នៅពេលការគាំទ្រការស៊ើបអង្កេតឯករាជ្យពីប្រភពនៃការផ្ទុះឡើងនូវមេរោគកូរ៉ូណា រីកកាន់តែធំឡើង ចិនបាននិយាយនៅថ្ងៃចន្ទនេះថា ចំណាត់ការបែបនេះជាចំណាត់ការលឿនពេក។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងសន្និសីទកាសែតថា ប្រទេសភាគច្រើននៅក្នុងពិភពលោកជឿថា ការរាតត្បាតនៃជំងឺនេះនៅបន្តមានឡើងនៅឡើយ។
សេចក្តីសម្រេចដែលព្រាងដោយសហភាពអឺរ៉ុប ត្រូវគេរំពឹងនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅសប្តាហ៍នៅឯមហាសន្និបាតសុខភាពពិភពលោក ដែលជាស្ថាប័នរបស់អង្គការសុខភាពពិភពលោក។
វិធានការនោះអំពាវនាវឲ្យស៊ើបអង្កេតទាំងថាតើការរាតត្បាតនៃមេរោគនោះបានចាប់ផ្តើម ហើយការឆ្លើយតបដល់មេរោគនោះយ៉ាងដូចម្តេច។
អូស្រ្តាលីស្ថិតនៅក្នុងចំណោមអ្នកគាំទ្រយ៉ាងខ្លាំងឲ្យមានការស៊ើបអង្កេតបែបនេះ ហើយលោកស្រី Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនចង់ឲ្យការខំប្រឹងប្រែងស៊ើបអង្កេតនេះ «មិនលម្អៀង ឯករាជ្យ និងទូលំទូលាយ»។
លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានមានប្រសាសន៍ថា «យើងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីការកើនឡើងនូវការគាំទ្រសម្រាប់ញ្ញត្តិសម័យប្រជុំអង្គការសុខភាពពិភពលោកនេះ»។
មេរោគកូរ៉ូណាបានត្រូវគេរកឃើញមុនដំបូងនៅក្នុងប្រទេសចិននៅចុងខែធ្នូឆ្នាំមុន ហើយបានរាលដាលជុំវិញពិភពលោកដែលបានសម្លាប់មនុស្សជាង៣សែន១ម៉ឺន៥ពាន់នាក់ហើយបានឆ្លងមនុស្សយ៉ាងហោចណាស់ក៏៤លាន៧សែននាក់ដែរ។
រដ្ឋាភិបាលនានាបានបង្កើតបទបញ្ជាឲ្យស្ថិតនៅផ្ទះហើយបានលើកទឹកចិត្តអ្នកដែលចេញទៅកន្លែងសាធារណៈឲ្យអនុវត្តការស្ថិតនៅឆ្ងាយពីគ្នា ហើយនិងពាក់ម៉ាស់ដើម្បីបញ្ឈប់ការរាតត្បាតនៃមេរោគនេះ៕