ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​​នៅ​មុខ​រដ្ឋ​សភា ទាម​ទារ​ឲ្យ​សភា​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល

ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

ប្រជា​ពលរដ្ឋ និង​សកម្មជន​សិទ្ធិ​មនុស្ស​រួមទាំង​សកម្មជន​ដីធ្លី​ប្រមាណ​ជា​២០០​នាក់​បាន​បើក​យុទ្ធនាការ​រយៈពេល​បី​ថ្ងៃ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋសភាលុប​ចោល​សេចក្តី​ព្រាងច្បាប់​ស្តី​ពីសមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលដ៏ចម្រូងចម្រាស​។ ​ក្រុម​សកម្មជន​បានថ្លែង​ថា ​ច្បាប់​នេះ​រឹតត្បិត​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។​

ជាមួយ​នឹងបទចម្រៀង​មាន​ចំណងជើង​ថា «យើង​មិនត្រូវការ​ច្បាប់​នេះ​ទេ» ពួក​អ្នក​តវ៉ា​បាន​ស្រែក​ច្រៀងខ្លាំងៗនៅ​ពី​មុខ​រដ្ឋសភាជាតិ​ សុំឲ្យ​រដ្ឋសភា​កុំ​ធ្វើការ​អនុម័ត​ច្បាប់​ដែល​មាន​ចេតនា​ចាប់​បង្ខំ​អង្គការ​និង​សមាគ​ម​ចំនួន​ជាង​៤០០០​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​

​ឈរនៅ​ចំពីមុខ​រដ្ឋសភា​ជាតិ​ លោក ធន់ សារាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កម្ពុជា​មិនត្រូវ​ការ​ច្បាប់​ដែល​មាន​លក្ខណៈរឹតត្បិត​សកម្មភាព​ការងារ​របស់​សមាគម​និង​អង្គការក្រៅ​រដ្ឋាភិបាល​នេះ​ទេ​ ដោយ​លោក​សង្កត់​ធ្ងន់ថា​ ក្រុម​សង្គម​ស៊ីវិល​នឹង​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋខ្មែរ​មិន​បោះ​ឆ្នោត​ឲ្យ​តំណាងរាស្រ្តគណបក្ស​នយោបាយ​ណា​ដែល​អនុម័ត​ច្បាប់​នេះ។

ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

«យើង​គិត​ថា​ម្ចាស់​ឆ្នោត​គេ​ពិចារណា​ហើយ​ថា ​តើ​គួរ​ជួយ ​គួរ​បោះ​ឆ្នោត​ឲ្យ​គណបក្សនោះ​ដែរ​ឬ​អត់ ​ពីព្រោះ​ថា​ នៅ​ពេល​ដែល​គេមក​ចងដៃ​ចងជើង​អ្នក​ជួយ​ប្រជាពលរដ្ឋតើយើង​ដែល​ជា​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​អំណាចម្ចាស់​ឆ្នោត​នោះ តើយើង​នៅ​ស្ងៀម​ទៀត​ទេ​នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​មួយ​លោក ​ឬមួយ​ក៏គណបក្សដទៃ​ទៀត​លោកនាំ​គ្នា​អនុម័តច្បាប់​មួយ​ដែល​មក​ចងដៃ​ចង​ជើង NGO ជា​អ្នក​ជួយដល់​ប្រជាពលរដ្ឋ​យើង​ជា​ទូទៅ​នេះ»។​

លោក អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ថ្លែងថា ច្បាប់​នេះ​មាន​លក្ខណៈ​ផ្ទុយគ្នា​ពីច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ និងបង្កប់​ដោយ​ខ្លឹមសារ​នយោបាយ​មិន​បម្រើ​ប្រយោជន៍​ប្រជាជន​ខ្មែរ។​

ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

«​ច្បាប់​សហជីព​អង្គការ​និង​សមាគម​ក្រៅ​រដ្ឋាភិបាល​ដែល​ព្រាងសព្វថ្ងៃ​ហើយ​បញ្ជូន​ដល់​រដ្ឋសភានេះ​គឺ​ជាការបំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ទៅ​វិញ​។​ អញ្ចឹង​ហើយ​បាន​យើង​យល់​ឃើញ​ថា ច្បាប់​នេះ ​គឺ​ជា​ច្បាប់​មួយ​ដែល​មាន​ចរិក​ជា​នយោបាយ មិន​បម្រើ​ផល​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ក៏​ដូច​ជាអង្គការ​សមាគម​និងសហជីព»។

ការ​តវ៉ា​ទាមទារ​ឲ្យ​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់នេះ​ បាន​កើត​ឡើង​ជាបន្តបន្ទាប់​នៅ​ក្នុង​ខែ​មិថុនា​នេះ​ ខណៈពេល​ដែល​ច្បាប់​នេះ ​ត្រូវបាន​សម្រេច​ដោយ​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​នៃរដ្ឋសភា​នាពេល​ថ្មីៗ​នេះ។

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ តំណាង​អង្គការ​ធំៗ​ចំនួន១០​បាន​ចូល​ជួប​សម្តែងក្តី​បារម្ភ​របស់​ខ្លួន​ផងដែរ​ទាក់​ទិន​នឹង​ច្បាប់​នេះប្រាប់លោក ​កឹម សុខា​ និងលោក សម រង្ស៊ី ​មេ​ដឹកនាំគណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​សភា។ ​

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ​រួមមានអង្គការ​ NGO Forum​ អង្គការ​តម្លាភាព​កម្ពុជា​ TI ​ មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ និង​អង្គការ​ Pact Cambodia​ ជា​ដើម។​ អង្គការ​ធំៗ​ជាង​១០​នោះ​ គឺ​ជា​តំណាងអង្គការ​ជាង​៣០០​ផ្សេង​ទៀត​ ដែល​ចូល​រួម​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ និង​ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​យោបល់​ឲ្យ​បាន​ច្រើន​លើ​សេចក្តី​ព្រាងច្បាប់​មួយ​នេះ។​

ទាក់ទិន​នឹង​សំណើរ​ឲ្យ​ពិចារណា​លុប​សេចក្តី​ព្រាង​ច្បាប់នេះ​ លោក ឈាង វុន​ តំណាងរាស្រ្ត​គណ​បក្សប្រជាជន​កម្ពុជា​ និង​ជាអ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ថា សភានឹង​មិន​ព្រម​ធើ្វ​តាម​ការ​ស្នើរសុំ​របស់​ក្រុម​អ្នក​តវ៉ានេះឡើយ​ ដោយ​លោក​បាន​បញ្ជាក់​ថា ​រដ្ឋសភាព​នឹងបន្តធ្វើការ​ពិភាក្សា​អនុម័ត​ច្បាប់​នេះ។

«​វាអត់​មាន​រឿង​បន្ត​មិន​ប​ន្តទេ ​តួនាទី​របស់​រដ្ឋសភា​គឺត្រូវ​តែធ្វើការ​ពិភាក្សា​និង​អនុម័ត​ច្បាប់ជូន​ប្រជាពលរដ្ឋ​មិនមែន​អង្គការ​ម៉ា​ដំប​ស្វា​ហ្នឹង​មក​ទប់ស្កាត់​ការងារ​របស់តំណាង​ប្រជាពលរដ្ឋ​១២៣​រូបនេះ​កើតទេ»។​

​ក្រុម​អ្នក​តវ៉ា​ជា​សកម្មជន​សិទ្ធិ​មនុស្ស ​និង​ដីធ្លី ក៏បាន​ដើរ​ហែរ​ជុំវិញ​សភាជាតិ​ពីរដង​ដែរ​នៅ​ថ្ងៃអាទិត្យ​នេះ។​

យុទ្ធនាការ​តវ៉ាឲ្យ​លុបចោល​សេចក្តី​ព្រាងច្បាប់​នេះ​ ​មាន​រយៈពេល​បី​ថ្ងៃនឹង​បន្ត​ទៅនៅ​ថ្ងៃស្អែក​ទៀត​ដោយអង្គការ​សង្គមស៊ីវិលនិង​បង្ហោះ​ប៉េងប៉ោង​ និង​លើក​បង្ហាញ​សារនៅ​ការិយាល័យ​របស់​ពួកគេ​ដែល​សរសេរថា «និយាយ​ថា​ទេ​ ច្បាប់​សហជីព ច្បាប់​សមាគម និង​អង្គការ។​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​បី​នៃ​យុទ្ធនាការ​នេះ ក្រុម​អ្នក​មិនពេញ​ចិត្ត​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​ដើរ​ហែរក្បួន​នៅ​តាម​វិថី​ធំៗ​ចំនួន​បួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​លុប​ចោល​ទាំង​ស្រុង​នៅ​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរនេះ៕

XS
SM
MD
LG