ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រឹត​បន្តឹង​បន្ថែម ខណៈ​ជំងឺ​កូវីដ១៩ រាល​ដាល​ខ្លាំង​ទៅ​តាម​បណ្តា​ខេត្ត


រូបឯកសារ៖ បដា​ធំ​មួយ​បង្ហាញ​ពី​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ បដា​ធំ​មួយ​បង្ហាញ​ពី​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ខណៈ​កម្ពុជា​បន្ត​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ជា​រៀង​រាល់​ថ្ងៃ រដ្ឋបាល​ខេត្ត​មួយ​ចំនួន​បាន​ចាត់​វិធាន​ការ​រឹតបន្តឹង​កាន់​តែ​តឹង​រ៉ឹង​ ជា​ពិសេស​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ ដែល​ជាកិច្ចប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

រដ្ឋបាល​ខេត្ត​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ប្រកាស​អំពី​វិធានការ​របស់​ខ្លួន ក្នុង​ការ​រឹត​បន្តឹង​សកម្មភាព​អាជីវកម្ម និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

នៅ​ក្នុង​សេចក្តី​សម្រេច​ស្តីពី​ការ​អនុវត្តវិធានការ​រដ្ឋបាល​បណ្តោះ​អាសន្ន​រយៈ​ពេល​២​សប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី២ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​មេសា រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រកាស​ផ្អាក​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​ភោជនីយដ្ឋាន និង​ហាង​លក់​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ជា​ដើម ដោយ​មិន​តម្រូវ​ឲ្យ​ទទួល​អតិថិជន​ នៅ​ចន្លោះ​ម៉ោង ៨ ​យប់​ដល់​ម៉ោង​៥​ព្រឹក។ នេះ​ជា​វិធានការ​បម្រាម​គោចរ​ដែល​រដ្ឋបាល​ក្រុងភ្នំពេញ​កំពុង​តែ​អនុវត្ត ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ក្នុង​ពេល​កំណត់​ដូច​គ្នា។

រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ក៏​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ រាល់​សកម្មភាព​កីឡា និង​សកម្មភាព​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំមនុស្ស​ច្រើន​ផង​ដែរ។

ចំណែក​រដ្ឋបាល​ខេត្ត​កំពង់​ចាម​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ទីតាំង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​និង​កែច្នៃ​ទូទាំង​ខេត្ត។ រដ្ឋបាល​ខេត្ត​ក៏​បាន​ផ្អាក​សកម្មភាព​អាជីវកម្ម​ពេល​រាត្រី ដែល​មាន​ភាព​អ៊ូអរ​និង​មាន​មនុស្ស​ជួបជុំ​ក្នុង​ចំនួន​ច្រើនជា​បណ្តោះ​អាសន្ន​ផងដែរ ឬរវាងម៉ោង​៨​យប់​និង​ម៉ោង​៥​ព្រឹក​ ចាប់​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​២១ ខែ​មេសា។

លោក​ ឃន ប្រុស​ នាយក​រដ្ឋបាល​ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា​ខេត្ត​កំពង់ចាម​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​៩​ករណី គិតត្រឹមថ្ងៃ​អង្គារ​នេះ។ លោក​បន្ថែម​ថា​នឹង​មាន​វិធាន​ការ​រឹត​បន្តឹង​ចន្លោះ​ខ្វះ​ខាត​បន្ថែម​ទៀត​ ប្រសិន​បើ​មិន​មាន​ការ​អនុវត្ត​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ​១៩​ឲ្យ​បាន​ពេញ​លេញ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ។

លោក​ប្រាប់​ VOA​ ថា​៖ «អាហ្នឹង​យើង​សង្ឃឹម​ថា ប្រជាពលរដ្ឋក្រោយ​ពី​យើង​ចេញ​វិធានការ​រដ្ឋបាល​ហ្នឹង​ទៅ គាត់​នឹង​ចូលរួម​អនុវត្ត​ទាំង​អស់​គ្នា​។ ហើយ​បើ​សិន​ជា​យើង​ចេញ​វិធាន​ការ​ហ្នឹង​ហើយ វា​នៅ​មាន​សល់​ចំណុច​ខ្វះខាត​អី​ទៅ​ទីណា​ទៀត យើង​ពិនិត្យ​មើល​ជាក់ស្តែង​ការ​ចូលរួម​អនុវត្ត អាហ្នឹង​យើង​នឹង​ចេញ​វិធានការ​មួយ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​គាត់​ចូល​រួម​អនុវត្ត ក្រែង​លោ​យើង​នៅ​មាន​នៅ​ខ្វះ​ចន្លោះ​នៅ​ចំណុច​ណា​នៅ​ពេល​អនុវត្ត​ជាក់​ស្តែង​ទៅ​»។

ចំណែក​លោក សួស សុភ័ក្រ្ត ប្រធាន​មន្ទីរ​ព័ត៌មាន​ប្រចាំ​ខេត្ត​បាត់ដំបង និង​ជា​អ្នក​នាំ​ពាក្យ បាន​ថ្លែង​ប្រាប់​ VOA​ ​ថា​ទោះ​បី​មិន​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ខេត្ត​ក៏​ដោយ រដ្ឋបាល​ខេត្ត​ក៏​កំពុង​ផ្តោត​លើ​ការ​រៀប​ចំ​ឲ្យ​ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ធ្វើ​ចត្តាឡីស័ក​។ លោកបន្ថែម​ថា​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ក៏​កំពុង​ត្រួតពិនិត្យ​តឹងរ៉ឹង​លើ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ផង​ដែរ ដោយ​មាន​ការ​សួរនាំ​ពី​សំណាក់​អាជ្ញាធរ​និង​ការ​ប្រើប្រាស់​ប្រព័ន្ធ QR Code ជា​ដើម​។

នៅ​ក្នុង​សេចក្តីសម្រេច​ចុះ​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះ​អាសន្ន រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅដ្ឋាន​ ឬ​ទីសំណាក់ រយៈពេល​ ១២​ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​ខាង​មុខ។

កាល​ពី​ដើម​ខែ​មេសា រដ្ឋបាល​ក្រុង​ភ្នំពេញ​ក៏​បាន​ដាក់​ចេញ​នូវ​បម្រាម​គោចរ​ពី​លើ​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ​១៩​ទូទៅ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​កុំ​ចាក​ចេញ​ពី​ទីលំនៅ​ ប្រសិន​បើ​មិន​មាន​ការ​ចាំបាច់​ពី​ចន្លោះ​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ព្រឹក​ រយៈពេល​១៤​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា។

លោក​ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​លើកឡើង​ថា​បម្រាម​គោចរ​អាច​នឹង​ត្រូវ​អូស​បន្លាយបន្ថែម​ទៀត ប្រសិន​បើ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​មិន​ទាន់​ថមថយ។

លោក ស៊ឹង​ សែនករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្សអាដហុក មាន​ប្រសាសន៍​ថា​វិធាន​ការ​បង្ការ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩គឺ​មាន​ជា​សាកល។ យ៉ាង​ណាក្តី ការ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​ការ​វិធាន​ការ​នេះ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ដឹង​បាន​ពេញ​លេញ​ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​ដោយ​ឡែក​ យើង​ឃើញ​កម្ពុជា​យើង​ យើង​ប្រើ​វិធាន​ហ្នឹង​ដែរ ក៏​ប៉ុន្តែ​យើង​អត់​ឃើញ​មាន​ការ​ជួយ​គិត​គូរ​ទៅ​ដល់​ការ​ទំនុក​បម្រុង​ទៅ​ដល់​ជីវភាព​អីទាំងអស់​ហ្នឹង​ទេ។ ហើយ​ក្នុង​ហ្នឹង​ទៀត​ ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ក៏​ គេ​បាន​កម្រិត​ ហើយ​មិន​មាន​ការ​ពន្យល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ច្បាស់លាស់​ថា​វា​ជា​ជំងឺ​ដែល​យើង​ត្រូវ​បាន​ការ​ព្រួយបារម្ភ​ទៅ​ដល់​អាយុ​ជីវិត​។ ហើយ​អញ្ចឹង​ឲ្យ​ពលរដ្ឋ​ហ្នឹង​មាន​ការ​យល់​ដឹង​ខ្ពស់​។ ប៉ុន្តែ​ដោយ​ឡែក​ យើង​ឃើញ​ថា​មាន​ការ​ចេញ​នូវ​វិធាន​ការ​រដ្ឋបាល​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​ធ្វើ​ឡើង​លឿនៗ​ ហើយ​បន្ត​បន្ទាប់​ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ពលរដ្ឋ​លោក​អត់​បាន​ជ្រាប​ព័ត៌មាន​បាន​ច្បាស់ ហើយ​ត្រូវ​ទទួល​រង​នូវ​វិធាន​ការ​រដ្ឋបាល​ផ្សេងៗ​»។

កាល​ពី​ថ្ងៃ​ទី១ ខែ​មេសា ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​នូវ​សេចក្តី​ណែ​នាំ​សម្រាប់​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដែល​មាន​ជា​គោល​ដូចជា​ការ​ពាក់​ម៉ាស រក្សា​អនាម័យ​ដៃ និង​រក្សា​គម្លាត​សុវត្ថិ​ភាព​បុគ្គល​នៅ​ទី​វត្តអារាម ការ​ស្នើ​ឲ្យ​ផ្អាក​រាល់​ដំណើរ​កម្សាន្ត​ដែល​មិន​ចាំបាច់ ការ​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ការ​ចម្លង​ជំងឺ​និង​អនាម័យ​បុគ្គល​ជា​ដើម។

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០កុម្ភៈ ចំនួន​២.២​៩៣​ករណី​ និង​មាន​អ្នក​ស្លាប់​ចំនួន​២៣​នាក់​៕

XS
SM
MD
LG