ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទម្លាប់​ចោល​សំរាម​ពាសវាល​ពាសកាល​តាម​ទី​សាធារណៈ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រជាជន​កម្ពុជា


រូបឯកសារ៖ គំនរ​សំរាម​ដែល​​ភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)
រូបឯកសារ៖ គំនរ​សំរាម​ដែល​​ភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)

ការ​បន្សល់​កាកសំណល់​សំរាម​តែង​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​នៅ​កន្លែង​សាធារណៈ​ណា​មួយ​ ដូចជា​ការ​ប្រគំតន្ត្រី កម្មវិធី​កម្សាន្ត​នានា​ និង​ការ​ប្រកួត​បាល់​ទាត់​នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជាដើម។

បញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រធាន​បទ​ថ្មី​នោះ​ទេ​ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​ឆ្លើយ​តប​ទៅ​ហ្នឹង​បញ្ហា​ដែល​កើត​មាន​ឡើង​ដដែលៗ​ និង​ជា​រៀង​រាល់​ថ្ងៃ​នេះ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ។

ក្រៅ​ពី​កត្តា​អនុវត្ត​ច្បាប់ ​ដែល​នៅ​មាន​ភាព​ធូរ​រលុង និង​យន្ត​ការ​គ្រប់គ្រង​សំរាម​នៅ​មាន​ភាព​ខ្វះខាត​ហើយ​នោះ ការ​មិន​ផ្លាស់​ប្ដូរ​ទម្លាប់​ចាស់​របស់​ពលរដ្ឋ​កម្ពុជា​ កង្វះ​ការ​យល់​ដឹង​ និង​កង្វះ​ការ​ផ្សព្វផ្សាយ​ ក៏​ជា​បញ្ហា​ចម្បង ដែល​បង្ក​ឲ្យ​មាន​បញ្ហា​សំរាម​នៅ​កម្ពុជាផង​ដែរ។

ជា​ទូទៅ​ គេ​កត់​សម្គាល់​ថា ការ​បន្សល់​កាកសំណល់​សំរាម​តែង​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​នៅ​កន្លែង​សាធារណៈ​ណា​មួយ​ ដូចជា​ការ​ប្រគំតន្ត្រី កម្មវិធី​កម្សាន្ត​នានា​ និង​ការ​ប្រកួត​បាល់​ទាត់​នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជាដើម។

ក្រៅ​ពី​នេះ​ គេ​ក៏​ប្រទះ​ឃើញ​សំរាម​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ដង​ផ្លូវ​ ប្រឡាយ​ និង​ទី​ធ្លា​សាធារណៈ។

ក្រោយ​ពី​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​បាន​បញ្ចប់​ទៅ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គេ​ឃើញ​មាន​ការ​ចែក​រំលែក​នូវ​វីដេអូ​ និង​រូបភាព​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​នេះ មាន​ទាំង​ការ​បោស​សំរាមទម្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ ទិដ្ឋភាព​ជន​បរទេស​ជួយ​ប្រមូល​សំរាម​ដែល​ពលរដ្ឋ​កម្ពុជា​បាន​បន្សល់​ទុក​ និង​រូបភាព​សំរាម​នៅ​តាម​ទីតាំង​សាធារណៈ​សំខាន់ៗ​ដែល​គេ​ប្រារព្ធ​ពិធី​បុណ្យ​ជាដើម។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​សង្គម​នៅ​កម្ពុជា​មើល​ឃើញ​ថា​ បញ្ហា​សំរាម​នៅ​កម្ពុជា​នេះ​ ទាម​ទារ​ឲ្យ​មាន​ការ​សហការ​គ្នា​ និង​ការ​ទទួល​ខុសត្រូវ​រួម​គ្នា​ ទាំង​រដ្ឋាភិបាល​ ទាំង​សាធារណជន។

ពួក​គេ​យល់​ថា​ ជាទូទៅ​សាធារណជន​ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​សង្គម​នេះ​ទេ។

លោក​ ណែប​ ស៊ីន​ថៃ​ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ​ កត់​សម្គាល់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​ត្រូវ​បណ្ដុះ​ផ្នត់​គំនិត​នៃ​ការ​ចូលរួម​ពី​សាធារណជន តាម​រយៈ ​ការ​ផ្សព្វផ្សាយ​ និង​បណ្ដុះបណ្ដាល​យ៉ាង​សកម្ម។

«ប្រជាជន​យើង​កុំ​ថា​ឡើយ​សំរាម​ បញ្ហា​អី​ផ្សេង​ទៀត​ដូចជា​រឿង​ចរាចរណ៍​អី​ យើង​ដូច​អត់​មាន​ការ​យល់​ដឹង​បញ្ហា​សង្គម។ ម្នាក់ៗ​យក​រួច​ខ្លួន​ គិត​ថា​មិន​មែន​ជា​បញ្ហា​ខ្លួនឯង​ ចឹង​ចេះ​តែ​បោះ។​ វា​ទាម​ទារ​ឲ្យ​មាន​ការ​យល់ដឹង​ យើង​បណ្ដុះ​តាំង​ពី​កម្មវិធី​សិក្សា​របស់​ក្មេងៗ​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការ​ចូលរួម​តួយ៉ាង​ដូច​រឿង​សំរាម​តិចតួច​នេះ​ជា​រឿង​សំខាន់​ណាស់»។

លោក​ យ៉ង​ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លើក​ឡើង​ថា​បញ្ហា​សំរាម​នេះ​គឺ​ជា​បញ្ហា​រួម​មួយ​ដែល​តម្រូវ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ចូលរួម​ដោះ​ស្រាយ​ទាំង​រដ្ឋាភិបាល​ អាជ្ញាធរ​មូលដ្ឋាន​ ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ និង​សាធារណ​ជន។

លោក​ថា​ ឥរិយាបថ​នៃ​ការ​ចោល​សំរាម​របស់​ពលរដ្ឋ​កម្ពុជា​អាច​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​បាន​នោះ​ លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ទម្លាប់​ចោល​សំរាម​ក្នុង​ធុង​សំរាម​ឲ្យ​បានត្រឹម​ត្រូវ​ ហើយ​ទម្លាប់​នោះ​គួរ​ផ្ដើម​ចេញ​ពី​ការ​ទុក​ដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ​នៅ​ក្នុងក្រុម​គ្រួសារ។

​«យើង​នៅ​តែ​មាន​ទម្លាប់​ក្នុង​ការ​បោះ​ ក្នុង​ការ​ចោល​សំរាម ​តាម​ផ្លូវ​ក៏​ចោល ​នៅ​ក្នុង​ទី​ប្រជុំ​ជន​ក៏​ចោល។ អត្តចរិត​ហ្នឹង​អត់​ទាន់​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ចំណោម​ពលរដ្ឋ​យើង។​ អញ្ចឹង​ការ​គ្រប់​គ្រង​របស់​យើង​នៅ​មាន​បញ្ហា​ដែរ។​ បើ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ត្រូវ​មាន​ការ​ដាក់​ធុង​សំរាម​ឲ្យ​បាន​ច្រើន​កន្លែង​ ហើយ​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​តឹង​រឹង​ដែរ។ អ្នក​ណា​បោះ​ អ្នក​ណា​ចោល​ផ្ដេសផ្ដាស​ត្រូវ​ផាក​ពិន័យ​អី​ទៅ​ ក្រែង​បាន​ល្អ​ខ្លះ។ ​ចង់​ឲ្យ​ដឹង​ខ្លួន​ដោយ​ស្វ័យ​ប្រវត្តិ​មិន​ងាយ​ទេ។ ឥរិយាបថ​ ពេល​ខ្លះ​មិន​កែប្រែ​ដោយសារ​ការ​អប់រំ​ទេ តែ​ដោយសារ​ការ​រឹត​បន្តឹង​ច្បាប់»។

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី​«ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​ទី​ប្រជុំ​ជន» ​ដែល​កំណត់​ឲ្យ​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ។

ក៏​ប៉ុន្តែ រយៈពេល​មួយ​ឆ្នាំ​គត់​ ក្រោយ​អនុក្រឹត្យ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​ណា​មួយ ដែល​បញ្ជាក់​អំពី​ប្រាក់​ពិន័យ​ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ​អ្នក​ចោល​សំរាម​នោះ​ទេ។ នេះ​បើ​តាម​ក៏​ឲ្យ​ដឹង​ពី​លោក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។

លោក ​ខៀវ​ សុភ័គ​ លើក​ឡើង​ថា ​ការ​ផាក​ពិន័យ​អ្នក​ចោល​សំរាមនេះ​គឺ​ជា​បន្ទុក​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន។

«យ៉ាង​ណា​ក៏​ដោយ ​សេចក្ដី​ប្រកាស​ដែល​យើង​ដាក់​ក៏​បាន​កាត់​បន្ថយ​ការ​ចោល​សំរាម​ខ្លះ​ដែរ ​ធ្វើ​ឲ្យ​គាត់​ខ្លាច​រអា​ ថ្វី​ត្បិត​តែ​មិន​បាន​ផាក»។

​លោក​ សៅ​ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ទទួល​ស្គាល់​ថា ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត។

​លោក​បន្ត​ថា ការ​យល់ដឹង​របស់​ពលរដ្ឋ​កម្ពុជា​អំពី​ផល​ប៉ះពាល់​នៃ​ការ​ចោល​សំរាម ​និង​ការ​ចូលរួម​មាន​កម្រិត​ពី​សំណាក់​សាធារណ​ជន​ ក៏​ជា​កត្តា​ប្រឈម​សំខាន់ៗ​ដែរ។

«ការ​ចោល​សំរាម​ ឬ​សំណល់​គ្រប់​ប្រភេទ​ពាស​វាល​ពាស​កាល មិន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន។ វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​ការ​រស់នៅ​ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ ជា​ពិសេស​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ ខូច​នូវ​សោភណភាព​ដល់​ទីក្រុង​ ឬ​ទីប្រជុំជន​ដល់​ប្រទេស​យើង ​ដែល​បញ្ហា​ទាំង​អស់​នេះ ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​ ទេសចរណ៍​អី​ក៏​ប៉ះពាល់​ដែរ នៅ​ពេល​ដែល​ស្ថានភាព​អនាម័យ​ និង​បរិស្ថាន​មិន​ស្អាត»។

លោក ​សៅ​ សុភាព ថ្លែង​ថា​ ការណ៍​នេះ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ណែនាំ​ អប់រំ​ ផ្សព្វផ្សាយ​ ដើម្បី​បង្កើន​ការ​យល់ដឹង​និង​ការ​ចូលរួម​របស់​សាធារណជន​ និង​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នាយក​វិទ្យាស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ លោក​ ណែប​ ស៊ីន​ថៃ លើក​ឡើង​ថា​ ការ​បង្កើត​ច្បាប់ ឬ​ក្រឹត្យ​នានា​ចំពោះ​ការ​គ្រប់​គ្រង​សំរាម​គឺ​ជា​ជំហាន​ប្រសើរ​មួយ​ហើយ ក៏​ប៉ុន្តែ​លោក​ថា​ ការ​អនុវត្ត​ច្បាប់​ទាំង​នោះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទើប​ជា​រឿង​សំខាន់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG