ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Putin​ និង លោក​ Erdogan​ នឹង​ពិភាក្សា​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​ដីស្រែ​របស់​លោក​ក្នុង​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កំពុង​ប្រព្រឹត្ត​ទៅ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​ដីស្រែ​របស់​លោក​ក្នុង​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កំពុង​ប្រព្រឹត្ត​ទៅ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀ ពូទីន ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ទៅ​ដល់​រដ្ឋធានី​តេហេរ៉ង់​ប្រទេស​អ៊ីរ៉ង់ ​ជា​កន្លែង​ដែល​លោក​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​តួកគី ​លោក ​Recep Tayyip Erdogan​ និង​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយក្រែន។ ​

អ្នកនាំ​ពាក្យ​របស់​អង្គការ​សហ​ប្រជាជាតិ ​លោក Farhan Haq ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា មាន​វឌ្ឍនភាព​បន្ថែម​ក្នុង​ការ​ចរចា​រវាង​រុស្ស៊ី ​ ​អ៊ុយក្រែន ​ តួកគី ​និង​អង្គការ​សហ​ប្រជាជាតិ​ «ប៉ុន្តែ​គ្មាន​អ្វី​ត្រូវ​ប្រកាស​នៅ​ដំណាក់​កាល​នេះ​ទេ»។​

លោក​បាន​និយាយ​ថា ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ Antonio Guterres​ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ​អ៊ីស្តង់ប៊ុល​ ប្រសិន​បើ​ចាំបាច់។​

លោក​ Guterres ​បាន​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ចន្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​ពិភាក្សា​អំពី​ការ​ចរចា​ដែល​កំពុង​បន្ត។ ​នេះ​បើ​យោង​តាម​អង្គការ​សហ​ប្រជាជាតិ។​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​អ្នកស្រី​ Janet Yellen​ បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ឱ្យ​កំណត់​តម្លៃ​លើ​ការ​នាំចេញ​ប្រេង​របស់​រុស្ស៊ី ​ខណៈ​អ្នកស្រី​ជំរុញ​ឱ្យ​ប្រទេស​នានា​រួប​រួមគ្នា​ក្នុង​ការ​ប្រឆាំង​នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។​ ​អ្នកស្រី​Yellen ​បាន​និយាយ​ថា ​«សមាហរណ​កម្ម​សេដ្ឋកិច្ច​ត្រូវ​បាន​រុស្ស៊ី​ប្រើ​ជា​អាវុធ»។​ អ្នកស្រី​បន្ថែម​ថា​ រុស្ស៊ី​បាន​គំរាម​កំហែង​បង្ក​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក​ដោយ​បិទ​កំពង់ផែ​អ៊ុយក្រែន។​

អ្នកស្រី​ Yellen ​បាន​និយាយ​ថា ​«ប្រទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ទាំងអស់​ត្រូវតែ​រួបរួម​គ្នា​ប្រឆាំង​នឹង​សង្រ្គាម​នេះ​ហើយ​ធ្វើ​ការ​រួមគ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ឱ្យ​បាន​ឆាប់​រហ័ស។​នោះ​ហើយ​ជា​មូលហេតុ​ដែល​សហ​រដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​ និង​ដៃគូ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ផ្សេង​ទៀត​កំពុង​ព្យាយាម​កាត់​បន្ថយ​ប្រាក់​ចំណូល​សម្រាប់​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី។​ ប៉ុន្តែ​ការ​ព្យាយាម​នេះ​មិន​បង្ក​ឱ្យ​មាន​ការ​ប្រែប្រួល​ចាំបាច់​នៅក្នុង​ទីផ្សារ​ថាមពល​ពិភពលោក​ទេ»។​

យោធា​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​បន្ត​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ នេះ​រួមទាំង​ការ​បាញ់​ផ្លោង​នៅ​ទីក្រុង​ Sumy ​និង​ការ​បំផ្ទុះ​នៅ​ទីក្រុង​ Mykolaiv ​ព្រម​ទាំង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​ទីក្រុង​Odesa។​

ក្រសួង​ការពារជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​ «អាច​នឹង​បន្ត​ដណ្តើម​ទឹកដី​បន្ថែម​ទៀត»​ ខណៈ​បន្ត​គោលដៅ​កាន់កាប់​ខេត្ត ​Donetsk ​ទាំងមូល​នៅក្នុង​តំបន់ ​Donbas​ ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។​ ប៉ុន្តែ​ក្រសួង​នេះ​បាន​និយាយ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ «អត្រា​វាតទី​របស់​រុស្ស៊ី​ទំនង​ជា​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ បើ​មិន​មាន​ការ​ផ្អាក​ប្រតិបត្តិការ​ដ៏​សំខាន់​សម្រាប់​រៀបចំ​ និង​ការកែ​សម្រួល​កម្លាំង​ឡើង​វិញ​ទេ​នោះ»។​

នៅ​ទីក្រុង​វ៉ាស៊ីនតោន ​ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន​អ្នកស្រី​ Olena Zelenska ​គ្រោង​ជួប​ជាមួយ​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោកស្រី​ Jill Biden​ នៅ​សេតវិមាន​គឺ​មួយថ្ងៃ​បន្ទាប់ពី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ Antony Blinken។​ សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​«លោក​រដ្ឋមន្ត្រី​ Blinken ​បាន​សរសើរ​ការងារ​របស់​លោក​ជំទាវ​ Zelenska​ ក្នុង​ការ​ជួយ​ប្រជាជន​អ៊ុយក្រែន​ដែល​រង​ផល​ប៉ះពាល់​ដោយ​សង្រ្គាម»។​

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា ​លោក​Blinken​ «បាន​រំឭក​ឡើង​វិញ​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ផ្តល់​ជំនួយ​ឱ្យ​អ៊ុយក្រែន​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច ​និង​មនុស្ស​ធម៌​សំខាន់ៗ​ដែល​អ៊ុយក្រែន​ប្រឈម​ រួមទាំង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​សុខភាព​ផ្លូវ​ចិត្ត​របស់​ជំទាវ​ Zelenska ​សម្រាប់​ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់​ដោយ​សង្រ្គាម»។​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​លោក​ Ned Price ​បាន​និយាយ​ថា ​លោក​ Blinken ​បាន​ធានា​នឹង​អ្នកស្រី​ Zelenska ​នូវ​ការគាំទ្រ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន​ និង​បាន​សរសើរ​អ្នកស្រី​ចំពោះ​ការងារ​ដែល​អ្នកស្រី​បាន​ជួយជន​ស៊ីវិល​ដែល​រង​របួស​ដោយ​សង្រ្គាម៕


(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Agence France-Presse​ និងReuters)

XS
SM
MD
LG