ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​លោក​ជុំ ម៉ី​ជំរុញ​ឱ្យ​ចាត់ការ​បណ្តឹង​ប្រឆាំង​លោក​កឹម សុខា


លោក​ជុំ ម៉ី ​​អតីត​អ្នកទោស​គុក​ទួលស្លែង​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ (វីអូអេ)
លោក​ជុំ ម៉ី ​​អតីត​អ្នកទោស​គុក​ទួលស្លែង​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ (វីអូអេ)
មេធាវីនៃ​អតីត​អ្នកទោស​គុក​ទួលស្លែង​បាន​ជំរុញ​បន្ថែម​ទៀត​នៅ​ថ្ងៃពុធ​នេះ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​លើ​បណ្តឹង​នៃ​កូន​ក្តី​របស់​ខ្លួន​ចំនួន​បួន​នាក់​ដែល​បាន​ប្តឹង​ប្រឆាំង​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​គួយ ធុនណា ​មេធាវី​របស់​លោក​ជុំ ម៉ី ​អតីត​អ្នក​ទោស​គុកទួលស្លែង​និង​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហៅកាត់ថា​ក្សេមក្សាន្ត​និង​កូនក្តី​ដែល​ជា​អតីត​អ្នកទោស​និង​កុមារ​អ្នកទោស​គុក​ទួលស្លែង​ចំនួន​បីនាក់​ផ្សេង​ទៀត​បាន​ដាក់​លិខិត​មួយ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ដើម្បី​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ប្រឆាំង​នឹង​លោក​កឹម​ សុខា។

«ដោយសារ​រឿង​នេះ​យូរ​ពេក​ហើយ​ខាង​តុលាការ​មិន​បាន​កោះ​ហៅ​ឯកឧត្តម​កឹម សុខា ​សោះ ​ប្រាំ​មួយ​ខែ​ហើយ។ ​ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​មេធាវី​ខ្ញុំ​មាន​ករណីកិច្ច ​កាតព្វកិច្ច​សុំឲ្យ​លោក​ព្រះរាជអាជ្ញា​យ៉េត ចរិយា ​ពន្លឿន​រឿង​នេះ​កុំ​ឲ្យ​ទុកចោល»។

កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ឆ្នាំ​២០១៣​នេះ​គឺ​ពីរ​ខែ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​លោក​ជុំ ម៉ី ​និង​អតីត​អ្នកទោស​គុក​ទួលស្លែង​បីនាក់​ផ្សេង​ទៀត​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញប្រឆាំង​នឹង​លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការ​ចោទ​ប្រកាន់​ថា​ មេដឹកនាំ​គណបក្សជំទាស់​បាន​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ទាមទារ​សំណង​ចំនួន​១.០០០​ដុល្លារ​អាមេរិក​ហើយ​ក្រោយ​មក​លោកជុំ ម៉ី ​បាន​ដឹកនាំ​បាតុកម្ម​មួយ​ប្រឆាំង​លោក​កឹម សុខា​ ដើម្បី​ទាមទារ​ការសុំទោស​ជា​សាធារណៈ។

បណ្តឹង​នោះ​ក្រោយ​ពី​លោកជុំ ម៉ី ​និង​អតីត​អ្នកទោស​គុក​ទួលស្លែង​ផ្សេង​ទៀត​អះអាង​ថា​ លោក​កឹម សុខា ​បាន​ថ្លែងការណ៍​ជា​សាធារណៈ​ទៅ​កាន់​សកម្មជន​នយោបាយ​របស់​ខ្លួន​ថា​គុក​ទួលស្លែង​គឺ​ជា​គុក​សិប្ប​និមិត្ត​និង​បង្កើត​ឡើង​ដោយ​ប្រទេស​វៀតណាម។

ក៏​ប៉ុន្តែ​លោក​កឹម សុខា ​បាន​ច្រានចោល​ជា​ច្រើន​ដង​ថា​លោក​មិន​បាន​និយាយ​ដូច្នោះ​ទេ។

ការ​ជំរុញ​របស់​មេធាវី​លោកជុំ ម៉ី ​ធ្វើឡើង​ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការបោះឆ្នោត​ដោយសារ​គណបក្ស​ជំទាស់​នៅ​ប្រកាន់​ជំហរ​មិនទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ហើយ​បន្ត​ធ្វើ​ពហិកា​មិន​ចូលរួម​បង្កើត​រដ្ឋសភា​ថ្មី។

កាលពីថ្ងៃ​ច័ន្ទ​លោកផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យដឹង​ថា​រដ្ឋាភិបាល​បានស្នើ​ដល់​ក្រសួង​ការពារ​ជាតិ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​មនសិការ​ខ្មែរ ​របស់​លោកដាំ សិទ្ធិ ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​ សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កាសែត​របស់​លោក​បាន​ចុះផ្សាយ​អត្ថបទ​ដែល​ទាក់ទង​នឹង​អត្ថបទ​ដែល​ថា​«កងកម្លាំង​ប្រដាប់​អាវុធ»​បាន​ចូលរួម​ប្លន់​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​របស់​ប្រជារាស្ដ្រ​ខ្មែរ។

លោក​យ៉ែម បុញ្ញឫទ្ធិ ​តំណាងរាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិយល់​ឃើញ​ថា​បណ្តឹង​ទាំង​នេះ​គឺជា​ការ​គាប​សង្កត់​លើ​គណបក្ស​ជំទាស់។

«មេធាវី​គេចង់​ពន្លឿន​ការប្តឹង​របស់​ជុំ ម៉ី ​ទាក់ទង​ឯកឧត្តម​កឹម សុខា។ គេ​ប្តឹង​ដាំសិទ្ធិ​ កាសែត​មនសិការ​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ប្រសាសន៍​ឯកឧត្តម​កឹម សុខា ​ដូច្នេះ​គឺ​គេ​ចង់​គំរាម​កំហែង​ដោយ​ប្រយោល​ឬ​យក​ច្បាប់​ដែល​គ្មាន​លក្ខណៈ​យុត្តិធម៌​ឯករាជ្យ​ពិតប្រាកដ​ដើម្បី​មកគាប​សង្កត់​លើ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ»។

ទាំង​លោក​ជាម យៀប ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ទាំង​លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​មួយ​រូប​របស់​រដ្ឋាភិបាល​មិនអាច​ទាក់ទង​បានទេ​នៅ​រសៀល​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG