ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​កូរ៉េ​ខាងជើង​នៅតែបន្ត


មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong Un ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​របស់​គណបក្ស​កម្មករ ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

មនុស្ស​ជា​ច្រើន​រយ​នាក់​ដែល​បាន​រត់គេច​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េត្រូវបាន​សម្ភាស​សម្រាប់​របាយការណ៍​នេះ។ អ្នក​ត្រួត​ពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ព័ត៌មាន​ដែល​ប្រមូល​បានពី​ចម្លើយ​របស់​ពួកគេ​មាន​មូល​ដ្ឋាន​សម​ហេតុផល​ដែល​បង្ហាញ​ថា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​កំពុង​ត្រូវបាន​ប្រព្រឹត្តិ​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​របស់​ប្រទេស​នោះ។​

អ្នក​នាំពាក្យ​សិទ្ធ​មនុស្ស​របស់​អ.ស.ប. អ្នក​ស្រី Ravina Shamdasani ប្រាប់​វីអូអេ​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​បន្ត​កើត​មាន​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ធម្មតា។ អ្នក​ស្រី​និយាយ​ថា​ នៅ​ទីនោះ​មាន​ការ​ធ្វើ​ទារុណ​កម្ម​ជា​ប្រព័ន្ធជា​ច្រើន​ឬ​ការ​បំពានផ្លូវកាយ​និងផ្លូវចិត្ត​ជា​ច្រើន​ទម្រង់​ផ្សេង​ទៀត​ទៅ​លើ​អ្នក​ដែល​ជាប់​ឃុំ។​

អ្នកស្រី​ Shamdasani ថ្លែង​ថា៖

«ក្រោយ​ការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​៧ឆ្នាំ​ ​អង្គការ​សហប្រជាជាតិ​បាន​រកឃើញ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដ៏​ឃោរ​ឃៅ​ដែល​ត្រូវបានប្រពឹត្តិ​ឡើង​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​កូរ៉េ រួម​មាន​ឃាតកម្ម​ ទាសភាព ទារុណកម្ម និងការ​បាត់ខ្លួន​ដោយបង្ខំ។ យើង​បាន​រកឃើញ​ថា ​ប្រាំពីរ​ឆ្នាំ​ក្រោយ​មក​មិនមាន​អ្វី​ផ្លាស់ប្តូរ​ច្រើន​ឡើយ។ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​កំពុង​បន្ត ហើយ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ទេ​សម្រាប់​ឧក្រិដ្ឋកម្ម​កន្លង​មក​ដែល​ត្រូវបាន​ចងក្រង»។

របាយការណ៍​១៥ទំព័រ ចងក្រង​យ៉ាង​ពិស្តារ​នូវ​ការឈឺចាប់​ក្នុង​ទម្រង់​ផ្សេងៗនៃទណ្ឌកម្មដែល​បាន​ដាក់លើ​អ្នក​ទោស រួម​មាន ការសម្លាប់​រង្គាល ការ​ចាប់​រំលោភ និង​ទម្រង់​ផ្សេងទៀត​នៃ​អំពើហិង្សា​ផ្លូវភេទ ការ​មិនផ្តល់​ការ​ថែទាំ​វេជ្ជសាស្ត្រ និង​ការ​បង្អត់អាហារ។ របាយការណ៍​នោះបាន​ឲ្យដឹង​ថា​អ្នក​ទោស​នយោបាយ​គឺ​រងទោស​ក្នុង​ទម្រង់​សាហាវ​បំផុត។​

របាយការណ៍​នោះ​កំពុង​អំពាវនាវ​ទៅកាន់​សហគមន៍​អន្តរជាតិ​ឲ្យ​ផ្តល់​អាទិភាព​សិទ្ធិ​មនុស្សដល់​ប្រជាជន​ក្នុង​កូរ៉េ​ខាងជើង​និង​ឲ្យ​រដ្ឋាភិបាល​លោក​គីម ជុងអ៊ុន​ទទួល​ខុសត្រូវ​លើ​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​នេះ។

អ្នក​ស្រី​ Shamdasani និយាយ​ថា ​ការចរចា​ផ្នែក​នយោបាយ​ជាមួយ​នឹង​កូរ៉េ​ខាងជើង​គឺ​ផ្តោត​លើ​បញ្ហា​មិន​ពង្រីក​អាវុធ​នុយក្លេអែរ។ អ្នក​ស្រី​និយាយ​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​គឺជា​បញ្ហាយក​មក​ពិចារណា​បន្ទាប់បន្សំ។

​អ្នកស្រី​ Shamdasani ថ្លែង​ថា៖​

«មាន​ការ​ពិភាក្សា​តិចតួច​ណាស់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស។ មាន​ការពិភាក្សា​តិចតួច​ខ្លាំង​លើ​យុត្តិធម៌ និង​ការទទួល​ខុស​ត្រូវ​សម្រាប់​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។ អ្វី​ដែលយើង​កំពុង​និយាយ​នោះគឺ​ថា​ បើសិន​ជា​យើង​ចង់​បាន​សន្តិភាព​យូរអង្វែង​នៅ​លើ​ឧបទ្វីប​កូរ៉េ វា​អាច​ធ្វើទៅ​បានលុះត្រាតែការ​រំលោភបំពាន​បែប​នោះ​បញ្ចប់ ហើយ​លុះត្រា​តែជនរងគ្រោះទទួល​បាន​យុត្តិធម៌ ការពិត និង​សំណង»។

របាយការណ៍អំពាវនាវ​ឲ្យបញ្ចប់និទណ្ឌភាព​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង។ របាយការណ៍​នោះ​បាន​ឲ្យដឹង​ថា​ ការ​ស៊ើប​អង្កេត​ដែល​ត្រឹមត្រូវ​និង​ការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​ជាអាទិភាព​មួយ។ របាយការណ៍​នេះក៏​បាន​ស្នើ​ផងដែរ​ថា​ស្ថានភាពធ្ងន់ធ្ងរ​ក្នុង​ប្រទេស​នេះ​ត្រូវ​តែ​ដោះស្រាយ​នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ឬតុលាការ​ស្រដៀង​នោះ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG