ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទាមទារ​នៅ​បន្ត​ឱ្យ​ដោះលែង​លោក​កឹម សុខា​មាន​សេរីភាព​ទាំងស្រុង


រូបឯកសារ៖ អ្នកគាំទ្រម្នាក់កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកគាំទ្រម្នាក់កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

លោកសម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ប្រាប់​ដល់​អ្នក​គាំទ្រ​នៅ​ក្នុង​ប្រទេស​កាណាដា​ថា​ ការ​ដោះលែង​លោកកឹម សុខា​ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

ការ​ផ្ទេរ​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ពី​ពន្ធនាគារ«ម៣‍» មក​ដាក់​នៅ​ក្រោម​ការ​ឃុំខ្លួន​ក្នុង​លំនៅដ្ឋាន​ មិន​បាន​ធ្វើ​ឱ្យ​ភាព​តានតឹង​នយោបាយ​ធូរស្រាល​ទេ ហើយ​មន្ត្រី​គណបក្ស​និង​សកម្មជនសិទ្ធិ​មនុស្ស​ បន្ត​ដឹកនាំ​យុទ្ធនាការ​អន្តរជាតិ​ទាមទារ​ឱ្យ​លោក​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​បក្ស និង​សកម្មជន​សិទ្ធិ​មនុស្ស។

លោកស្រី​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា៖

«ចំពោះ​យើង ​ក៏ដូចប្រជាពលរដ្ឋ​ខ្មែរ​ដែរ គឺ​យើង​ចង់​សូម​ឱ្យ​ឃើញ​ថា​ជា​ការ​ដោះ​លែង​១០០ភាគរយ​ មិនមែន​ពី​កន្លែង​ឃុំឃាំង​មួយ​ទៅកន្លែង​ឃុំឃាំង​មួយ​ទៀត​ទេ​ ដូច​ជា​ផ្ទេរ​ពីកន្លែង​ឃុំឃាំង​នៅ​ត្រពាំងផ្លុង​ មក​ឃុំឃាំង​នៅ​គេហដ្ឋាន​របស់លោក​ប្រធាន​កឹម សុខា‍»។

លោកកឹម សុខា​ ត្រូវបាន​ដោះលែង​កាលពី​ពេល​ជិតភ្លឺ​ថ្ងៃច័ន្ទ ​ក្រោយ​ពី​ជាប់​ពន្ធនាគារ​ជាង​១ឆ្នាំ ​ក្រោម​បទចោទប្រកាន់​ថា​ក្បត់ជាតិ​ ដោយ​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។

លោកស្រីមូរ សុខហួរ ​បញ្ជាក់​ថា ​មន្ត្រី​គណបក្ស​នៅតែ​មិន​អាច​ទំនាក់ទំនង​ជាមួយ​នឹង​លោក​កឹម សុខា​ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ពួកគេ​នៅបន្ត​ធ្វើ​យុទ្ធនាការ​អន្តរជាតិ​ ដើម្បី​ស្នើ​ឱ្យ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ពេញលេញ។

«យើង​នៅ​បន្ត ​លុះតា្រ​តែ​គោលដៅ​របស់​យើង​ គឺ​ការ​បំពេញ​នូវ​អ្វី​ដែល​ជា​ឆន្ទៈ​របស់​ប្រជារាស្ត្រ​យើង​បាន​សម្រេច​ គឺ​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​ចាប់ផ្តើម​ពី​ការ​ដោះលែង​ជា​ស្ថាពរ​ដោយ​ឥតលក្ខខណ្ឌ​ជា​បន្ទាន់​នៃ​រូប​លោក​ប្រធាន​កឹម សុខា​ ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​‍យើង»។

ការ​ដោះលែង​លោកកឹម សុខា​ កើតឡើង​តែ​ក្នុង​រយៈពេល​បួនថ្ងៃ មុនពេល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​សភា​សហគមន៍​អឺរ៉ុប ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​ដើម្បី​ពិនិត្យ​មើល​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​ប្រទេស​អ៊ូហ្កង់ដា ភូមា និង​កម្ពុជា នៅ​ថ្ងៃព្រហស្បតិ៍​ ទី១៣ ខែកញ្ញា​ខាងមុខនេះ​ ហើយ​ពួកគេ​នឹង​លើក​យក​ករណី​លោក​កឹម សុខា មក​ពិភាក្សា​ដេញដោល។

កិច្ច​ប្រជុំ​នោះ​ជា​កិច្ច​ប្រជុំ​ ដែល​នឹង​មិន​ចេញ​ជា​សេចក្តី​សម្រេច​ដែល​តម្រូវ​ឱ្យ​អនុវត្ត​តាម​ទេ​ ប៉ុន្តែ​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា​ វា​ជា​សារ​ថ្មី​មួយ​ទៀត​ដែល​នឹង​រំលឹក​ដល់​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ពី​ក្តី​បារម្ភ​ដែល​បន្ត​មាន​នៅ​សហគមន៍​អឺរ៉ុប​ ជាពិសេស​ក្នុង​ពេល​ដែល​សហគមន៍​អឺរ៉ុប​កំពុង​តែ​ពិនិត្យ​មើល​ឋានៈពន្ធ​អនុគ្រោះ «រាល់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍» ​ដែល​កម្ពុជា​ទទួល​បាន​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប។

លោកយ័ប គឹមទុង ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ការ​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា បង្ហាញ​ថា​នយោបាយ​ស្រុកខ្មែរ​នៅតែ​តានតឹង​ដដែល។

«ពួក​យើង​នឹង​ធ្វើ​សកម្មភាព​តទៅមុខ​ទៀត ពីព្រោះ​យើង​មិន​យល់​ស្រប​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុកខ្មែរ​សព្វថ្ងៃ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ។ បើ​គិត​ទៅ​ប្រជាជន​យើង​អត់​មាន​សេរីភាព​ទេ​ មាន​ការ​គំរាមកំហែង​ពី​រដ្ឋាភិបាល​ចង់​ចាប់​អ្នកណា​ក៏​បាន​ដោយ​គ្រាន់តែ​ចោទ​ក្បត់ជាតិ ហើយ​ការ​ចោទ​វា​ធំ​ទូលំ​ទូលាយ​ម្ល៉ោះ​ហើយ​មាន​ន័យ​ថា​ រដ្ឋាភិបាល​ចង់​ចាប់​អ្នកណា​ក៏បាន‍»។​

លោកស្រី​មីសែល បាឆែលលែត ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​បាន​ថ្លែង​កាលពី​ថ្ងៃច័ន្ទ​ស្វាគមន៍​ការ​ដោះលែង​លោកកឹម សុខា​ និង​ស្នើ​ថា​«រដ្ឋាភិបាល​គួរតែ​ដោះលែង​ និង​ទម្លាក់​ការ​ចោទ​ប្រកាន់»​ ទៅ​លើ​អ្នក​នយោបាយ​ទាំងអស់​ អ្នក​សារព័ត៌មាន​ និង​ប្រជាពលរដ្ឋ​សាមញ្ញ​ក្នុង​ពេល​កន្លងមក​នេះ។

លោកសម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ប្រាប់​ដល់​អ្នក​គាំទ្រ​នៅ​ក្នុង​ប្រទេស​កាណាដា​ថា​ ការ​ដោះលែង​លោកកឹម សុខា​ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ លោក​ទាមទារ​ឱ្យ​មាន​ការ​ប្រគល់​សិទ្ធិ​ដល់​មន្ត្រី​គណបក្ស​ចំនួន​១១៨​នាក់​ ដែល​តុលាការ​បាន​ដាក់​ក្នុង​បញ្ជី​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ និង​បញ្ហា​ធំៗ​មួយ​ចំនួន​ទៀត។

«ជា​ជំហាន​បន្តបន្ទាប់​ទៀត​ យើង​ត្រូវ​តែ​ទាមទារ​ការ​អនុញ្ញាត​បើក​ផ្លូវ​ឱ្យ​សង្គ្រោះ​ជាតិ​ដំណើរការ​វិញ។ យើង​ត្រូវ​តែ​ទាមទារ​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះជាតិ​១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ យើង​ត្រូវ​តែ​ទាមទារ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះជាតិ​៥០០៧រូប​ ទទួល​តំណែង​របស់​ខ្លួន​ឡើងវិញ។ យើង​ត្រូវ​តែ​ទាម​ទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ថ្មី​មួយ​ ដោយ​មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ហើយ​នឹង​មានការ​ត្រួតពិនិត្យ​ពី​សហគមន៍​អន្តរជាតិ‍»។​

ក្នុងពេល​ធ្វើ​ដំណើរ​ជួបជុំ​អ្នកគាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ លោក​សម រង្ស៊ី​ ក៏​បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ បង្កើន​ការ​ជួប​ទាក់ទង​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​របស់​ខ្លួន​ ដើម្បី​ស្នើ​សុំ​ឱ្យ​អនុម័ត​ច្បាប់​ចំនួន​ពីរ​សម្រាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ​និង​បក្ស​ពួក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

មាន​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១៥នាក់​ផ្សេង​ទៀត​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែង​ទោស​ និង​ដោះលែង​ចេញពី​ពន្ធនាគារ ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​សភា​ទាំង​អស់​ចំនួន​១២៥ ហើយ​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង និង​ក្នុងពេល​ដែល​អន្តរជាតិ​គំរាម​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ និង​ការទូត​បន្ថែម​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG