ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោល​នយោបាយ​​​«ភូមិ​ឃុំ​មាន​សុវត្ថិភាព‍»​អត់​ប្រសិទ្ធភាព


ទិដ្ឋភាពទីក្រុង​ភ្នំពេញ​នៅ​បុរី​កីឡា តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)
ទិដ្ឋភាពទីក្រុង​ភ្នំពេញ​នៅ​បុរី​កីឡា តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)

ការណ៍​នេះ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​កម្ពុជា​​​​​​​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​​ដែល​ ​VOA ​បាន​ជួប​សម្ភាស​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​ និង​បញ្ហា​សុវត្ថិភាព​របស់​ពួកគេ ​ដោយសារ​ពួកគេ​សង្កេត​ឃើញ​ថា​ មាន​ករណី​ចោរកម្ម​​​ដូចជា​ឆក់​ ប្លន់ និង​បាញ់​សម្លាប់​ជាដើម ​កើតឡើង​ញឹក​ញាប់​ជា​ពិសេស​នា​រយៈពេល​ចុង​ក្រោយ​នេះ។

ការ​លុប​បំបាត់​អំពើចោរកម្ម​ជា​អាទិ៍ លួច​ ឆក់​ ប្លន់​ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាស់​គឺ​ជា​ចំណុច​២​សំខាន់​នៃ​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​កម្ពុជា។​ ក៏​ប៉ុន្តែ​ប្រសិទ្ធភាព​នៃគោល​នយោបាយ​នេះ​ចំពោះ​ការ​បង្ក្រាប​អំពើ​ចោរកម្ម ​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាស់​ ជាដើម​ហាក់​នៅ​មាន​ប្រសិទ្ធភាព​ទាប​នៅ​ឡើយ។​

ការណ៍​នេះ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ ​VOA ​បាន​ជួប​សម្ភាស​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​ និង​បញ្ហា​សុវត្ថិភាព​របស់​ពួកគេ ​ដោយសារ​ពួកគេ​សង្កេត​ឃើញ​ថា​ មាន​ករណី​ចោរកម្ម​ដូចជា​ឆក់​ ប្លន់ និង​បាញ់​សម្លាប់​ជាដើម ​កើតឡើង​ញឹក​ញាប់​ជា​ពិសេស​នា​រយៈពេល​ចុង​ក្រោយ​នេះ។

លោកស្រី​ផាត់ ស៊ីណេត វ័យ​៤៨ឆ្នាំ​ ជា​អ្នក​លក់ដូរ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ។ លោកស្រី​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​លោកស្រី​បាន​ឮ​ព័ត៌មាន​អំពី​ឃាតកម្ម​ ឆក់ ​ប្លន់​ និង​បាញ់​សម្លាប់​ជា​រៀងរាល់​ថ្ងៃ​នោះ​ ​លោក​ស្រី​ផ្ទាល់​កាន់​តែ​មាន​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​ខ្លួន​ឯង​ ជាពិសេស​នៅពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។​

«ឃើញ​គេ​ផ្សាយ​រាល់​ថ្ងៃ​ បាន​ខ្លួន​ឯង​ក៏​ភ័យ​ហើយ​បារម្ភ។ ​ល្ងាច​ឡើង​ជិះ​ម៉ូតូ​ ចេះ​តែ​ភ័យ​ ទៅដល់​ផ្ទះ​មាន​សុវត្ថិភាព​ សុខ​ទៅ​ ក៏​ធូរ​ក្នុង​ចិត្ត​ទៅ។ ​ព្រលឹម​ឡើង​ចេញ​មក​ភ័យ​ ព្រួយ​បារម្ភ​ទៀត​ហើយ។ ខ្ញុំ​មាន​របស់​តិចតួច​តាម​ផ្លូវ​ចេះ​តែ​ភ័យ​រាល់​ថ្ងៃ។ ​ បើ​គេ​ចង់​បាន​ ឲ្យ​ទៅ​គេ​ទៅ!​ កុំ​ឲ្យ​គេ​បាញ់!​ ខ្លាច​តែ​មួយ​មុខ​ហ្នឹង!​ បាញ់​យើង​ហើយ​យក​របស់​យើ​ង​ទៅ​ យើង​ក៏​ទៅ​បាត់​របស់​យើង​ក៏​បាត់»។​

