ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​បក្ស​​ហ៊្វុនស៊ិន​ប៉ិច​ស្នើ​ឱ្យ​អាជ្ញា​ធរ​ស៊ើប​អង្កេត​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ព្រះអង្គ​ម្ចាស់​ ​នរោត្តម ​រណឫទ្ធិ


រថយន្តដែលសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ ធ្វើដំណើររងការខូចខ្ទេចខ្ទីដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួួយដែលបង្កហេតុដោយសារតែរថយន្តដឹកនាំអ្នកដំណើរមួយផ្សេងទៀត នៅលើផ្លូវជាតិទៅកាន់ក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ បានរងរបួសធ្ងន់ ចំណែកអ្នកម្នាង អ៊ុក ផល្លា បាន​ទទួលអនិច្ចកម្ម និងមនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសធ្ងន់​និងស្រាល។ (រូបថតផ្តល់ឲ្យ​ដោយ​អគ្គនាយកដ្ឋាននគរបាលជាតិតាមរយៈ AP)
រថយន្តដែលសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ ធ្វើដំណើររងការខូចខ្ទេចខ្ទីដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួួយដែលបង្កហេតុដោយសារតែរថយន្តដឹកនាំអ្នកដំណើរមួយផ្សេងទៀត នៅលើផ្លូវជាតិទៅកាន់ក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ បានរងរបួសធ្ងន់ ចំណែកអ្នកម្នាង អ៊ុក ផល្លា បាន​ទទួលអនិច្ចកម្ម និងមនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសធ្ងន់​និងស្រាល។ (រូបថតផ្តល់ឲ្យ​ដោយ​អគ្គនាយកដ្ឋាននគរបាលជាតិតាមរយៈ AP)

សម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ​បាន​របួសធ្ងន់​ ហើយ​អ្នក​ម្នាង​អ៊ុក ផល្លា​ បាន​ទទួល​អនិច្ចកម្ម​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​អាទិត្យ​ ហើយ​​​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​អនុ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​បាន​ច្បាស់។

អនុ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​លោក​ ​យូ ហុកគ្រី​ ​ស្នើ​ឲ្យ​សមត្ថ​កិច្ច​កម្ពុជា​ ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ ​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​ថ្ងៃ​អាទិត្យ​ ​ដែល​បណ្តាល​ឲ្យសម្តេច​ក្រុម​ព្រះ​នរោត្តម ​រណឫទ្ធិ​ ​រង​របួស​ធ្ងន់​ ​និង​អ្នក​ម្នាង​ ​អ៊ុក ផល្លា​ ​បាត់​បង់​ជីវិត។​

សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ​ ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​ត្រូវ​រង​របួស​ជា​ទម្ងន់​ក្នុង​គ្រោះ​ថ្នាក់​បុក​រថយន្ត​នា​ថ្ងៃ​អាទិត្យ​នេះ​ ​នៅ​ខេត្ត​ព្រះ​សីហនុ​ ​ក្រោយ​ពី​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ ​បាន​បុក​ចូល​ក្បួន​រថយន្ត​របស់​ព្រះ​អង្គ។​ ​អ្នក​ម្នាង​ ​អ៊ុក ផល្លា​ ​ដែល​មាន​អាយុ​៣៩​ឆ្នាំ​ ​និង​ជា​អតីត​អ្នក​រាំ​របាំ​បុរាណ​បាន​ស្លាប់​ ​ក្រោយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្រុង​ព្រះ​សីហនុ។​

ថ្លែង​ក្នុង​ពិធី​បុណ្យ​សព​របស់​អ្នក​ម្នាង​ ​អ៊ុក ផល្លា​ ​នៅ​ឯ​វត្ត​បទុមវតី​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ ​យូ ហុកគ្រី ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ចាប់​តាំង​ពីឆ្នាំ​២០១៥​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ផ្ទួនៗ​ចំនួន​បី​លើក​មក​ហើយ​លើ​សម្តេច​ក្រុម​ព្រះ​ ​និង​អ្នក​ម្នាង។​ ​លោក​បន្ថែម​ថា​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មក​ពី​រថយន្ត​បើក​ទិស​ផ្ទុយ​គ្នា ​និង​បុក​ក្បួន​រថយន្ត​ព្រះ​អង្គ​បែប​នេះ​ ​គឺជា​ចំណុច​ដែល​គួរ​ឲ្យ​សង្ស័យ។​

លោក​បញ្ជាក់​ថា៖​

«យើង​ទុក​ឲ្យ​អង្គការ​មាន​សមត្ថកិច្ច​គេ​ចាត់​ការ ​ពី​ព្រោះ​អ្នក​បើក​បរ​ក៏​ត្រូវ​បាន​ចាប់​យក​ទៅ​ឃុំឃាំង​ដែរ។​ នៅ​ពេទ្យ​មែន ​ប៉ុន្តែ​ពេទ្យ​ក្នុង​ការ​ឃ្លាំ​មើល​ដោយ​ប្រុង​ប្រយ័ត្ន​ពី​នគរបាល។​ អីចឹង​យើង​ទុក​ឲ្យ​គេ​ស៊ើប​អង្កេត​ទៅ​ ​តើ​វា​ប៉ះពាល់​យ៉ាង​ម៉េច? ម៉េច​បាន​ទៅ​ជា​មាន​រឿង​គ្រោះ​ថ្នាក់​យ៉ាង​នេះ​ ​ដែល​កើត​ឡើង?​ ចំពោះ​គណបក្ស​ ​ដោយ​ហេតុ​ថា​ យើង​មិន​បាន​ចូល​រួម​ស៊ើប​អង្កេត​ជាមួយ​ ​យើង​គ្រាន់​តែ​មាន​ការ​ឆ្ងល់​ទេ​ ថា​ហេតុ​អី​ក៏​ឧបទ្ទវ​ហេតុ​របៀប​នេះ​កើត​ឡើង​ចំពោះ​ក្បួន​សម្តេច​ក្រុម​ព្រះ​ដល់​ទៅ​បី​ដង»។​

លោក​ ​យូ ហុកគ្រី​ ​បន្ថែម​ថា​ ​ស្ថានភាព​របួស​របស់​សម្តេច​ក្រុម​ព្រះ​ប៉ះពាល់​ដល់​ឆ្អឹង​ធ្ងន់ធ្ងរ ​ហើយ​ថា​ ​ព្រះ​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ ​កាលពី​ម៉ោង​ជាង​១២​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ច័ន្ទ ​បន្ទាប់​ពី​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។​ ​លោក​បន្ថែម​ថា​ ​សព​របស់​អ្នក​ម្នាង​ អ៊ុក ផល្លា​ ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​បទុមវតី​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បូជា​ ​ខណៈ​សម្តេច​ក្រុម​ព្រះ​មិន​ទាន់​បាន​ជ្រាប​ពី​មរណភាព​របស់​អ្នក​ម្នាង​នៅ​ឡើយ។​

លោក​ ​ជួន ណារិន ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ ​ប្រាប់​ ​VOA​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ ​ដែល​បើក​ចូល​ក្បួន​រថយន្ត​របស់​សម្តេច​ក្រុម​ព្រះ​ ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ ​ដើម្បី​ចោទ​ប្រកាន់​តាម​នីតិ​វិធី។​ ​លោក​បន្ថែម​ថា​ ​ការ​សម្រេច​ចោទ​ប្រកាន់​ ​ឬ​ស៊ើប​អង្កេតបែប​ណា​បន្ថែម​ ​គឺ​ត្រូវ​សម្រេច​លើ​តុលាការ។​

លោក​បញ្ជា​ក់ថា៖​

«យើង​ដឹង​ថា ​អ្នក​បង្ក​ខាង​តាក់​ស៊ី​គាត់​ខុស។​ ឃាត់​ខ្លួន​គាត់។​ ​យើង​បញ្ជូនទៅ​តុលាការ​ល្ងាច​នេះ​ហើយ។​ យើង​មិន​អាច​ចោទ​បាន​ទេ ទុក​ឲ្យ​ខាង​តុលាការ​ ​និង​ព្រះ​រាជ​អាជ្ញា​ចោទ​ទៅ​តាម​អង្គហេតុ»។​

VOA មិនអាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ ​គាង ស៊ុនថារ៉ូ​ ​ព្រះរាជ​អាជ្ញារង​ប្រចាំ​ការ​នៃ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​បាន​ទេ​ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។

សេចក្តី​រាយ​ការណ៍​របស់​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ ​ក្បួន​រថយន្ត​សម្តេច​ក្រុម​ព្រះ​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពត​ ​ទៅ​ខេត្ត​ព្រះ​សីហនុ​ ​ដោយ​សម្តេច​ក្រុម​ព្រះ​ស្ថិត​ក្នុង​រថយន្ត​ ​BMW​ ​ពណ៌​ស​ ​ហើយ​រថយន្ត​តាក់​ស៊ី​បង្ក​ហេតុ​ម៉ាក Highlander​ ​ពណ៌​ស​ ​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហនុ​ទៅ​ភ្នំពេញ។ គ្រោះ​ថ្នាក់​នោះបណ្តាល​ឲ្យ​មនុស្ស​ក្នុង​រថយន្ត​តាក់​ស៊ី​បង្ក​ហេតុ​ចំនួន​២​នាក់​រង​របួស​ធ្ងន់​ និង​៧​នាក់​រង​របួស​ស្រាល៕

XS
SM
MD
LG