លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យត្រូវបានដោះលែងឲ្យនៅក្រៅឃំុ។ នេះបើយោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៣ព្រឹក ចូលថ្ងៃចន្ទ ទី១០ ខែកញ្ញានេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ៕