លោក​អោង សំអាត​ វ័យ​៣៧​ឆ្នាំ​ ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​៣​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ​ មើល​ឃើញ​ថា​ មាន​ករណី​លួច​ ឆក់ និង​ប្លន់​កាន់​កើត​មាន​ឡើង​តែ​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​នៅ​តំបន់​ដែល​សម្បូរ​ភ្ញៀវ​ទេសចរបរទេស​នោះ។លោក​កត់​សម្គាល់​ឃើញ​ទៀត​ថា ករណី​ឃាតកម្ម​បាញ់​សម្លាប់​ក៏​បាន​កើត​មាន​ឡើង​ច្រើន​គួរ​ឲ្យ​បារម្ភ​ផង​ដែរ​ ជា​ពិសេស​ក្រោយ​ករណី​បាញ់​សម្លាប់​អ្នក​វិភាគ​បញ្ហា​សង្គម​គឺ​លោក​បណ្ឌិត​កែម ឡី​ កាល​ពី​ខែ​កក្កដា​នោះ។

«និយាយ​រួម​ទៅ​កើន​ឡើង​ច្រើន​ណាស់​អសុវត្ថិភាព​សង្គម​នោះ។ ​អីចឹង​ ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ ព្រោះ​អី​ដើរ​ហើរ​ទៅណា​មក​ណា​បាញ់​ស្រស់ៗ។​ មាន​ការ​ប្រយ័ត្នខ្លួន​ជាង​មុន​ ដើរ​ផ្សារ ​ដើរ​យប់​ព្រលប់អី​ ដូចជា​មិន​សូវ​មាន​សុវត្ថិភាព​ទេ​ ព្រោះ​ករណី​ប្លន់​បាញ់​សម្លាប់​ ឬ​ផ្ទុះ​អីចឹង​ទៅ​មិន​អាច​នឹង​រក​វែក​មុខ​ឃើញ​ទេ​ គឺ​ថា​ សមត្ថកិច្ច​ខ្សោយ​ក្នុង​ការ​រក​ជន​ដៃ​ដល់។ ​ភាគ​ច្រើន​បាញ់​គឺ​សម្លាប់​មនុស្ស​ ប្លន់​ម៉ូតូ​អី​ហ្នឹង ​ហើយ​រៀង​រាល់​ដែល​ចោរ​ធ្វើ​សកម្មភាព​គឺ​បាន​ដោយ​សុវត្ថិភាព​ទៀត»។​

លោក​សេង គីមស្រៀង​ វ័យ​២៩​ឆ្នាំ​ ជា​បុគ្គលិក​ផ្នែក​ទី​ផ្សារ​មួយ​រូប​ លើក​ឡើង​ថា​ ក្តី​បារម្ភ​អំពី​សុវត្ថិភាព​ និង​អាយុ​ជីវិត​ខ្លួន​ ធ្វើ​ឲ្យ​លោក​ផ្ទាល់​មិន​ហ៊ាន​ប្រើប្រាស់​សម្ភារៈ​ទំនើប​ទេ។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«សម្រាប់​ខ្ញុំ​វិញ​របស់​របរ​ចេញ​មក​ថ្មី​ហ្នឹង​ មិន​ហ៊ាន​ទិញ​ទេ​ ដូច​ម៉ូតូ០១៧​ចេញ​ថ្មី​នេះ។​ ខ្ញុំ​ចង់​បាន​ណាស់​ តែដល់​ពេល​ភូមិ​ឃុំ​យើង​មិន​មាន​សុវត្ថិភាព​ដូច​មុន​ ពីមុន​មាន​ដែរ ​តែ​មាន​តិច​តួច​ តែ​ឥឡូវ​ភ្លែត​ឡើង​បាញ់ ភ្លែត​ឡើង​ផ្ជង់​សម្លាប់។ ​សង្គម​យើង​បច្ចុប្បន្ន​ ឃើញ​ស្តែងៗ​ពេក​អីចឹង​របស់​ទំនើប​ប៉ុណ្ណា​ ល្អ​ប៉ុណ្ណា​ ក៏​លែង​ហ៊ាន​ចង់​បាន​ដែរ។​ មើល​ទៅ​ប៉ូលិស​តាម​គោលដៅ​មួយ​ចំនួន​ក៏​មាន​ដែរ​ តែ​ពេល​កើត​ហេតុ​ហើយ ​ឬ​បាត់បង់​ហើយ​ទើប​ប៉ូលិស​មក​ដល់»។​

គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​ចាប់​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១០​កន្លង​មក​នេះ​គឺ​ជា​យន្តការ​មួយ​ដើម្បី​កាត់​បន្ថយ​បទល្មើស​នៅ​ថ្នាក់​មូលដ្ឋាន​ទូទាំង​ប្រទេស​ រួម​មាន​អំពើ​ចោរកម្ម​ជា​អាទិ៍​លួច​ ឆក់​ ប្លន់​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​ជួញ​ដូរ​មនុស្ស​ គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ សកម្ម​ភាព​ទំនើង​ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាស់​ជាដើម ​ព្រម​ទាំង​បង្កើន​វត្តមាន​កម្លាំង​នគរបាល​នៅ​តាម​មូលដ្ឋាន​ផង​ដែរ។​

VOA ​មិន​ទាន់​អាច​ទាក់ទង​លោក​គៀត ​ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​ទេ​នា​ថ្ងៃ​សុក្រ​នេះ។​ ក៏​ប៉ុន្តែ​លោក​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​បាន​ឲ្យ​ដឹង​ថា​ ​ការ​កត់​សម្គាល់​ករណី​ចោរកម្ម ​និង​ឃាតកម្ម​ប្រចាំ​ថ្ងៃ​នេះ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​នោះ​ទេ។​

លោក​បកស្រាយ​ថា ត្រូវ​មើល​របាយ​កាណ៍​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ​ ទើប​អាច​ប្រៀប​ធៀប​ចំនួន​ករណី​ចោរកម្ម​ និង​ឃាតកម្មនៅ​កម្ពុជា​ថា ​មាន​ការ​កើន​ឡើង​ ឬ​ថយ​ចុះ​នោះ។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​បាន​ឲ្យ​ដឹង​ថា ​ការ​ធានា​សុវត្ថិភាព​ និង​ការ​ការពារអាយុ​ជីវិត​ប្រជាពលរដ្ឋ​គឺ​ជា​កាតព្វកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។ ​ក៏​ប៉ុន្តែ​លោក​ថា​ គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហាក់​មាន​ប្រសិទ្ធ​ភាព​តិចតួច​នៅ​ឡើយ។

«បើ​យើង​មើល​អំពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ រដ្ឋាភិបាល​មក​ដល់​ពេល​នេះ​ ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឲ្យ​មាន​ដំណើរ​អី​ជឿន​លឿន​ទៅ​មុខ​ទេ។ ​មាន​ការ​ចុះផ្សាយ​ស្ទើរ​រៀងរាល់​ថ្ងៃ​ ហើយ​សុទ្ធ​តែ​បាញ់​សម្លាប់​ទៀត។ ​ហើយ​បើ​នៅ​តាម​ជនបទ​ បញ្ហា​គ្រៀន​ញៀន​កំពុង​រាលដាល។ ​រឿង​ទាំង​អស់​នេះ​សុទ្ធ​តែ​ប៉ះពាល់​ដល់​សុវត្ថិភាព​ ភូមិឃុំ​មាន​សុវត្ថិភាព»។​

លោកស្រី​ចក់ សុភាព​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR) ​បាន​ឲ្យ​ដឹង​ថា​ អំពើ​ចោរកម្ម​ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​នៅ​កម្ពុជា​បាន​គំរាម​កំហែង​ដល់​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា។​

«ជា​ការណ៍​ពិត​ វា​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ក្នុង​ការ​រស់​រា​ន​មាន​ជីវិត​ ព្រោះ​កន្លង​មក​ បើ​យើង​មើល​អំពី​អំពើ​ចោរកម្ម​ ឬ​ឆក់​ប្លន់​ជា​ដើម ​មាន​រហូត​ដល់​ការ​បាញ់​សម្លាប់​ជាដើម ជា​ពិសេស​នៅ​ពេល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ចូល​មក​ដល់​សភាព​ការណ៍​មាន​ភាព​វឹកវរ។ ​អីចឹង​ខ្ញុំ​គិត​ថា​ ទាម​ទារ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​ធានា​នូវ​សុវត្ថិភាព​របស់​ពលរដ្ឋ​ ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ»។​

លោក​ស្រី​បន្ត​ថា​ មន្ត្រី​ថ្នាក់​មូលដ្ឋាន​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​បទ​ឧក្រិដ្ឋ​នានា​ និង​ត្រូវ​ធានា​ថា ​ជន​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ និង​ឃាតកម្ម​ទាំង​នោះ​ ត្រូវ​បាន​កាត់​ទោស​ និងដាក់​ទោស​ទណ្ឌ​ ចៀសវាង​មាន​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​ និង​អនុញ្ញាត​ឲ្យ​ជន​ដៃ​ដល់​ទាំង​នោះ​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG