លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏មានឥទ្ធិពល បានទទួលមរណភាពនៅថ្ងៃសុក្រ បន្ទាប់ពីត្រូវបានគេបាញ់ចំដើមទ្រូងចំនួន ២ គ្រាប់ ក្នុងអំឡុងយុទ្ធនាការឃោសនាមួយ។ នេះបើយោងការបញ្ជាក់របស់មន្ទីរពេទ្យដែលលោកត្រូវបានសង្គ្រោះ ហើយដែលត្រូវបានរាយការណ៍ជាព័ត៌មានដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Hidetada Fukushima វេជ្ជបណ្ឌិតនិងសាស្ត្រាចារ្យប្រចាំមន្ទីរសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Nara បានថ្លែងថា៖ «លោក Shinzo Abe ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនាវេលាម៉ោង ១២:២០នាទីរសៀល។ លោកបានគាំងបេះដូងលែងដើរ ពេលមកដល់មន្ទីរពេទ្យ។ ជាអកុសល លោកបានទទួលមរណភាពនាវេលាម៉ោង ៥:០៣នាទីល្ងាច ម៉ោងក្នុងប្រទេសជប៉ុន»។
នៅព្រឹកថ្ងៃសុក្រនេះ លោក Abe បានថ្លែងនៅឯយុទ្ធនាការឃោសនាមួយ នៅខាងក្រៅស្ថានីយរថភ្លើងនៅក្នុងទីក្រុង Nara ភាគខាងកើតទីក្រុង Osaka នៅពេលដែលបុរសម្នាក់ដែលប្រដាប់ដោយកាំភ្លើងបានដើរមកជិតលោក ពីខាងក្រោយ។
បន្ទាប់ពីករណីផ្ទុះអាវុធ២គ្រាប់ លោក Abe បានដួលនៅលើដី ហើយបានហូរឈាម។ វីដេអូបង្ហោះលើបណ្តាញព័ត៌មានសង្គមបានបង្ហាញឲ្យឃើញមនុស្សឈរប្រវេសប្រវាសជួយលោក Abe ដែលបានដេកសន្ធឹងនៅលើដីបាត់បង់ស្មារតី។
លោក Abe អាយុ ៦៧ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាទីកន្លែងដែលបណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថា លោកបានគាំងបេះដូងលេងដើរ។
ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ថា ជនដែលរងការចោទប្រកាន់ថាជាអ្នកបាញ់ វ័យ ៤១ ឆ្នាំមកពីទីក្រុង Nara ត្រូវបានចាប់ខ្លួន។ បុរសនោះត្រូវបានគេដឹងថាមានឈ្មោះថា Tetsuya Yamagami។ ទូរទស្សន៍ NHK បានរាយការណ៍ទៀតថា បុរសនោះធ្លាប់បម្រើនៅក្នុងកងទ័ពជប៉ុនរយៈពេលបីឆ្នាំ។ ទូរទស្សន៍ NHK ក៏បានបញ្ជាក់ទៀតថា កាំភ្លើងដែលប្រើនៅក្នុងការបាញ់ប្រហារនោះ ទំនងជាច្នៃឡើងដោយខ្លួនឯង។ NHK បានបន្ថែមថា បុរសនេះបានប្រាប់ប៉ូលិសថា គាត់មិនពេញចិត្តនឹងលោក Abe ហើយចង់សម្លាប់លោក។
លោក Abe បានថ្លែងនៅឯពិធីយុទ្ធនាការឃោសនាតូច មុនការបោះឆ្នោតព្រឹទ្ធសភាជប៉ុន។ NHK បានរាយការណ៍ថា គម្រោងឃោសនារបស់លោក Abe បានត្រូវចេញផ្សាយមួយថ្ងៃមុន។
លោកនាយករដ្ឋមន្ត្រី Fumio Kishida បានថ្កោលទោសការវាយប្រហារដ៏ព្រៃផ្សៃនេះដោយនិយាយថា ការវាយប្រហារនេះបានកើតមានឡើងក្នុងអំឡុងនៃការបោះឆ្នោតដែលជាកិច្ចការដ៏សំខាន់បំផុតនៃលទ្ធិប្រជាធិបតេយ្យរបស់ជប៉ុន។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើករណីបាញ់ប្រហារនេះទាក់ទិនខាងនយោបាយឬយ៉ាងណានោះ។ ក្រុមមន្ត្រីជប៉ុនបាននិយាយថា ដំណើរការបោះឆ្នោតនឹងបន្ត៕