សុខភាពរបស់លោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី មានភាពប្រសើរជាងមុន ហើយឥឡូវនេះ លោកបានចេញផុតពីការភ្លឹកមិនដឹងខ្លួន និងអាចឆ្លើយតបឡើងវិញហើយ។ នេះបើតាមការបញ្ជាក់របស់មន្ទីរពេទ្យអាល្លឺម៉ង់ដែលព្យាបាលលោកកាលពីថ្ងៃចន្ទ។
លោក Navalny ដែលជាអ្នករិះគន់មិនសំចៃមាត់លើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ២២ ខែសីហា គឺក្នុងពេល ២ ថ្ងៃក្រោយមក បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺនៅពេលកំពុងធ្វើដំណើរតាមយន្តហោះក្នុងស្រុកនៅក្នុងប្រទេសរុស្ស៊ី។
អ្នកជំនាញអាវុធគីមីអាល្លឺម៉ង់បាននិយាយថា ការធ្វើតេស្តបានបង្ហាញថា លោកត្រូវបានគេបំពុលដោយសារធាតុធ្វើឱ្យខូចសរសៃប្រសាទដែលបានមកពីក្រុមសារធាតុ Novichok សម័យសូវៀត។ ការអះអាងនេះត្រូវបានរដ្ឋាភិបាលរុស្ស៊ីច្រានចោល។
មន្ទីរពេទ្យ Charite ក្នុងទីក្រុងប៊ែរឡាំង បានបញ្ជាក់ថា ស្ថានភាពរបស់លោក Navalny បានប្រសើរឡើងវិញហើយ ដែលអាចអនុញ្ញាតឱ្យវេជ្ជបណ្ឌិតជួយលោកឱ្យរួចផុតពីការភ្លឹកមិនដឹងខ្លួនបាន។
សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបានបញ្ជាក់ថា លោក Navalny អាចឆ្លើយតបបានហើយ ក៏ប៉ុន្តែ ផលវិបាករយៈពេលយូរនៃការដាក់ថ្នាំបំពុលដ៏ធ្ងន់ធ្ងរនេះនៅមិនទាន់ដឹងនៅឡើយទេ៕