ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ខេត្ត​កោះកុង​សាក​សួរ​សកម្ម​ជន​បរិស្ថាន​បី​រូប​ក្នុង​ពន្ធនាគារ​


រូបថត​ថត​ពី​គេហទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​​មាតា​ធម្មជាតិ

ការ​សាកសួរ​នេះ​គឺ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​​ច័ន្ទ​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។​

តុលាការ​សាលាដំបូង​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បើក​ការ​សាក​សួរ​សកម្ម​ជន​បរិស្ថាន​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃច័ន្ទ​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទិ្ធ​មនុស្ស​នៃ​អង្គការ​លីកាដូ​ និង​មន្ត្រី​ប៉ូលិស​ខេត្ត​កោះកុង។​

ការ​សាក​សួរ​នេះ​មិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការសាលា​ដំបូង​ខេត្ត​កោះកុង​នោះ​ទេ ដោយ​ចៅក្រម​ស៊ើប​សួរបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ដែល​ស្ថិត​នៅ​ចម្ងាយប្រមាណ​៧​គីឡូម៉ែត្រពី​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ ដើម្បី​សួរ​នាំ​យក​ចម្លើយ​ពី​សកម្មជនទាំង​បី​នាក់​នោះ។​

លោក​អ៊ិន គង់ជិត​ មន្រ្តី​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ​លោក​ស្រី​ឈុន ដាវី ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​កោះកុង ដែល​ប្រហែល​ជាបារម្ភ​អំពី​ការ​រំខាន​ដោយ​សារការ​ស្រែក​តវ៉ា​របស់ប្រជា​ពលរដ្ឋ​ប្រមាណ​៨៥​នាក់​មក​ពី​សហគមន៍​ចំនួន៥​នៅ​ក្នុង​ស្រុក​ចំនួន​៤​នៃខេត្ត​កោះកុង ​ដែល​បាន​ធ្វើ​ដំណើរ​មក​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ទាំង​បី​នាក់​នេះ។

«យើង​មិន​ដឹង​ថា ​វិធីសាស្ត្រ​ចៅ​ក្រម​លោក​បែប​ម៉េច​ទេ​ ប៉ុន្តែ​យើង​ឃើញ​ថា​ តាំង​ពីព្រឹក​ថ្ងៃ​ពុធ​នេះ​ គឺ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង ​ដោយមាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​តឹង​រឹង»។​

នៅ​មុន​ការ​សាក​សួរ​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុងនៅ​ថ្ងៃ​ពុធនេះ​ ​ អ្ន​ក​នាំ​ពាក្យ​នៃ​សាលា​ខេត្ត​កោះកុង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​កាលពី​ម្សិលមិញ​ ដោយ​បាន​ថ្លែង​ថា ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ មាន​ក្រុម​យុវជន​មួយ​ក្រុម​មាន​គ្នា​ចំនួន​ជាង​១០​នាក់​ ដែល​បាន​អះអាង​ថា​ ខ្លួន​ជា​សកម្ម​ជន​ចលនា​មាតា​ធម្ម​ជាតិ​ ​បាន​ធ្វើ​សកម្មភាព​តវ៉ា​ និង​បំផុស​បំផុល​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​រួម​តវ៉ា​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ Direct Access Co, Ltd ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​ និង​ថាមពលក្នុង​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ។​

សេចក្តី​ប្រកាស​ព័ត៌​មាន​នេះបាន​បន្ត​ថា ​ការ​តវ៉ា​របស់​ក្រុម​យុវជន​មួយ​ចំនួន​តូច​នេះ​ ចេះ​តែ​ពង្រីកសកម្មភាព​បន្តិច​ម្តងៗ​ តាម​បែប​អនាធិបតេយ្យ​ ហើយ​ទង្វើ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​យុវជន​មួយក្រុម​តូច​នេះ​កាន់​តែ​មាន​កំដៅ​ឡើងៗ ​ងាយ​នឹង​ឈាន​ទៅ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ទើប​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ និង​អាជ្ញាធរ​ឃុំ​អណ្តូង​ទឹក​បានដាក់​ពាក្យ​បណ្តឹង​ជូន​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បទុម​សាគរ​ដើម្បី​ស្នើ​សុំឲ្យ​ធ្វើ​អន្តរាគមន៍​ និង​មាន​វិធានការ។​

ទោះ​បី​ជាយ៉ាងណា​ក៏ដោយ​ កាល​ពី​ម្សិលមិញ​ សមាជិក​ម្នាក់​របស់​ចលនា​មាតា​ធម្មជាតិ​គឺ​លោក​ម៉េង ហេង​បាន​ការពារ​ភាព​ស្អាតស្អំ​របស់​ក្រុមការ​ងារ​របស់​លោក​នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​បូមខ្សាច់​របស់ក្រុមហ៊ុន​ Direct Access ​ដែល​កំពុង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ធនធាន​ក្នុង​ដែន​សមុទ្រ​ក្នុង​ស្រុកបទុម​សាគរ។​ វីអូអេ​ពុំអាច​ទាក់ទងលោក​ម៉េង ហេងបាន​ទេ​ នៅ​ថ្ងៃពុធ​នេះ​ ដោយ​លោក​ពុំមាន​ទូរស័ព្ទ​នៅ​ក្នុង​ដៃ ​ពីព្រោះ​អាជ្ញាធរ​បាន​រឹបអូស​ទូរស័ព្ទដៃ​របស់​លោក​កាល​ពី​ថ្ងៃច័ន្ទ នៅ​គ្រា​ដែល​លោក​ធ្វើ​យុទ្ធនាការ​ជាមួយ​នឹង​សកម្ម​ជន​ទាំង​បី​ដែល​កំពុង​ជាប់​ឃុំ​នេះ​ ដើម្បី​ទប់​ស្កាត់​ការ​បូម​ខ្សាច់។

រី​ឯ​លោក​អ៊ិន គង់ជិត​ ​មន្ត្រី​សិទ្ធិ​របស់​អង្គការ​លីកាដូ​ ដែល​បាន​តាម​ដាន​សកម្មភាព​របស់​ចលនា​មាតា​ធម្មជាតិ​យ៉ាង​ដិត​ដល់នោះ​ បាន​បញ្ជាក់​បន្ថែម​ថា ​រាល់​ការ​តវ៉ា​របស់​សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្ម​ជាតិ​គឺ​ត្រូវ​បាន​ធ្វើ​ឡើងដោយ​អហិង្សា​ ហើយ​ថា​ ការណ៍ដែល​អាជ្ញាធរ​សម្រេច​ចាប់​ខ្លួន​សកម្ម​ជន​ទាំងបី​នាក់​នេះ​ គឺ​មាន​ចេតនា​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ ច្រើន​ជាង​ប្រយោជន៍​បរិស្ថាន។​

«ការណ៍​ដែលគាត់​ទៅ​ហ្នឹង​ ធ្វើ​ដោយ​សន្តិវិធី​ និង​អហិង្សា​ទេ។​ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ ការណ៍​ដែល​ទៅ​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បន្ត​ វា​ជាការ​ខាត​បង់​ ខាត​ផល​ប្រយោជន៍​នៃ​ក្រុម​ហ៊ុន ដូច្នេះ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មិន​សប្បាយ​ចិត្ត​ ហើយ​ក្រុម​ហ៊ុន​គាត់​មាន​អាជ្ញាធរ​ជា​អ្នក​ការពារ​ អញ្ចឹងធ្វើ​ឲ្យ​មាន​ការ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ទាំង​បី​ហ្នឹង​ថា​ ជា​អ្នក​បង្ក​អី​ អញ្ចឹង​ទៅ​ណ៎ា»។​

លោក អ៊ិន គង់ជិត​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ​ខេត្ត​បាន​ដាក់​កម្លាំង​មានសមត្ថកិច្ច​ឲ្យ​រារាំង​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​សហគមន៍ចំនួន​៥​ មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​ពន្ធនាគារ​ខេត្ត​ និង​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ទេ។​

លោក​សំ ឃិតវៀន​ ស្នង​ការ​ខេត្ត​កោះកុង​ ​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​លោក​មាន​ប្រសាសន៍​ថា៖​

«អូ!​ គ្មាន​បទ​បញ្ជា​ណា​ចេញ​ ដែល​ខ្ញុំ​ឲ្យ​ធ្វើ​ការ​រារាំង​ទេ។​ អត់​មាន​ទេ»។​

លោក​ស្នង​ការ​បាន​បញ្ជាក់​ថា​ ការ​ដាក់​ពង្រាយ​កម្លាំង​មានសមត្ថកិច្ចគឺ​ធ្វើ​ឡើង​ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរ​ និង​ការពារ​សុវត្ថិភាព​ដល់​ក្រុម​អ្នក​តវ៉ា។​

បើ​ទោះ​ជា​មាន​ការពង្រាយ​កម្លាំង​សន្តិសុខ​បែប​នេះក្តី​ ការ​ប៉ះ​ទង្គិច​គ្នា​ពុំ​បាន​កើត​ឡើង​ទេ​ នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​បាន​ទៅ​ទាម​ទារ ​នៅ​មុខ​ពន្ធនាគារ​ខេត្ត​ និងតុលាការ​សាលា​ដំបូងខេត្ត​កោះកុង​ ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ទាំង​បីនាក់​នោះ។​

វីអូអេ​ពុំអាច​ទំនាក់​ទំនង​អ្នកស្រី​ឈុន ដាវី​ ចៅក្រម​ស៊ើបសួរ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ទេ​ ដោយ​ទូរ​ស័ព្ទ​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

ការ​សម្រច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បីនាក់​កើត​មាន​ឡើង​បន្ទាប់​ពី​ពួក​គេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​ដើម្បី​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន​ Direct Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរ​ការ​ជាច្រើន​ខែ​មក​ហើយ​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរខេត្ត​កោះកុង៕

XS
SM
MD
LG