រដ្ឋធានីវ៉ាស៊ីនតោន — លោកស្រី វណ្ណា ហូវឺដ (Vanna Howard) គឺជាស្ត្រីខ្មែរនិងជាអតីតជនភៀសខ្លួនម្នាក់ដែលកំពុងឈរឈ្មោះប្រជែងយកការតែងតាំងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋម៉ាស្សាជូសេដ្ឋ (Massachusetts) ពីដៃគូប្រជែងពីររូបនៅក្នុងការបោះឆ្នោតបឋម នៅថ្ងៃអង្គារនេះ។
ថ្លែងប្រាប់ VOA ពីការិយាល័យបោះឆ្នោតនិងកន្លែងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅតំបន់ទី ១៧ នៃសង្កាត់ Middlesex លោកស្រី វណ្ណា ហូវឺដ អាយុ ៥១ ឆ្នាំ បានបង្ហាញក្តីសង្ឃឹមថា នឹងអាចទទួលបានការតែងតាំងនេះ។ លោកស្រីមានគំនិតកែទម្រង់លើវិស័យសុខាភិបាល វិបត្តិជំងឺកូវីដ១៩ បញ្ហាសុខមាលភាពសង្គម បញ្ហាអប់រំ បញ្ហាចាស់ជរា និងបញ្ហាកុមារ ហើយនិងបញ្ហាវិបត្តិផ្ទះសម្បែងជាដើម ដែលលោកស្រីថា គូប្រជែងរបស់លោកស្រីមិនបានធ្វើកិច្ចការនេះ ហើយជាប់រឿងក្តីក្តាំជាមួយតុលាការផងដែរ។
«មានសង្ឃឹមបើអត់សង្ឃឹម អត់ធ្វើយុទ្ធនាការទេ ខ្ញុំមានសង្ឃឹម។ មានបងប្អូនច្រើនដែលបានជួយទៅបោះឆ្នោត ជួយឃោសនា ផ្តាំផ្ញើឲ្យទៅបោះឆ្នោតថ្ងៃនេះ»។
លោកស្រី វណ្ណា ហូវឺដ កំពុងប្រជែងជាមួយសមាជិកសភាដែលកាន់មុខតំណែងនេះគឺលោក ដេវីដ ណែងហ្គល (David Nangle) និងលោកស្រីលីហ្សា អាណុល (Lisa Arnold) ប្រចាំតំបន់ទី ១៧ ក្នុងសង្កាត់ Middlesex ជិតទីក្រុងឡូវែលដែលមានពលរដ្ឋខ្មែររស់នៅយ៉ាងច្រើនលំដាប់ទី ២ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា។
លោកស្រី វណ្ណា ហូវឺដ ដែលមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកដល់សហរដ្ឋអាមេរិកកាលពីទសវត្សរ៍ ១៩៨០ ដោយបានគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមមករស់នៅសហរដ្ឋអាមេរិក។
លោកស្រីបានរៀនសូត្រនិងបម្រើការងាររដ្ឋនិងសង្គមជាច្រើន រួមទាំងជាជំនួយការអតីតសមាជិកសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់គឺលោកស្រី Niki Tsongas។ លោកស្រីក៏បានចូលរួមបំពេញកិច្ចការសង្គមក្នុងទីក្រុងឡួវែលរដ្ឋម៉ាស្សាជូសេដ្ឋក្នុងនាមជាប្រធានផ្នែកទំនាក់ទំនងកិច្ចការរដ្ឋាភិបាលខាងក្រៅនៃមជ្ឈមណ្ឌលសុខភាពនៃសហគមន៍ឡូវែល (Lowell Community Health Center)ហើយធ្លាប់បម្រើការងារក្នុងការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ Middlesex និង Sufforlk ផងដែរ។
លោក អ៊ួង រិទ្ធី ពលរដ្ឋខ្មែរអាមេរិកាំងដំបូងដែលធ្លាប់ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាក្រុងឡូវែលបានថ្លែងប្រាប់ VOA ពីកន្លែងបោះឆ្នោតមួយថាលោកបានបោះឆ្នោត និងជួយឃោសនាដល់លោកស្រី វណ្ណា ហូវឺដ ដោយសារលោកស្រីជាមនុស្សមានសមត្ថភាពមានបទពិសោធន៍ច្រើនហើយអាចជួយកិច្ចការសង្គមអាមេរិកាំងនិង សហគមន៍ខ្មែរបានច្រើនរួមទាំងកិច្ចការក្នុងវិស័យសុខាភិបាលអប់រំ សង្គមកិច្ចសុខមាលភាពសង្គមជាដើម។
«នេះជាពេលវេលាដែលគាត់ត្រូវចេញមុខជួយសង្គមនិងក្លាយជាមេដឹកនាំហើយមិនចង់ឲ្យគាត់នៅពីខាងក្រោយទៀតទេ»។
លោក រិទ្ធី បានបញ្ជាក់ថា លោកស្រី វណ្ណា ហូវឺដ បានធ្វើកិច្ចការបម្រើសង្គមយ៉ាងច្រើន ដោយមិនដែលគិតពីខ្លួនគាត់ គឺបម្រើសង្គមយ៉ាងអស់ពីចិត្ត។
លោក វាសនា នួន ជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលបច្ចុប្បន្ន បានថ្លែងថា លោកគាំទ្រលោកស្រី Vanna Howard ដោយសារលោកស្រីសមជាមេដឹកនាំស្ត្រីម្នាក់ដែលមានបទពិសោធន៍ពេញលេញនិងសមត្ថភាពខ្លាំង។ លោកបានបន្ថែមថា បើលោកស្រី វណ្ណា ហូវឺដ ឈ្នះការបោះឆ្នោតបឋមនេះវានឹងជាការលើកទឹកចិត្តដល់ស្រី្តនិងជនជាតិខ្មែរនៅកន្លែងផ្សេងៗទៀត ឲ្យចូលរួមប្រឡូកក្នុងនយោបាយអាមេរិក។
«រឿងហ្នឹងជាគំរូអីចឹងធ្វើឲ្យស្ត្រីឯទៀតខ្មែរឯទៀត មានចិត្តក្លាហានឈរឈ្មោះប្រហែលជាមិននៅរដ្ឋនេះក៏នៅរដ្ឋផ្សេងទៀតដែរ ថាខ្មែរអាចធ្វើបាន។ខ្មែរអាចធ្វើបាន»។
ទាំងលោក វាសនា នួន និងលោក អ៊ួង រិទ្ធី បានអះអាងថា ប្រសិនបើលោកស្រីជាប់ឆ្នោតក្នុងការបោះឆ្នោតបឋម សម្រាប់ការជ្រើសតាំងជាបេក្ខជនសមាជិកសភាប្រចាំរដ្ឋម៉ាស្សាជូសេដ្ឋខាងគណបក្សប្រជាធិបតេយ្យ នោះលោកស្រីត្រូវបានគេរំពឹងថានឹងជាប់ជាស្វ័យប្រវត្តិ ដោយសាររដ្ឋនេះជារដ្ឋដែលមានគណបក្សប្រជាធិបតេយ្យបោះឆ្នោតជូនបេក្ខជនច្រើន ជាងគណបក្សសាធារណរដ្ឋតាំងពីដើមរៀងមក។
លទ្ធផលបោះឆ្នោតបឋមអាចនឹងត្រូវបានកំណត់នៅពេលរាត្រីថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ឬប៉ុន្មានថ្ងៃខាងមុខទៀត ដោយសារតែមានការបោះឆ្នោតផ្ទាល់ និងការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ដែលត្រូវការពេលវេលារាប់ ដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩៕