ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើ​ដំណើរ​ដល់​ប្រទេស​ប៊ែលហ្ស៊ិក


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ធ្វើ​ដំណើរ​ដល់​ទីស្នាក់ការ​កណ្ដាល​នៃ​សហភាព​អឺរ៉ុប​ នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ដែល​ជា​ការ​ឈប់​សំចត​ដំបូង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ អ្នកស្រី Morgan Ortagus បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក Pompeo និង​ជួប​ជាមួយ​នឹង​មន្ត្រី​អឺរ៉ុប «ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​គំរាមកំហែង​កាល​ពី​ពេល​ថ្មីៗ​នេះ និង​អំពី​ការ​លើក​ឡើង​របស់​ប្រទេស​អ៊ីរ៉ង់‍»។

អ្នកស្រី Ortagus បាន​បន្ថែម​ថា លោក Pompeo «នឹង​បន្ត​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក និង​ធានា​នូវ​សន្តិសុខ​នៃ​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​ជុំវិញ​ពិភពលោក‍»។

គម្រោង​របស់​លោក Pompeo កាល​ពី​ដំបូង​គឺ​លោក​គ្រោង​ជួប​ជាមួយ​នឹង​មន្ត្រី​ការទូត​អាមេរិក និង​ក្រុម​មេដឹកនាំ​អាជីវកម្ម​នានា​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​ គម្រោង​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​លោក Pompeo ត្រូវ​ទៅ​ប្រទេស​ប៊ែលហ្ស៊ិក​មុន​វិញ។

នៅ​ថ្ងៃ​អង្គារ​ស្អែក លោក Pompeo នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Sochi ប្រទេស​រុស្ស៊ី ដើម្បី​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Sergey Lavrov។

ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ មុន​ពេល​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G20 ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន ដែល​នៅ​ទី​នោះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Putin នឹង​ចូលរួម​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo ទៅ​កាន់​ប្រទេស​រុស្ស៊ី​លើក​នេះ​ក៏​ធ្វើ​ឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​មាន​ភាព​តានតឹង​កើន​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ីរ៉ង់។

សហរដ្ឋ​អាមេរិក​កំពុង​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ដែល​នេះ​ជា​អ្វី​ដែល​មន្ត្រី​អាមេរិកាំង​ហៅ​ថា​ជា «ការ​ឆ្លើយតប​ដោយ​ផ្ទាល់​ទៅ​នឹង​សញ្ញា​ព្រមាន​អំពី​បញ្ហា​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស‍» ដែល​បង្ក​ឡើង​ដោយ​អ៊ីរ៉ង់៕

XS
SM
MD
LG