អតីតមន្រ្តីចាស់វស្សា៤រូបរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ពន្យល់ពីមូលហេតុ ក្រោយពួកគេត្រូវបានប្រធានស្តីទី ដែលជាបុត្រាច្បងរបស់ព្រះអង្គបណ្តេញចេញពីគណបក្ស។
ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូប ដែលត្រូវបានបណ្តេញចេញពីសមាជិកភាពគណបក្ស រួមមានលោក យូ ហុកគ្រី ជាអនុប្រធានគណបក្ស លោក ញ៉េប ប៊ុនជិន ជាអនុប្រធាននិងជាអ្នកនាំពាក្យគណបក្ស លោក ប៉ោ ប៊ុនស្រ៊ឺ ជាអនុប្រធានគណបក្ស និងលោក វ៉ាន់ សុផាន់ណា ជាអគ្គលេខាធិការរងគណបក្ស។
អតីតមន្ត្រីសំខាន់ៗរបស់បក្សរាជានិយមទាំង៤រូបត្រូវបានប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិចដែលទើបត្រូវបានតែងតាំងដោយសម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានសម្រេចបញ្ចប់សមាជិកភាពដោយមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ។
ក្នុងសន្និសីទដែលមានរយៈពេលជិត២ម៉ោងនៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចទាំង៤រូប បានអះអាងដូចៗគ្នាថា ពួកគេជាមនុស្សដែលមានភក្ដីភាព និងធ្វើការងារជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជិត៤០ឆ្នាំមកហើយ។ ពួកគេក៏បានលើកឡើងថា ការបណ្តេញពួកគេចេញពីសមាជិកភាពនិងតួនាទីនេះ មិនមែនជាព្រះតម្រិះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ នោះទេ។
លោក យូ ហុកគ្រី ជាអតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា ការបញ្ចប់សមាជិកភាពនិងការបញ្ចប់តួនាទីរបស់ពួកគេ ធ្វើឡើងដោយមិនត្រឹមត្រូវនិងមិនមានការពន្យល់ពីមូលហេតុនោះទេ។ លោកបន្ថែមថា ការធ្វើសន្និសីទនៅថ្ងៃព្រហស្បតិ៍នេះ គឺដើម្បីបញ្ជាក់ពីការពិត និងដើម្បីជាការទាមទារឲ្យមានការពន្យល់ឲ្យបានច្បាស់ពីមូលហេតុនៃការបណ្តេញចេញ។ លោកថា អតីតមន្រ្តីទាំង៤រូបនឹងសរសេរលិខិតទៅសម្តេចក្រុមព្រះក្នុងពេលឆាប់ៗ ដើម្បីបំភ្លឺលើការបណ្តេញចេញនេះ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំចេញទៅដោយរីករាយ តែខ្ញុំសុំឲ្យមានការពន្យល់ កុំដកឆៅ។ អាងតែមានសិទ្ធិស៊ីញ៉េ ហើយស៊ីញ៉េហ្នឹងខុសទៅទៀត។ មួយពិភពលោក ខ្ញុំមិនដែលឃើញប្រធានស្តីទីណាទៅដកសមាជិកភាពសមាជិកអីចឹងបានទេ។ សិទ្ធិវាមាន តែគេដាក់លក្ខខណ្ឌថា ប្រធាន»។
ក្នុងសន្និសីទនោះ អតីតមន្រ្តីចាស់វស្សាទាំង៤រូបបានលើកឡើងជាច្រើនដងថា ពួកលោកត្រូវរងការចោទថា បានធ្វើត្រាគណបក្សក្លែងក្លាយ និងរងការចោទថា បានលក់ដីរបស់គណបក្សតាមបណ្តាខេត្តមួយចំនួនជាដើម។ ទោះយ៉ាងណា មន្រ្តីទាំងនោះបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយលើកឡើងថា ពួកគេបានធ្វើការងារទៅតាមបែបបទត្រឹមត្រូវរបស់គណបក្ស។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ណុប សុធារិទ្ធិ អ្នកនាំពាក្យថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិចបានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាបុត្រច្បងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយនឹងម្ចាស់ក្សត្រីយ៍ ម៉ារី រណឫទ្ធិ ដែលបានលែងលះគ្នា បន្ទាប់ពីសម្តេចក្រុមព្រះសម្រេចព្រះទ័យរៀបអភិសេកជាមួយអ្នកម្នាង អ៊ុក ផល្លា។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ត្រូវបានសម្តេចក្រុមព្រះដែលជាបិតា កាលពីថ្ងៃទី៨ ខែសីហា តែងតាំងជាប្រធានស្តីទីគណបក្ស ខណៈដែលសម្តេចក្រុមព្រះកំពុងសម្រាកព្យាបាលព្រះកាយនៅប្រទេសថៃ ក្រោយរងរបួសយ៉ាងដំណំក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានបណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លាទទួលមរណភាព កាលពីពាក់កណ្តាលខែមិថុនានេះ។
គណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលអាសនៈសភាជាច្រើនកាលពីការបោះឆ្នោតឆ្នាំ១៩៩៣ ត្រូវបានគេមើលឃើញថា បានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន និងមានបញ្ហាចម្រូងចម្រាសជាបន្តបន្ទាប់។ ក្នុងការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ គណបក្សរាជានិយមមួយនេះមិនបានទទួលអាសនៈសភាទេសូម្បីតែមួយ៕