ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនចូលរួមសន្និសីទកំពូលរបស់មេដឹកនាំដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬ G-20 នៅកន្លែងលំហែកាយលើកោះបាលីប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍ក្រោយនោះទេ។ នេះបើតាមស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីហ្សាការតាដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍នេះ។
លោកស្រី Yulia Tomskaya ប្រធានពិធីការរបស់ស្ថានទូតរុស្ស៊ីក្នុងទីក្រុងហ្សាការតាបាននិយាយថា«ខ្ញុំអាចបញ្ជាក់ថា លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov នឹងដឹកនាំគណៈ ប្រតិភូរុស្ស៊ីចូលរួមសន្និសីទកំពូល G-20នេះ។ កម្មវិធីរបស់លោកប្រធានាធិបតី Putinនៅកំពុងធ្វើនៅឡើយ។ លោកអាចចូលរួមតាមប្រព័ន្ធអនឡាញ។
ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានហៅលោក Putinថាជា«ឧក្រិដ្ឋជនសង្គ្រាម»បាននិយាយកាលពីពេលមុនថា លោកមិនបំណងជួបជាមួយលោក Putin នៅឯសន្និសីទកំពូលនោះទេ ប្រសិនបើលោក Putin ចូលរួម។
ការសម្រេចចិត្តដែលកើតមានឡើងបន្ទាប់ពីការនិយាយស្មានៗអស់ជាច្រើនខែមក កើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូកំពុងចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុងយុទ្ធនាការរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងនៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូព្យាយាមគេចចេញពីការថ្កោលទោសរបស់ប្រទេសលោកខាងលិចនៅឯសន្និសីទកំពូលពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។
រុស្ស៊ីកាលពីថ្ងៃពុធម្សិលមិញបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនដកចេញពីទីក្រុង Kherson នៅក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែននៅក្នុងការដើរថយក្រោយមួយនៅក្នុងការប្រឈមការវាយបកវិញរបស់រដ្ឋាភិបាលក្រុងកៀវ។
ប្រភពផ្សេងទៀតដែលបានដឹងពីផែនការរបស់រុស្ស៊ីចំពោះសន្និសីទកំពូលនៅលើកោះបាលីបានបញ្ជាក់ថា លោក Putin នឹងត្រូវជំនួសដោយលោក Lavrov។ ប្រភពនោះបាននិយាយថា គេមិនទាន់ច្បាស់នៅឡើយថាតើមេដឹកនាំរុស្ស៊ីរូបនោះនឹងចូលរួមសន្និសីទតាមប្រព័ន្ធអនឡាញដែរឬទេ៕