ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាង​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​៣០០​នាក់​តវ៉ា​នៅ​មុខ​រដ្ឋសភា​ប្រឆាំង​ច្បាប់​អង្គការ

  • នៅ វណ្ណារិន

​ប្រជាពល​រដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ជាង​៣០០​នាក់​ បាន​ដាក់​ញាត្តិ​ដើម្បី​ស្នើ​ឲ្យ​សភា​ជាតិ​ធ្វើ​ការ​ច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស នៅ​មុខ​រដ្ឋ​សភា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១៥។​

បាតុករ​ស្រែក​តវ៉ា​បដិសេធ​ច្បាប់ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ​សម្រែក​នេះលាន់កង​រំពង​មុខ​រដ្ឋ​សភា​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ ខណៈ​ពេល​ដែលគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ធ្វើការ​សម្រេច​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

សកម្ម​ជន​ដីធ្លី​ សិទ្ធិ​មនុស្ស​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ ​និងប្រជា​ពលរដ្ឋ​ប្រហែល​៣០០​នាក់ ​ព្រម​ទាំង​ព្រះ​សង្ឃ​ជាច្រើន​អង្គ ​បាន​ដង្ហែ​ញត្តិជូន​រដ្ឋ​សភា​ដើម្បី​ស្នើឲ្យច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ ដោយ​ពួកគាត់​យល់​ថា​ នេះ​ជា​ការ​ដាក់​កំហិត​ និង​ការ​រឹត​បន្តឹងដំណើរ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​ ហើយ​សមាគម​ និង​អង្គការ​តូចៗ​ថ្នាក់​មូល​ដ្ឋាន​ប្រហែល​២៥.០០០​អាច​នឹងបិទទ្វារ ​ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​អនុម័ត​ដោយ​មិន​មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ហ្មត់ច៉ត់​នោះ។​

ដោយ​កាន់​បដារ​ពណ៌ក្រហម ​លាយ​ស ​និង​ខ្មៅ​លាយ​ក្រហម​ ​ដែល​រំលេចពាក្យ​ថា​ «ចូរ​និយាយ​ទេ!​ ច្បាប់​សហជីព​ ​សមាគម​និង​អង្គការ»​ មិន​មែន​រដ្ឋាភិបាល​ ​ក្រុម​បាតុករ​បាន​ថ្លែង​ចំៗ​នៅមុខ​រដ្ឋ​សភា​ថា ​ ពួក​គាត់​នឹង​មិន​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​លើក​ដៃ​គាំទ្រ​ អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ចេតនា​ដាក់​កំហិត​លើ​សេរីភាព​របស់​ពួកគាត់​នេះ​ទេ។​

លោក​ ស៊ុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ទទួល​ញាត្តិ​ពី​ប្រជាពល​រដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ស្នើ​ឲ្យ​សភា​ជាតិ​ធ្វើ​ការ​ច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស នៅ​មុខ​រដ្ឋ​សភា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១៥។​
លោក​ ស៊ុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ទទួល​ញាត្តិ​ពី​ប្រជាពល​រដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ស្នើ​ឲ្យ​សភា​ជាតិ​ធ្វើ​ការ​ច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស នៅ​មុខ​រដ្ឋ​សភា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១៥។​

តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​ ពួក​គេ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «យើង​ជា​ប្រជា​ពលរដ្ឋ​ ជា​ម្ចាស់​ឆ្នោត​ សូម​ជំរាប​ទៅ​តំណាង​រាស្ត្រ​ទាំង​១២៣​រូប​ឲ្យ​ដឹង​ថា​ យើង​នឹង​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​លើក​ដៃ​អនុម័ត​ច្បាប់​ចំពោះ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល!»។​

លោក​មី សុវណ្ណ​ បុគ្គលិករបស់​សមាគម​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​ សមាគមធាង​ត្នោត​ដែល​ចូល​រួម​ដាក់​ញត្តិ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​និយាយ​ថា ​បុគ្គលិក​ស្ទើរតែ​ទាំងអស់​របស់​សមាគម​បាន​ចូលរួម​ដាក់​ញ្ញត្តិ​ទាមទារ​ឲ្យ​សភា​បញ្ឈប់​ដំណើរ​ការ​អនុម័ត​សេក្តី​ព្រាង​ច្បាប់​នេះ។​ ​លោក​មី សុវណ្ណបាន​បញ្ជាក់ពីក្តី​បារម្ភថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ជា​ច្រើន​បាត់បង់​ការងារ​នា​ពេល​ខាង​មុខ។​

