ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការស្ទង់មតិ​៖ លោកអូបាម៉ា​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការឲ្យ​បាន​ការគាំទ្រ​ប្រឆាំង​នឹង​ក្រុមISIL

  • Jim Malone

លោក​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា។

មន្រ្តី​យោធា​អាមេរិកាំង​ថ្លែង​ថា ការវាយប្រហារ​តាម​អាកាស​របស់​ពួកគេ​ប្រឆាំងនឹង​ពួកសកម្ម​ប្រយុទ្ធរដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​យុទ្ធនាការ​របស់​កងយោធា​ប៉ុណ្ណោះ ហើយ​យុទ្ធនាការនេះ អាច​នឹង​មាន​រយៈពេល​យូរ។ ការស្ទង់មតិ​សាធារណៈជន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិកាំង​គាំទ្រ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​នេះ ក៏ប៉ុន្តែ កិច្ចខិតខំ​ប្រឹងប្រែង​របស់​យោធា​រយៈពេល​យូរប្រឆាំងនឹង​ពួកជ្រុលនិយម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ISIL​នោះ ក៏​អាចស្ទង់មើលពី​ភាពអត់ធ្មត់​របស់​សាធារណៈជន​អាមេរិកាំង​ផងដែរ។

គ្រាដែល​យុទ្ធនាការ​របស់​យោធា​ប្រឆាំង​នឹង​ពួកជ្រុល​និយមISIL ចាប់ផ្តើម​បង្កើន​ឡើង​នោះ កិច្ចប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បី​រក្សា​ការគាំទ្រ​ពី​សំណាក់​សាធារណៈជន​អាមេរិកាំង​ចំពោះ​វិធានការ​ទាំង​នេះ ក៏​បាន​ធ្វើ​ឡើ​ងដែរ។

បន្ថែម​ពី​លើ​ការពង្រឹង​ឲ្យ​មាន​ការគាំទ្រ​នៅ​ក្នុង​ប្រទេស លោក​អូបាម៉ា ក៏​ព្យាយាម​ដើម្បី​ឲ្យ​មាន​ការគាំទ្រ​វិធានការ​ប្រឆាំង​នឹង​ពួកជ្រុលនិយម ISILនេះ​ជា​លក្ខណៈ​អន្តរជាតិ​ផងដែរ ដោយ​លោក​បាន​នាំ​យក​ករណី​ប្រឆាំង​នឹង​ពួកជ្រុលនិយម ISIL នេះ​ទៅ​អង្គការ​សហ​ប្រជាជាតិ។

«គឺ​មិន​អាច​មាន​ហេតុផល និងមិនអាចមាន​ការចរចា​ទេ ជាមួយ​ក្រុមបិសាច​នេះ។ ភាសា​តែ​មួយ​គត់ ដែល​ពួកឃាតករ​ដូចនេះ​អាច​យល់​បាន គឺ​ភាសា​ប្រើ​កម្លាំង​ទ័ព»។

លោក​ប្រធានាធិបតី​អូបាម៉ា បាន​ទទួល​ការគាំទ្រ​ពី​សភា​អាមេរិក ក្នុង​ការអនុវត្ត​ផែនការ​របស់​លោក គឺ​បំពាក់​អាវុធ និង​បណ្តុះបណ្តាល​ពួក​បះបោរ​ស៊ីរី​ នៅ​មុន​ពេល​អ្នកតាក់តែង​ច្បាប់ ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ត្រឡប់​ទៅ​រដ្ឋ​របស់​ពួក​អស់លោក​វិញ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពាក់​កណ្តាល​អាណ្ណត្តិ​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ។ ក៏ប៉ុន្តែ វា​មិនមាន​ភាពច្បាស់លាស់​ទេ​ថា នៅ​ពេល​ណា ឬ​ថា​តើ សភា​នឹង​ជជែក​ដេញដោល​អំពី​អំណាច​ជាក់លាក់​មួយ​សម្រាប់​យុទ្ធនាការ​យោធា​ប្រឆាំង​ពួកជ្រុល​និយម​ISIL នេះ។

អ្នកវិភាគ លោក​John Fortier នៃ​មជ្ឈមណ្ឌល​គោលនយោបាយ​ទ្វេ​ភាគី (Bipartisan Policy Center) ថ្លែង​ថា ជា​ការសំខាន់​ណាស់​សម្រាប់​លោក​អូបាម៉ា ក្នុង​ការរក្សា​ឲ្យ​មាន​ការគាំទ្រ​ទាំង​ពី​សាធារណៈជន និង​ទាំង​ពី​សភា សម្រាប់​បេសកកម្ម​នេះ។

«ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​ត្រូវ​តែ​រក្សា​លំនឹង​ទាំង​សង្ខាង។ អ្នក​ខ្លះ​នៅ​ខាង​ស្តាំ​នឹង​និយាយ​ថា លោក​មិន​បាន​ចាត់វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ទេ មិន​ថា​ដាក់​កងទ័ព​នៅ​នឹង​កន្លែង ឬថា ផែនការ​នេះគ្មាន​ប្រសិទ្ធភាពឡើយ។ ហើយ​អ្នក​នៅ​ខាង​ឆ្វេង​វិញ​នឹង​និយាយ​ថា នឹង​មាន​ការព្រួយ​បារម្ភ​ថា លោក​នឹង​បញ្ជូន​កងទ័ព​ត្រឡប់​ទៅ​ប្រទេស​អ៊ីរ៉ាក់​វិញ»។

អ្នកអភិរក្ស​និយម​ខ្លះ មិន​សប្បាយចិត្ត​ទេ ដោយសារ​លោក​អូបាម៉ា​បាន​បង្ហាញ​ផែនការ​ថា លោក​នឹង​មិន​ប្រើ​កងទ័ព​ថ្មើរ​ជើង តាម​ប្រមាញ់​ពួកជ្រុល​និយមISIL នោះ​ទេ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅក្នុង​កម្មវិធី “Fox News Sunday" កាលពី​ថ្ងៃអាទិត្យ​ទី២១​ខែកញ្ញា​នេះ សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ New York លោក Peter Kingបាន​ថ្លែង​ថា៖

«ខ្ញុំ​មិនដឹ​ង​ហេតុ​អ្វី បាន​ជា​លោក​ប្រធានាធិបតី​និយាយ​តាំងពី​ដំបូង​ថា យើង​នឹង​មិន​ដាក់​កងទ័ព​នៅ​នឹង​កន្លែង​នោះ​ទេ។ កុំ​ដក​សំណើរ​នោះ​ចេញ។ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​សត្រូវ​ដឹង​អ្វី​ដែល​លោក​នឹង​ធ្វើ ហើយ​អ្វី​ដែល​លោក​នឹង​មិន​ធ្វើ​នោះ​ទេ»។

គ្រាដែល​ការស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា សាធារណៈជន​គាំទ្រ​ការវាយ​ប្រហារ​ពួកISILតាម​អាកាស​ក៏ដោយ ក៏​ការគាំទ្រ​នោះ​មិន​រួម​បញ្ចូល​ការដាក់​ពង្រាយ​កងទ័ព​អាមេរិកាំង​លើ​ដី​ទេ។ លោក John Mueller ជា​អ្នកជំនាញ​ខាង​ការស្ទង់មតិ​សាធារណៈជន និង​សង្គ្រាម នៅ​សកលវិទ្យាល័យ​ Ohio State University។

«កិច្ចខិតខំ​ប្រឹងប្រែង​ដែល​មាន​គោលដៅ​ច្បាស់លាស់ មាន​ការគាំទ្រ មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកកាំង​បាត់បង់​ជីវិត​ច្រើន​នាក់​នោះ អាច​មាន​ពលរដ្ឋ​មួយ​ចំនួន​នឹង​អត់ធ្មត់​បាន តែ​បើ​ធំ​ជាង​នេះ គឺ​មិន​អាច​ទៅ​រួច​ទេ។ ពលរដ្ឋ​អាមេរិកាំង ហាក់​ដូចជា មាន​អារម្មណ៍ធុញទ្រាន់​ហួសហេតុ ក្នុងការ​ធ្វើ​សង្គ្រាម​នៅ​បរទេស​នេះ»។

