ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលបានបាត់ព្រះភក្ត្រពីឆាកនយោបាយអស់រយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ គ្រោងនឹងយាងវិលត្រឡប់មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គឡើងវិញនៅខែក្រោយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិឆ្នាំ ២០២៣ នៅកម្ពុជា។ នេះបើយោងតាមមន្ត្រីនាំពាក្យគណបក្សនេះ ដែលបានប្រកាសឲ្យដឹងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ។
សារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា ការប្រកាសនេះធ្វើឡើងក្រោយពីព្រះអង្គបានជាសះស្បើយឡើងវិញ បន្ទាប់ពីបានយាងទៅព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីជាងពីរឆ្នាំមុន និងគង់នៅក្នុងប្រទេសបារាំង។
កាលពីខែមិថុនា ឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកម្ខាង អ៊ុក ផល្លា ស្លាប់ និងធ្វើឲ្យព្រះអង្គរងរបួសធ្ងន់។
គណបក្សហ៊្វុនស៊ិនប៉ិច បានឈ្នះការបោះឆ្នោតដែលរៀបចំដោយអាជ្ញាធរអង្គការសហប្រជាជាតិនៅកម្ពុជាក្នុងឆ្នាំ១៩៩៣។ នៅពេលនោះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្វើជានាយករដ្ឋមន្ត្រីទីមួយ ក្រោយពីគណបក្សហ៊្វុនស៊ិនប៉ិច បានចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទីពីរ។
គណបក្សហ៊្វុនស៊ិនប៉ិច មិនបានឈ្នះអាសនៈណាមួយទេក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨៕