ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្សី​ថា ការ​ចោទ​ដែល​ថា​ខ្លួន​ជា​អ្នក​បំពុល​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Navalny ជា​រឿង «មិន​សម​ហេតុផល»


រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​រុស្សី ចូលរួម​ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​ដើម្បី​រំឭកខួប​ទី ៥ នៃ​​ឃាតកម្ម​សម្លាប់​លោក Boris Nemtsov ដែល​ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំង នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​រុស្សី ចូលរួម​ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​ដើម្បី​រំឭកខួប​ទី ៥ នៃ​​ឃាតកម្ម​សម្លាប់​លោក Boris Nemtsov ដែល​ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំង នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​រុស្សី​បាន​ជំទាស់​ទៅ​នឹង​ការ​ប៉ុនប៉ង «ដោយ​គ្មាន​ហេតុផល» នានា​ក្នុង​ការ​ចោទ​ថា​ខ្លួន​បាន​បំពុល​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Alexei Navalny ស្របពេល​ដែល​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​កំពុង​ពិចារណា​ថា​គួរ​ឬ​មិន​គួរ​ដាក់​ទណ្ឌកម្ម​លើ​រុស្សី​ពាក់ព័ន្ធ​នឹង​រឿង​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន AFP។

លោក Navalny អាយុ ៤៤ ឆ្នាំ ដែល​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​លើ​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin បាន​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពេល​លោក​កំពុង​ជិះ​យន្តហោះ​ក្នុង​ប្រទេស​កាល​ពី​ខែ​មុន ហើយ​បាន​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​តំបន់ Siberia មុន​ពេល​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

ប្រទេស​អាល្លឺម៉ង់​បាន​លើក​ឡើង​កាល​ពី​សប្តាហ៍​មុន​ថា មាន «ភស្តុតាង​ជាក់ច្បាស់» ដែល​បង្ហាញ​ថា លោក Navalny ត្រូវ​បាន​គេ​បំពុល​ជាមួយ​សារធាតុ Novichok ដែល​ជា​សារធាតុ​ពុល​ដូច​ទៅ​នឹង​សារធាតុ​ដែល​ប្រើ​ទៅ​លើ​អតីត​ចារកម្ម​រុស្សី និង​កូនស្រី​របស់​អតីត​ចារកម្ម​នោះ​ក្នុង​ទីក្រុង Salisbury ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ ២០១៨ ដែរ។

រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក Heiko Maas បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង ដែល​ធ្វើជា​ប្រធាន​សហភាព​អឺរ៉ុប​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្សី ប្រសិនបើ​រដ្ឋាភិបាល​រុស្ស៊ី​មិន​ផ្ដល់​មូលហេតុ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ករណី​ដែល​កើត​មាន​ឡើង​ចំពោះ​លោក Navalnyនេះ៕

XS
SM
MD
LG