«ខ្ញុំ​គិត​ថា​ អង្គការ​មួយ​ចំនួន​នឹង​ត្រូវ​បិទ​ទ្វារ​ ហើយ​បុគ្គលិក​មាន​ការ​បាត់បង់​ការងារ​បណ្តើរៗ​ ពេល​ដែល​ច្បាប់​នេះ​ចេញ​មក។​ ណា​មួយ​ទៀត​ ទាក់​ទង​នឹង​ជំនួយ​ពី​បរទេស​ផ្សេងៗនឹង​មាន​ការ​រឹតត្បិត​ផង​ដែរ​ក្នុង​ការ​ជួយ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ»។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ និង​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញនេះ​ តំណាង​អង្គការ​ធំៗ​ជាង​១០​បាន​ចូល​ជួប​សម្តែងក្តី​បារម្ភ​របស់​ខ្លួន​ទាក់​ទិន​នឹង​ច្បាប់​នេះប្រាប់លោក​កឹម សុខា​ និង​សម រង្ស៊ី ​មេ​ដឹកនាំគណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​សភា។ ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ​រួមមាន​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​ថា​ NGO Forum​ អង្គការ​តម្លាភាព​កម្ពុជា​ TI ​ មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ និង​អង្គការ​ Pact Cambodia​ ជា​ដើម។​ អង្គការ​ធំៗ​ជាង​១០​នោះ​គឺ​ជា​តំណាង​អង្គការ​ជាង​៣០០​រយ​ផ្សេង​ទៀត​ដែល​ចូល​រួម​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ និង​ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​យោបល់​ឲ្យ​បាន​ច្រើន​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ។​

បន្ទាប់​ពលរដ្ឋធ្វើ​ការ​ឈរ​តវ៉ា​ជាង​២​ម៉ោង​នា​មុខ​រដ្ឋ​សភា ​លោក​សុន ឆ័យ​សមាជិក​រដ្ឋ​សភា​ពី​គណបក្ស​ជំទាស់​ និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​មក​ទទួល​ញ្ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា។​ ​ លោក​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា​ ប្រធាន​ក្រុម​ភាគតិច​របស់​លោក​គឺ​លោក​សម រង្ស៊ី​បាន​ចូលរួម​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដើម្បី​ជជែក​អំពី​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ។​

លោក​បាន​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន​ ដែលទម្លាប់ពី​ដើម​ចំពោះ​ការ​ធ្វើ​ច្បាប់​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​សង្គម​ ឬ​ក៏​ច្បាប់​នានា​ដែល​រដ្ឋាភិបាល​បញ្ជូន​មក​គឺមាន​ការ​ប្រញាប់​ប្រញាល់​គ្មាន​ការ​ពិគ្រោះ​យោបល់​ជា​មួយ​នរណាទេ។​ លើក​នេះ​ហាក់​ដូច​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដែរ​ ហើយ​មាន​ការ​សង្ឃឹម​ថា ​នឹង​មាន​ការ​សួរ​នាំគណបក្ស​សង្គ្រោះ​ជាតិ​ដែរ»។

លោក​សុន ឆ័យ​ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សា​ជាថ្មី ​ដូច​អ្វី​ដែល​ប្រធាន​គណបក្ស​សង្គោះ​ជាតិ​និយាយ​ថា​ នឹង​ព្យាយាម​រិះរក​វិធី​សាស្ត្រ​ដើម្បី​ទប់​ស្គាត់​សេចក្តី​ព្រាង​ច្បាប់​នេះ​ ឬ​ព្យាយាម​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពល​រដ្ឋ​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ ឲ្យ​បាន​ច្រើន​ទាក់​ទិន​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ។​

ទោះ​បី​ជា​មាន​ការ​តវ៉ា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ដែលមាន​សមាជិក​និង​ប្រធាន​ចំនួន​១៣​រូប​ បាន​សម្រេចបញ្ជូនសេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ទៅ​គណៈកម្មការទី៥​នៃ​រដ្ឋ​សភា​ដែល​និង​ត្រូវ​ធ្វើ​ការ​សិក្សា​ និង​វាយ​តម្លៃ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ​មុន​ពេល​សម្រេច​ថា ​តើ​ត្រូវ​ដាក់​ចូល​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ឬ​បង្វិល​ជូន​រដ្ឋាភិបាល​វិញ។​

លោក​ឈាង វុន​ អ្នក​នាំពាក្យ​រដ្ឋសភា​ និង​ជា​ប្រធាន​គណៈ​កម្មការ​ទី​៥​នៃ​រដ្ឋសភា​ដែល​នឹង​ធ្វើ​ការ​លើ​សេចក្តី​ព្រាង​នេះ​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា​ លោក​នឹង​ធ្វើ​ការ​ពិភាក្សាជា​មួយ​ភាគី​ដែល​ពាក់​ព័ន្ធ​មុន​ពេល​សម្រេច​ដាក់​ឲ្យ​មាន​កិច្ចពិភា​ក្សា​មួយ​ ឬ​ច្រើន​នៅ​ពេល​ខាង​មុខ។​ ​ លោក​បាន​លើក​ឡើង​ថា​ សមាជិក​សភា​មិន​មាន​ក្តី​កង្វល់​ចំពោះ​ការ​គំរាម​និង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​មុខ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​អង្គារនេះ​ទេ​ ​ដោយ​ពួកគាត់គ្រាន់​តែ​តំណាង​ឲ្យ​ចំនួន​អង្គការ​ភាគ​តិច​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG