគន់ពីអង្គការមនុស្សធម៌នានា។ អ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានបើកច្រកព្រំដែន Kerem Shalom នេះឡើងវិញហើយ។
ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិលោក Martin Griffiths បាននិយាយថា ការបិទច្រកព្រំដែនទីក្រុង Rafah បានកាត់ផ្ដាច់លទ្ធភាពទទួលបានប្រេងឥន្ធនៈនិងលទ្ធភាពរបស់បុគ្គលិកផ្ដល់ជំនួយក្នុងការឆ្លងចូលទៅកាន់តំបន់ហ្កាហ្សា៕
អ្នកស្រី Margaret Besheer នៃ VOA រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងReuters។
វេទិកាបញ្ចេញមតិ