អ្នកជំនាញ​និយាយ​ថា លោកអូបាម៉ា ប្រឈម​នឹង​ឧបសគ្គ​ក្នុងការ​រក្សា​ឲ្យ​មាន​ការគាំទ្រ​ពី​សំណាក់​សាធារណៈជន ចំពោះ​ការចាត់​វិធានការ​ឲ្យ​យោធា​ចូល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​មួយ​ដែល​គ្រោះថ្នាក់ មិន​អាច​ស្មាន​បាន ហើយ​អាច​នឹង​មិន​មាន​ភាពជាក់លាក់។

អ្នកស្រី Karlyn Bowman ជា​អ្នកតាម​ឃ្លាំ​មើល​ការស្ទង់មតិ​សាធារណៈជន នៅ​វិទ្យាស្ថាន American Enterprise Institute។

«ជា​ការលំបាក​ក្នុង​ការនិយាយ​ឲ្យ​ច្បាស់​ថា តើ​ការគាំទ្រ​នេះ​នឹង​មាន​យូរ​ប៉ុណ្ណា។ ក៏ប៉ុន្តែ វា​មាន​ភាពច្បាស់លាស់ បើ​សិន​ជា​យើង ក្រឡេក​មើល​ការស្ទង់​មតិ​សាធារណៈជន​ជា​ប្រវត្តិសាស្រ្ត​នោះ យើង​ឃើញ​ថា ការគាំទ្រ​នឹង​មាន​លំនឹង បើ​សិន​ជា បេសកកម្ម​នោះ​ត្រូវ​បាន​កំណត់​យ៉ាងច្បាស់លាស់ ហើយ​លោក​ប្រធានាធិបតី​ចាត់ការ​វា​បាន​ដោយ​ជោគជ័យ»។

​ជា​ប្រវត្តិសាស្រ្ត​នា​ពេល​ថ្មីៗ​កន្លងទៅ​នេះ​បង្ហាញ​ថា ជា​ដំបូង​សាធារណៈជនគាំទ្រ​បេសកកម្ម​ដ៏​គ្រោះថ្នាក់​របស់​យោធា ក៏ប៉ុន្តែ ការគាំទ្រ​នោះ នឹង​រលាយ​ទៅ​វិញ​យ៉ាងឆាប់​រហ័ស។ ក្រុមហ៊ុន Gallup ដែល​ជា​ក្រុមហ៊ុន​ធ្វើការ​ស្ទង់មតិ​មួយ បាន​រក​ឃើញ​ថា ពលរដ្ឋ​អាមេរិកកាំង​ជាង​៨០ភាគរយ បាន​គាំទ្រ​ការលុកលុយ​របស់​កងយោធា​អាមេរិក​នៅ​អាហ្វហ្កានិស្ថាន​នៅ​ឆ្នាំ២០០១ គ្រាដែលពលរដ្ឋ​អាមេរិកាំង ៦៤ ភាគរយ បាន​គាំទ្រ​ការបញ្ជូន​កងទ័ព​អាមេរិក​ទៅ​ប្រទេស​អ៊ីរ៉ាក់ នៅ​ឆ្នាំ២០០៣។ ក៏ប៉ុន្តែ ការស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​សាព័ត៌មាន Associated Press សហការ​ជាមួយ​ក្រុមហ៊ុន ​GFK បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិកាំង​៣នាក់​ក្នុង​ចំណោម​៤នាក់ ឥឡូវ​នេះ ជឿ​ថា​សង្គ្រាម​ទាំងពីរ​នោះ នឹង​ត្រូវ​គេ​ចាត់​ទុក​ថា អាមេរិក​ទទួល​បរាជ័យ៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់

XS
SM
MD
LG