ពានរង្វាន់ដ៏ល្បីផ្នែកសារព័ត៌មានគឺ Pulitzer Prizes ប្រចាំឆ្នាំ២០២០ ត្រូវបានប្រគល់ដល់ជ័យលាភីកាលពីថ្ងៃច័ន្ទ ក្រោយពីត្រូវបានពន្យារដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ពានរង្វាន់ធំ Pulitzer Prize ផ្នែកការរាយការណ៍ខាងសេវាសាធារណៈបានទៅកាសែត Anchorage Daily News និង ProPublica ដែលបានធ្វើសេចក្តីរាយការណ៍អំពីកង្វះខាតការគ្រប់គ្រងនគរបាលនៅតាមភូមិជាច្រើនក្នុងរដ្ឋ Alaska។
កាសែត The New York Times បានទទួលរង្វាន់ផ្នែកស៊ើបអង្កេតដោយបានរាយការណ៍លាតត្រដាងអំពីរឿងធ្វើឲ្យជំពាក់បំណុលខ្លាំងនៅក្នុងវិស័យតាក់ស៊ីក្នុងក្រុងញូវយ៉ក។
ពានរង្វាន់ Pulitzer Prizes ត្រូវបានគេប្រគល់ដំបូងនៅឆ្នាំ១៩១៧ ហើយត្រូវបានគេចាត់ទុកថាជាពានរង្វាន់ឧត្តមបំផុតក្នុងវិស័យសារព័ត៌មានសហរដ្ឋអាមរិក។
កម្មវិធីប្រកាសដំបូងគ្រោងធ្វើនៅថ្ងៃទី២០ ខែមេសា ប៉ុន្តែត្រូវពន្យារដោយសារវិបត្តិវីរុសកូរ៉ូណា៕