ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បញ្ជា​​បិទ​ការ​ធ្វើ​ដំណើរ​ចាប់​ពីយប់​នេះ​ដល់​​១៦ ខែមេសា ​ដែល​អាច​​ទប់ស្កាត់ការ​ធ្វើ​ដំណើរ​របស់​កម្មករ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​បទ​បញ្ជា​មួយ ដោយ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដែល​ជា​បទ​បញ្ជា​មួយ ត្រូវ​បាន​មើល​ឃើញ​ថា មានគោល​ដៅ​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ស្រុក​កំណើត។

កាល​ពី​ថ្ងៃ​អង្គារ លោក ​ហ៊ុន សែន ​ ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​សម្រេច​លុប​ចោល​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​សម្រាប់​អ្នក​ធ្វើ​ការ​រដ្ឋ​និង​ឯក​ជន​ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​និង​ការ​ជួប​ជុំ​គ្នា​ដែល​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា។ ប៉ុន្តែ​កម្មករ​ហាក់​មិន​ពេញ​ចេញ​នឹង​សេចក្តី​សម្រេច​នេះ ហើយ​ពួកគេ​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ។

ក្នុង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​បាន​បញ្ជា​ថា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស រួម​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​រាជធានី​ភ្នំពេញ តែមិន​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ក្នុង​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។ រដ្ឋាភិបាល​ក៏​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផង​ដែរ។

បើ​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល ការ​ហាម​ឃាត់​នេះ​ត្រូវ​លើក​លែង​ចំពោះ​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំងផ្លូវ​គោក​ ផ្លូវ​ទឹក និង​ផ្លូវ​ដែក​រថយន្ត​ធ្វើ​ដំណើរ​របស់​មន្រ្តី​រាជការ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ រថយន្ត​របស់​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ រថយន្ត​សង្រ្គោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ដឹក​ជញ្ជូន​សម្រាម និង​កាក​សំណល់​។

ក្នុង​នោះ ក៏​មាន​ការ​លើក​លែង​ចំពោះ​ការ​ដឹក​ជញ្ជូន​កម្មករ​ទៅកាន់​ទី​កន្លែង​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ ឬ​មន្ទីរ​ការងារ និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត។

រដ្ឋាភិបាល​បញ្ជាក់​ថា បទ​បញ្ជា​នេះ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​៩ ខែមេសា ដល់ម៉ោង​១២​យប់ ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០។

បទ​បញ្ជា​នេះ​ធ្វើ​ឡើង ក្រោយ​មាន​ការ​ផ្សព្វផ្សាយសារ​ជា​សំឡេង​មួយ​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ថាលោក​បាន​ដឹង​ថា​កម្មករ​មួយ​ចំនួន​មិន​យល់​ស្រប​នឹង​ការ​សម្រេច​ឲ្យ​ធ្វើ​ការ​នៅ​រោងចក្រ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​មាន​បង​ប្អូន​កម្មករ​មួយ​ចំនួន គឺ​ហាក់​ដូច​ជា​មិន​យល់​ស្រប។ អ៊ីចឹង​ខ្ញុំ​ចង់​ចេញ​បទ​បញ្ជា​តាម​របៀប​មួយ គឺ​ថា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ»។

លោក​បន្ថែម​ថា៖ «ហើយ​រថយន្ត​ឈ្នួល​ទាំង​អស់ មិន​ឲ្យ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេល​ហ្នឹង ចេញ​ពី​រង្វង់​ហ្នឹង។ អាហ្នឹង​គឺ​យើង​លេង​យក​វិធានការ​មួយ​ជាក់​លាក់ បើ​មិនអ៊ីចឹង​អន្តរាយ​ស្រុក​ទេស»។

កាល​ពី​ថ្ងៃ​អង្គារ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ការ​ឲ្យ​កម្មករ​បន្ត​ធ្វើ​ការ​នៅ​តាម​រោងចក្រ គឺ​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​និង​ការ​ជួប​ជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​ដែល​លោក​ថាអាច​មាន​ហានិភ័យ​ឆ្លង​ខ្ពស់។

លោក​ហ៊ុន សែន ​ប្រសាសន៍​ថា៖ «កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ​នៅ​តាម​រោងចក្រ នៅ​តាម​ក្រុមហ៊ុន ​ នៅ​តាម​ស្ថាប័ន​គឺ​ជា​ជម្រើស​សុវត្ថិភាព​បំផុត​ហើយ។​ បើ​ទុក​បណ្តោយ​ឲ្យ​ដើរ​លេង​ សភាព​ការណ៍​នេះ ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​បំផុត។​ឥឡូវ​ប្រជាជន​នៅ​ជនបទ​ភ័យ​ក្រែង​នាំ​ជំងឺ​ពី​ទីក្រុង​ទៅ​ជនបទ។​ដល់​អ្នក​ទីក្រុង​ខ្លាច​នាំ​ជំងឺ​ពី​ជន​បទ​មក​ចូល​ទីក្រុង»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG