ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បង្ហោះប៉េងប៉ោង​សុំ​ឱ្យ​បញ្ឈប់​ច្បាប់​អង្គការ


ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព ច្បាប់​សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព ច្បាប់​សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

ក្រុម​អង្គការ​សង្គមស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ​បាន​បន្ត​យុទ្ធនាការ​របស់​ពួក​គេ​ដូចការ​គ្រោង​ទុក​ក្នុង​ការ​បង្ហោះ​ប៉េងប៉ោង​និងបង្ហាញសារ​ដែលសរសេរ​ថា ​«និយាយ​ថាទេ!ច្បាប់​សហជីព ច្បាប់​សមា​គម និង​អង្គការ» ហើយ​ពួកគេ​ក៏ត្រៀម​ផងដែរ​ដើម្បីដើរ​ហែរ​ក្បួន​នៅ​លើ​វិថីធំៗចំនួន​បួន ​ដើម្បី​ផ្សព្វផ្សាយ​ពីគោលបំណង​របស់​ពួក​ក្នុង​ការ​មិន​ឲ្យអនុម័តច្បាប់​នេះ។

ការ​បន្ត​យុទ្ធនាការ​របស់​ពួក​គេ​នៅថ្ងៃ​នេះ​ ធ្វើឡើង​ក្រោយ​ពី​ការ​ជួបជុំ​របស់​ពួក​គេ​កាល​ពីថ្ងៃ​អាទិត្យ​នៅ​មុខ​រដ្ឋ​សភា​ជាតិ ​ដើម្បី​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្តីព្រាង​ច្បាប់​ដែល​មាន​ការ​រឹតបន្តឹង​លើ​សិទ្ធិ​សេរីភាព​ក្នុងការធ្វើ​ប្រតិបតិ្តការ​សកម្មភាពបម្រើប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។​

លោក អំ សំអាត​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ប្រាប់វីអូអេ​នៅថ្ងៃនេះ​ថា​ បុគ្គលិកនៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាមបណ្តា​ខេត្ត​បាន​ចាប់ផ្តើម​យុទ្ធនាការ​នេះ​ ទៅ​តាម​គម្រោង​ដែល​បាន​រៀប​ចំ​ ហើយ​ថា​ ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​អង្គការសង្គមស៊ីវិល​ជា​ដៃ​គូ​ឯទៀត​នឹង​ធ្វើ​ការ​ដើរ​ហែរ​ក្បួន​នៅ​ថ្ងៃ​ស្អែក​នេះ។​

«បាទនៅ​តាម​ការិយាល័យអង្គការ​លីកាដូ​ទាំង​ភ្នំពេញទាំង​បណ្តាខេត្ត ​គឺ​មាន​ការ​បង្ហោះ ហើយ​មិន​តែ​លីកាដូ​ទេ​មាន​អង្គការ​ដៃ​គូ​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជ​ធានី​ភ្នំពេញ​ហ្នឹង​ក៏​ចូល​រួមនៅ​ក្នុងបង្ហោះ​ប៉េង​ប៉ោង​ហ្នឹង​ដែរ​ អញ្ចឹង​មាន​អង្គការ​ច្រើន​ណាស់​ដែល​បាន​និង​បង្ហោះ​ប៉េងប៉ោងដូច​ការ​គ្រោង​ទុក​នៅ​ព្រឹក​មិញ​ទាំង​ជាតិ​និង​អន្តរជាតិ»។

លោក​បាន​ឲ្យ​ដឹង​ដែរថា អ្នកដឹកនាំនិង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពុំបាន​សុំការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​សម្រាប់​ការ​ហែរក្បួន​ដោយ​សន្តិវិធីនេះ​ទេ ដោយ​លោក​ពន្យល់​ថា សាលាក្រុង​នឹង​មុខ​ជា​មិន​ផ្តល់​ការ​អនុញ្ញាត​នោះឡើយ។

ឆ្លើយ​តប​ទៅ​នឹងការ​ដើរ​ហែរក្បួន​នេះ​ លោក​ឡុង ឌីម៉ង់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថាសាលា​ក្រុង​នឹង​ចាត់​រាល់​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​មិន​ឲ្យ​ការ​ហែរ​ក្បួន​ដែល​មាន​ចេតនា​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ។

«អញ្ចឹងយើង​ឃើញ​ហើយ​រូបភាពនេះប្រហែលជា​រូបភាពដែល​មាន​ការ​ចាត់​តាំងមួយ​។ អញ្ចឹង​ទេ​ការ​ស្នើ​រៀប​ចំ​ធ្វើ​បាតុកម្ម​ ការ​សម្តែង​មតិ​ ការហែរ​ក្បួន​ដែល​មិនមានការ​អនុញ្ញាត​ច្បាស់​ទេ គឺ​ថា​យើង​នឹង​ប្រើ​វិធានការ​នានា​ទាំង​អស់​ដើម្បី​ទប់ស្កាត់ ដើម្បី​បង្ក្រាបការងារ​ទាំង​អស់​ដែល​មិនមាន​ការ​សុំច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហាសន្តិសុខ​ និង​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​នេះ»។

ដោយ​ឡែក​នៅ​ឯរដ្ឋសភា​ជាតិ​ឯណោះ​វិញ លោក​សម រង្សី​មេដឹក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សំឡេ​ភាគ​តិច​នៅ​ក្នុង​សភា​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោកបាន​ជួប​សន្ទនា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ប្រាប់​លោក​ថា​ សូម​កុំ​ឲ្យ​ក្រុមអង្គការ​សង្គមស៊ីវិល​ព្រួ​យ​បារម្ភ​ខ្លាំង​ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់នេះនៅ​ក្នុង​ការ​ចុះ​បញ្ជីការ​ឡើងវិញ​។

«សម្តេច​ហ៊ុន​ សែន​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថាសូម​ឲ្យអង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​កុំព្រួយ​បារម្ភ​ហួស​ហេតុ។​ អង្គការ​សង្គម​ស៊ីវិល​ដែលកំពុង​តែ​ដំណើរ​ការ​ហើយ គឺ​អត់ចាំបាច់​ទៅចុះ​ឈ្មោះ​ឡើង​វិញនឹង​មាន​ការ​ទទួល​ស្គាល់​ជា​ស្វ័យ​ប្រវត្តិ​ៗ»។​

លោក​បញ្ជាក់ដែរ​ថា​សភាជាតិ​នឹង​ពិនិត្យ​លើ​សំណើឲ្យ​លុបចោលសេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ ក្រៅ​ពី​ចុះ​បញ្ជីការ​ឡើង​វិញនេះ​។​

«ជាការ​បញ្ជាក់​បំភ្លឺ​លើ​ចំណុច​មួយ​ ប៉ុន្តែ​មាន​ចំណុច​ដទៃ​ទៀតដែល​អង្គការ​សង្គមស៊ីវិលកំពុង​តែ​ទាមទារឲ្យ​លុបចោល​ថាមិន​ចាំ​បាច់​ទេ​ នោះ​ក៏យើង​ត្រូវ​តាមដានសំណើ​របស់​អង្គការ​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​»។​

ជាមួយ​គ្នា​នេះដែរ​ លោក​ William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​សរសេរ​នៅ​ក្នុង​គេហ​ទំព័រ​ទស្សនៈផ្ទាល់របស់​លោក​ថា តំណាងរាស្រ្តនៃ​គណបក្ស​ទាំងពីរដែល​ជាសមាជិក​នៅ​ក្នុង​គណៈកម្មការ​បីរបស់​រដ្ឋសភា​ ​រួមមានគណៈកម្មការ​មហាផ្ទៃ កិច្ចការ​បរទេស​ និង​នីតិកម្ម​ ​ធ្វើការ​រួម​គ្នាដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​ច្បាប់​នេះ​នឹង​មិន​រឹតត្បិត​ ឬគាប​សង្កត់​លើសិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នឹង​ការ​ប្រមូល​ផ្តុំ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​ដោយុ​រដ្ឋសភាជាតិ។​

​ការ​តវ៉ា​ទាមទារ​ឲ្យ​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់នេះ​ បាន​កើត​ឡើង​ជាបន្តបន្ទាប់​នៅ​ក្នុង​ខែ​មិថុនា​នេះ​ ខណៈពេលសេចក្តីព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស់​នេះ​ ​ត្រូវបាន​សម្រេច​ទទួល​មក​ពិភាក្សាដោយ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នា​ពេល​ថ្មីៗ​នេះ៕

XS
SM
MD
LG