ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ផលិតករ​ភាពយន្ត​«ខ្ញុំ​គឺ​ឈុត វុទ្ធី‍»

  • នៅ វណ្ណារិន

កញ្ញា​ Fran Lambrick​ អ្នក​ដឹកនាំ​ផលិត​ភាព​យន្ត​ឯកសារ​ "I am Chut Wutthy (ខ្ញុំ​គឺ​ជា​ ឈុត​ វុទ្ធី​)" ក្រោយ​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៦។​ ភាព​យន្ត​​ឯកសារ​នេះ​ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ហាម​មិន​ឲ្យ​បញ្ចាំង​ជា​សាធារណៈ​ នា​ពេល​ថ្មីៗ​នេះ។​ (នៅ​ វណ្ណារិន​/VOA)

ខ្សែ​​​ភាពយន្ត​​នេះ​និយាយ​អំពី​សកម្មជន​ព្រៃឈើ​ ដែល​ពួកគាត់​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា។​ ដោយ​ចំពោះ​នោះ​ គឺ​ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​លោក ឈុត វុទ្ធី។

កំណត់​និពន្ធ៖ ភាពយន្ត​ឯកសារ​មួយ​ស្តី​ពី​វីរភាព​របស់​សកម្មជន​ការពារព្រៃឈើ​កម្ពុជា​ ​ដែល​ពលី​ជីវិត​ ​គឺ​លោក​ ឈុត វុទ្ធី​ ​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ចាក់​ផ្សាយ​ជា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​ ​អ្នក​ដឹកនាំ​ផលិត​ឯកសារ​នេះ គឺ ​កញ្ញា​ Fran Lambrick ​ថ្លែង​ថា​ ភាពយន្ត​នេះ​ គួរ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​គាំទ្រ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​បញ្ចាំង​ជា​សាធារណៈ​ដោយសារ​តែ​វា​មិន​បាន​ប៉ះពាល់​និង​ចោទ​ជន​ណា​ម្នាក់​នោះ​ទេ។​ ជាង​នេះ​ទៀត​ ភាពយន្ត​ឯកសារ​នេះ​គឺ​និយាយ​ពី​វីរភាព​របស់​លោក ​ឈុត វុទ្ធី​ និង​ការពារ​ព្រៃឈើ​កម្ពុជា។ ​លោក ​នៅ វណ្ណារិន ​នៃ​ VOA ​បាន​ធ្វើ​បទសម្ភាសន៍ផ្តាច់មុខ​ជាមួយ​នឹង​កញ្ញា​បណ្ឌិត​ Fran Lambrick​ អ្នក​ដឹកនាំ​ផលិត​ឯកសារ​ «I Am Chut Wutty‍» ​ឬ​«ខ្ញុំ​គឺ​ឈុត វុទ្ធី‍»​ អំពីភាពយន្ត​ឯកសារ​នេះ​និង​គម្រោង​អនាគត​នៃ​ការ​បញ្ចាំង​ភាពយន្ត​នេះ​លើ​អ៊ីនធឺណិត។

សូម​ចុច​ស្តាប់​និង​អាន​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

VOA: បាទ សូម​អរគុណ​កញ្ញា​បណ្ឌិត Lambrick ដែល​បាន​មក​ VOA នា​ថ្ងៃ​នេះ។​

Fran Lambrick: មិន​អី​ទេ។​

VOA: កញ្ញា​បណ្ឌិត Lambrick គឺ​ជា​អ្នកដឹកនាំ​ផលិត​ភាពយន្ត​ឯកសារ​មួយ​ឈ្មោះ​ថា​ «ខ្ញុំ​គឺ​ជា​ ឈុត​ វុទ្ធី» ប៉ុន្តែគួរ​ឲ្យ​សោកស្តាយ​ដែល​ភាពយន្ត​ឯកសារ​នេះ​ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បញ្ចាំង​ដោយក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។​ ដូច្នេះ​កញ្ញា​អាច​ប្រាប់​បាន​ទេ​ថា​ តើ​ភាពយន្ត​ឯកសារ​នេះ​និយាយ​អំពី​អ្វី?

Fran Lambrick: ខ្សែ​ភាពយន្តនេះ​និយាយ​អំពី​សកម្មជន​ព្រៃឈើ​ ដែល​ពួកគាត់​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា។​ ដោយ​ចំពោះ​នោះ​ គឺ​ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​លោក ឈុត វុទ្ធី។​ ខ្ញុំ​បាន​ថត​គាត់​កាល​ពី​ឆ្នាំ២០១១។​ ខ្ញុំ​បាន​ជួប​គាត់​នៅ​ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ថត​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដែល​ដើរ​ល្បាត​ព្រៃ។​ ពួកគេ​បាន​ស៊ើបអង្កេត​ការ​កាប់ព្រៃ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​មួយ​ដែល​ព្រៃឈើត្រូវ​បាន​កាប់​បំផ្លាញ​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ»។ ហើយ​វា​បាន​បំផ្លាញ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេចាត់​វិធានការ។​ ខ្ញុំ​បាន​ជួប​លោក ឈុត វុទ្ធី​ នៅ​ព្រឹក​នោះ។ មាន​ប្រជាជន​៥០០​នាក់​ ដែល​រៀប​ចំ​ខ្លួន​រួច​រាល់​ដើម្បី​ដើរ​ល្បាត។ យើង​បាន​ជួប​គ្នា។ យើង​បាន​ជិះ​ឡាន​ជាមួយ​គ្នា។

រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា លើក​ដៃ​បង្ហាញ​តំបន់​ព្រៃ​នៅ​ឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង កាលពីខែ​កុម្ភៈ ឆ្នាំ២០១២។
រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា លើក​ដៃ​បង្ហាញ​តំបន់​ព្រៃ​នៅ​ឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង កាលពីខែ​កុម្ភៈ ឆ្នាំ២០១២។

គាត់​គឺ​ជា​មនុស្ស​ស្វាហាប់​ ឆាប់​ចូល​ចំណោម​ ជា​មនុស្ស​មាន​ការទាក់​ទាញ​ម្នាក់។ គាត់​បាន​សួរ​ខ្ញុំ​សំណួរ​ទាំង​នេះ​ថា​ «មក​ពី​ណា តើ​កំពុង​ធ្វើ​អ្វី»។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ការ​ផលិត​ភាពយន្ត​ឯកសារ។ នា​ពេល​បន្ទាប់​មក​នៅ​ថ្ងៃ​នោះ​ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​លោក​ វុទ្ធី ​នៅ​ក្នុង​ពេលបាតុកម្ម ហើយ​គាត់​ត្រូវ​បាន​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​ដែល​នៅ​ទីនោះ​ មក​វាយ​ប្រហារ​ពី​ក្រោយ​ ហើយ​បាន​រុញ​គាត់​ទៅ​នឹង​ដី។ គេ​ភ្ជង់​គាត់​នឹង​កាំភ្លើង​ ហើយ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ជួយ​គាត់។ នោះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ។​ នៅ​ពេល​នោះ​ ខ្ញុំ​មាន​បំណង​គ្រាន់​តែ​ផលិត​ភាពយន្ត​ឯកសារ​ខ្លី​មួយ​ប៉ុណ្ណោះ។​ ពេល​នោះ​ខ្ញុំ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​សម្រាប់​ថ្នាក់​បណ្ឌិតរបស់​ខ្ញុំ​នៅ​ក្នុង​ព្រៃឡង់។ ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ព្រៃ​សហគមន៍។ ហើយ​៥​ខែ​ក្រោយ​មក​ លោក​ ឈុត​ វុទ្ធី​ ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​កាប់​ឈើ​ខុស​ច្បាប់​មួយ​ នៅ​ជួរ​ភ្នំ​ក្រវាញ។​

VOA: ខ្ញុំ​បាន​ដឹង​ថា​ ​ភាពយន្ត​ឯកសារ​នេះត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បញ្ចាំង​នៅមេត្តាហោស៍​ (Meta House) ក្នុង​សប្តាហ៍​នេះ។ តើ​ភាពយន្ត​ឯកសារ​នេះ​មាន​សារសំខាន់​អ្វី​ខ្លះ​ (បាន​គេ​មិន​ឲ្យ​បញ្ចាំង)?

Fran Lambrick: ខ្ញុំ​យល់​ថា​ ភាពយន្ត​នេះ​ពិត​ជា​សំខាន់​ណាស់ ដោយសារ​តែ​ ភាព​យន្ត​ឯកសារ​នេះ​មាន​តួ​អង្គ​គំរូ​មួយ​ ជា​ស្នូល​នៃ​សាច់រឿង។ ដូច្នេះ ឈុត​ វុទ្ធី​ គឺ​ជា​តួអង្គ​ដែល​មាន​ភាព​ក្លាហាន និង​បាន​បំផុស​ស្មារតី​ទៅ​ដល់​មនុស្ស​ជា​ច្រើន​រយ​នាក់​នៅ​កម្ពុជា ​ដែល​បាន​ស្គាល់​គាត់​ ដែល​បាន​ធ្វើ​តាម​គាត់​ និង​ចង់​ឲ្យ​គាត់​ជួយ​ ជាពិសេស​នៅ​ពេល​ដែល​ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​ឬមាន​ការកាប់​ព្រៃ​ឈើ​ក្នុង​សហគមន៍​របស់​ពួកគេ។​ ភាពយន្ត​មួយ​នេះ​ បាន​បំផុស​គំនិត​មនុស្ស​ជា​ច្រើន​ ក៏ព្រោះ​តែ​លោក​ ឈុត​ វុទ្ធី​ គឺ​ជា​វីរជន​ ហើយ​ក៏​ព្រោះ​តែ​លោក ឈុត​ វុទ្ធី ​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវ»។​ នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត។

ប៉ុន្តែ​ខ្ញុំ​មិន​យល់​ថា​ ហេតុ​អ្វី​បាន​ជា​មាន​ការហាម​ឃាត់​មិន​ឲ្យ​បញ្ចាំង​នា​ពេល​ឥឡូវ​នេះ​ទេ​ ពី​ព្រោះ​ខ្ញុំ​មិន​គិត​ថា​នេះ​ជា​ភាពយន្ត​ឯកសារ​រសើប​ខាង​នយោបាយ​នោះ​ទេ។​ លោក​ ឈុត​ វុទ្ធី​ ត្រូវ​បាន​សម្លាប់​កាល​ពី​៤​ឆ្នាំ​មុន មិន​មែន​នៅ​ពេល​ថ្មីៗ​នេះ​ទេ ហើយ​អ្វី​ទាំង​អស់​ដែល​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ ត្រូវ​បាន​ដឹង​ជា​សាធារណៈ​រួច​ទៅ​ហើយ។ នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ មិន​មាន​ទម្លាក់​កំហុស​ទៅ​អ្នកណា​ម្នាក់​ឡើយ។ វា​មិន​បាន​ចង្អុល​បង្ហាញ​ផ្ទាល់​នោះ​ទេ​ ប៉ុន្តែ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​រិតត្បិត​ទៅ​លើ​ក្រុម​ប្រជាជនដែល​ក្រោកឈរ​ការពារ​សិទ្ធិ​របស់​ពួកគេ​ ជាពិសេស​ទៅ​លើ​បរិស្ថាន​ជុំវិញ​ពួកគេ។​

រូបឯកសារ៖ លោក ឈុត វុទ្ធី ឈរ​នៅ​ពីមុខ​ឈើ​ដែល​ឈ្មួញ​បាន​អារ នៅ​ក្នុង​ព្រៃ​ជ្រៅមួយនៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ២០១២។
រូបឯកសារ៖ លោក ឈុត វុទ្ធី ឈរ​នៅ​ពីមុខ​ឈើ​ដែល​ឈ្មួញ​បាន​អារ នៅ​ក្នុង​ព្រៃ​ជ្រៅមួយនៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ២០១២។

VOA: បាទ​! ខ្ញុំ​គិត​ថា​ លោក​ ឈុត​ វុទ្ធី​ គឺ​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​ក្រោកឈរ​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គិត​អំពី​ការ​ដាក់​ព្រៃឡង់​ជា​ព្រៃ​ការពារ។ ថ្មីៗ​នេះ​ លោក​នាយករដ្ឋមន្រ្តី​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​មានគម្រោង​ដាក់​ព្រៃឡង់​ជា​ព្រៃ​ការពារ។​ ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ​ លោកឯកអគ្គរដ្ឋទូត​ William Heidt​ បាន​ធ្វើ​ទស្សនកិច្ច​លើ​អាកាស​ ពិនិត្យមើល​ព្រៃឡង់។ ដូច្នេះ​ តើ​លោក​ ឈុត វុទ្ធី​ ឬ​ក៏​ភាពយន្ត​ឯកសារ​នេះ​ បាន​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ព្រៃឡង់​ដល់​កម្រិត​ណា?​

Fran Lambrick: ចាស​ ខ្ញុំ​សង្ឃឹម​ថា​ វា​នឹង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ព្រៃឡង់។​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ វា​បាន​បង្ហាញ​ពី​របៀប​ដែល​ព្រៃឡង់​ត្រូវ​បាន​ការពារ​ក្រោម​ការដឹកនាំ​ដោយ​សហគមន៍​ដែល​នៅ​ទីនោះ។​ លោក​ វុទ្ធី​ បាន​ធ្វើ​ការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​សហគមន៍​ ផ្តល់​យោបល់​ដល់​ពួកគេ។​ ប៉ុន្តែ​គាត់​មិន​មែន​ជា​អ្នក​ដឹក​នាំ​ក្រុម​នោះ​ទេ។​ ហើយ​ការណ៍​ពិត​ទៅ​ គឺ​គ្មាន​អ្នក​ដឹកនាំ​នៅ​ក្នុង​ក្រុម​នោះ​ទេ។​ ពួកគេ​សហការណ៍​គ្នា​នៅ​ទូទាំង​៤​ខេត្ត​នោះ។​ នោះ​គឺ​ជា​បណ្តាញ​សហគមន៍​មូលដ្ឋាន – គឺ​សហគមន៍​ព្រៃ​ឡង់។​ ហើយ​ថ្មីៗ​នេះ​ ពួកគេបាន​ទទួល​ពាន​រង្វាន់​ UN Equator Prize នៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។ ដូច្នេះ​ពួកគេ​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ការពារ​ព្រៃ​នោះ។ លោក​ ឈុត វុទ្ធី​ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ជួយ​ចាប់​ផ្តើម​និង​កសាង​បណ្តាញ​នេះ។ ខ្ញុំ​គិត​ថា​ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ដែល​ភាពយន្ត​ឯកសារ​នោះ​បាននិយាយ​អំពី​ព្រៃ​ឈើ។ នៅ​ពេល​ពួកយើង​ផលិត​ភាពយន្ត​ឯកសារ​នោះ​ ពួក​យើង​បាន​ផ្តិត​រូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​ព្រៃ​នោះ​ដោយ​លម្អិត​ ដើម្បីឲ្យ​ព្រៃ​នោះក្លាយ​ទៅ​ជា​ប្រធាន​បទ​មួយ​ ដែល​អ្នក​ទស្សនាចាប់​ផ្តើម​ស្រឡាញ់​ ហើយ​ចង់​យក​ចិត្ត​ទុកដាក់​ពី​វា។​ ហើយ​វា​ជា​ការ​តស៊ូ​ដើម្បី​ជីវិត​លោក​ ឈុត​ វុទ្ធី​ និង​ការតស៊ូ​ដើម្បី​ជីវិត​នៃ​ព្រៃឈើ​នេះ។

VOA: ខ្ញុំ​បាន​សួរ​ទៅ​កាន់អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អំពី​ភាពយន្ត​ឯកសារ​នេះ។​ លោក​បាន​និយាយ​ថា​ មាន​កត្តា​ពីរ​យ៉ាង​ដែល​ភាព​យន្ត​នេះ​ត្រូវ​បាន​ហាម​ឃាត់។ ទី​មួយ​ គឺ​ភាពយន្ត​នេះ​មិន​បាន​សុំ​ការអនុញ្ញាត​ឬ​អាជ្ញាប័ណ្ណ​ ពី​ក្រសួង​មុន​ចុះ​ថត។​ ហើយ​បន្ទាប់​ពី​ថត​ អ្នក​នាំ​ពាក្យ​នោះ​និយាយ​ថា ​អ្នក​ដឹកនាំ​ផលិត​ភាពយន្ត​ឯកសារ​ត្រូវ​ដាក់​ភាពយន្ត​នោះ​ឲ្យ​ក្រសួង​ពិនិត្យ​មុន​នឹង​អាច​បញ្ចាំង​បាន។ តើ​កញ្ញា​ឆ្លើយ​តប​យ៉ាង​ណាដែរ​ ចំពោះ​ការលើក​ឡើង​នេះ?

​Fran Lambrick: ខ្ញុំ​ចង់​ពន្យល់​បង្ហាញ​ថា​ ពី​ដំបូង​ឡើង​ដែល​យើង​ចាប់​ផ្តើម​ថត​ យើង​មិន​មាន​បំណង​ថត​ជា​ភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​វែង​សម្រាប់​ការផ្សាយ​ជា​សាធារណៈដូចនេះ​ទេ។ យើង​គ្រាន់​តែគ្រោង​ផលិត​ភាពយន្ត​ឯកសារ​ខ្លី​មួយ​ ហើយ​ដាក់​បង្ហោះ​លើ​បណ្តាញ​ YouTube ដូច្នេះ​គេ​អាច​មើល​វា​ដោយ​សេរី​នៅ​គ្រប់​ប្រទេស។ ហើយ​ពី​ដំបូង ​យើង​មិន​បាន​សុំ​ការ​អនុញ្ញាត​នោះ​ទេ។ ខ្ញុំ​គិត​ថា​ ពួកគេ​គួរ​តែ​ដក​ការ​ហាមឃាត់​នេះ​ចេញ​ ហើយ​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចាំង​ភាពយន្ត​នេះ​ ពី​ព្រោះ​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​ប្រជាជន​កម្ពុជា។ នេះ​គឺ​ជា​តួនាទី​សំខាន់​របស់​ក្រសួង​វប្បធម៌​ ដោយ​មិន​ត្រូវ​គាប​សង្កត់​រឿងរ៉ាវ​អំពី​វីរជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ត្រូវ​លើកតម្លៃ​ពួកគេ​ និង​ចែក​រំលែក​រឿងរ៉ាវ​របស់​ពួកគេ​ទៅ​កាន់​ពិភពលោក។

VOA:​ និយាយ​ទាក់​ទង​អំពី​ការ​ដក​អាជ្ញាប័ណ្ណ​និង​បទពិសោធន៍​អំពី​អាជ្ញាប័ណ្ណ​ភាពយន្ត​វិញ។ បើ​តាម​បទ​ពិសោធន៍​របស់​លោក​ស្រី​ តើ​មាន​ការហាម​ឃាត់​របៀប​នេះ​ នៅ​ប្រទេស​ផ្សេង​ដែរ​ឬ​ទេ?​

Fran Lambrick: ខ្ញុំ​គិត​ថា​ ភាគ​ច្រើន​ភាពយន្ត​បែប​នោះ​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ប្រទេស​ដែល​មាន​របប​គ្រប់​គ្រង​ផ្តាច់ការ។​ នៅ​លើ​គេហទំព័រ Wikipedia មាន​បញ្ជីអំពី​ភាពយន្ត​នៅ​ទូទាំង​ពិភពលោក​ ដែល​ត្រូវ​បាន​ហាមឃាត់។ ក្នុង​នោះ​ក៏​មាន​ភាពយន្ត​ល្អៗ​ច្រើន​ដែរ។ ខ្លះ​ទៀត​ជា​រឿង​កំប្លែង។​ វា​ពិត​ជា​ចម្លែក​ដែរ​ ដែល​បែប​រឿង​នោះ​ត្រូវ​បាន​ហាម​ឃាត់។ ហើយ​ក៏​ត្រូវ​បាន​ហាម​ឃាត់​ក្រោម​របប​គ្រប់គ្រង​ ណាហ្ស៊ី​អាល្លឺម៉ង់​ និង​នៅ​ប្រទេស​ដែល​មាន​ការ​ប៉ះពាល់​ទៅ​លើ​សាសនា​ ដោយ​មាន​ការបង្ហាញ​ទាក់​ទង​នឹង​រឿង​ផ្លូវ​ភេទ​ ឬ​មាន​ការបង្ហាញ​មិន​សមរម្យ​ទៅ​លើ​វប្បធម៌​របស់​ប្រទេសនោះ។ ប៉ុន្តែ​ភាពយន្ត​ឯកសារ​នេះ​ មិន​មាន​កត្តា​ទាំង​នោះ​ទេ។​ វា​ជា​ភាពយន្ត​ឯកសារ​វិជ្ជមាន​មួយ​ ​បង្ហាញ​ពី​ប្រជាជន​ដែល​ក្រោក​ឈរ​ដើម្បី ​ការពារ​បរិស្ថាន​របស់​ពួកគេ។​ ​តាម​គំនិត​ខ្ញុំ​ ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ស្វាគមន៍​ភាពយន្ត​ឯកសារ​នេះ​ ហើយ​គួរ​តែ​មាន​មោទនភាព​ពី​វា​ ព្រោះ​ថា​វា​គឺ​ជា​រឿង​រ៉ាវ​នៃ​ប្រជាជន​ដែល​ការពារ​សម្បត្តិ​ជាតិ​កម្ពុជា។​

រូបឯកសារ៖ មនុស្សម្នា​នាំ​គ្នា​ដើរ​ហែរក្បួនមួយ​ទៅកាន់​កន្លែង​កើត​ហេតុ ដែល​លោក ឈុត វុទ្ធី ត្រូវបាន​បាញ់​សម្លាប់ នៅ​ខេត្ត​កោះកុង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២។
រូបឯកសារ៖ មនុស្សម្នា​នាំ​គ្នា​ដើរ​ហែរក្បួនមួយ​ទៅកាន់​កន្លែង​កើត​ហេតុ ដែល​លោក ឈុត វុទ្ធី ត្រូវបាន​បាញ់​សម្លាប់ នៅ​ខេត្ត​កោះកុង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២។

VOA: ខ្ញុំ​បាន​មើល​ភាពយន្ត​នេះ​តាម​អ៊ីនធឺណិត។ ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ដែល​បាន​មើល​ភាពយន្តនេះ ហើយ​ភាពយន្តហ្នឹង​ពិត​ជា​ល្អ​មើល​ណាស់។ ខ្ញុំ​មិន​ដែល​បាន​មើល​ភាពយន្ត​ល្អ​មើល​បែប​នេះ​ នោះ​ទេ គឺ​ភាពយន្តដែល​តួ​អង្គ​ ពោល​គឺ​សកម្មជន​បរិស្ថាន​ ក្រោក​ឈរ​ការពារ​ព្រៃ​និង​ផ្ទះ​របស់​ពួកគេ។ ដូច្នេះ តើ​កញ្ញា​ធ្លាប់​ឃើញ​សកម្មភាព​បែប​នេះ​នៅ​ក្នុង​ប្រទេស​របស់​កញ្ញា ឬ​ប្រទេស​ដទៃ​ទៀត​ដែរ​ឬ​ទេ?​

Fran Lambrick: វា​ក៏​កើត​មាន​នៅ​ក្នុង​ប្រទេស​ដទៃ​ដែរ។ ខ្ញុំ​ធ្លាប់​ឃើញ​រឿង​បែប​នេះ។ មាន​ចលនា​បរិស្ថាន​គ្រប់​ទី​កន្លែង ដែល​នេះ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ និង​ផុសផុល​មែន​ទែន ប៉ុន្តែ​ខ្ញុំ​គិត​ថា រឿង​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​និយាយ​ច្រើន​នោះ​ទេ ហើយ​ជា​រឿយៗ​សកម្មជន​បរិស្ថាន​ ឬ​អ្នក​ដែល​ការពារ​បរិស្ថាន​ប្រឆាំង​នឹង​ប្រយោជន៍​របស់​អ្នក​មាន​អំណាច​ ជា​អ្នក​និយាយ​រឿង​ទាំង​នេះ។ ជារឿយៗ ពួកគេ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ឧក្រិដ្ឋជន​ ដែល​មាន​ប្រព្រឹត្ត​អ្វី​មួយ​ខុស ដោយសារ​តែ​មនុស្ស​ទាំង​នោះ​គឺ​ជា​អ្នក​ជួយ​សង្រ្គោះ​ផែនដី​យើង​ទាំង​មូល។ ពួកគេ​គឺជា​មនុស្ស​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​នៅ​ពេល​នេះ ដូចជា​បម្រែបម្រួល​អាកាសធាតុ និង​អ្វីៗ​ដែល​យើង​កំពុង​ប្រឈម។ ដូច្នេះ​មាន​រឿង​មិន​គួរ​ឲ្យ​ជឿ​ផ្សេង​ទៀត។ ឧទាហរណ៍​ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល មិត្តភក្តិ​ខ្ញុំ​ម្នាក់​ផលិត​ខ្សែ​ភាព​យន្ត​អំពី​សកម្មជន​ការពារ​ព្រៃ​ឈើ​ពីរ​រូប ដែល​ការពារ​និង​អភិរក្ស​ព្រៃ​នៅ​ប្រេស៊ីល។ គាត់​ផលិត​រឿង​និយាយ​ពី​ពួកគេ។ ចុង​ក្រោយ​ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​គេ​សម្លាប់។ គាត់​ក៏​បន្ត​ផលិត​ខ្សែ​ភាព​យន្ត​ដែល​និយាយ​ពី​ពួកគេ។ វា​ជា​រឿង​បំផុស​ទឹក​ចិត្ត​មួយ។ ហើយ​ខ្ញុំ​គិត​ថា រឿង​នេះ​អាច​នឹង​ធ្វើ​ស្ថានភាព​ប្រែប្រួល។ ​រដ្ឋាភិបាល​ចាត់​វិធានការ​ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​មុន​ពេល​ចេញ​ផ្សាយ​រឿង​នេះ។ កម្រិត​និទណ្ឌភាព​ក៏​មិន​ដូច​មុន​ដែរ។

VOA: បាទ!​ វា​ជា​រឿង​ដ៏​កម្សត់​មួយ ដោយសារ​តែ​សកម្មជន​នៅ​ផ្ទាល់​នឹង​បរិស្ថាន​ប្រឈម​មុខ​នឹង​រឿង​ជាច្រើន ហើយ​ជួនកាល​ពួកគេ​ប្រថុយប្រថាន​ជីវិត​របស់​ពួកគេ​ទៅ​ទៀត ដូច​អ្នក​កាសែត​អញ្ចឹង ដែល​ប្រថុយប្រថាន​ជីវិត​ដើម្បី​ធ្វើ​របាយការណ៍​បរិស្ថាន។ តើ​កញ្ញា​គិត​ថា រឿង​នេះ​អាច​នឹង​លើក​ទឹក​ចិត្ត​ដល់​សកម្មជន​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឬ​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​លើ​សកម្មភាព​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​ដែរ​ឬ​ទេ?​

Fran Lambrick: ​ខ្ញុំ​សង្ឃឹម​យ៉ាង​ដូច្នេះ។ ខ្ញុំ​គិត​អញ្ចឹង ដោយ​សារ​វា​បាន​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ជាច្រើន​រួច​ហើយ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា រឿង​ហ្នឹង​លើក​ទឹក​ចិត្ត​ពួកគេ។ ចំពោះ​មនុស្ស​ខ្លះ ពួកគេ​ប្រហែល​យល់​ថា រឿង​នេះ​ជា​រឿង​សោកនាដកម្ម​មួយ ហើយ​ក៏​គួរ​ឲ្យ​ខ្លាច​ខ្លះ​ដែរ ដោយសារ​តែ​ការ​ប្រឈម​របស់​លោក ឈុត​ វុទ្ធី ការ​វាយប្រហារ និង​អំពើ​ហិង្សា​ហ្នឹង​វា​ធ្ងន់ធ្ងរ​ពេក។ ខ្ញុំ​ក៏​អញ្ចឹង​ដែរ។ នៅ​ពេល​មើល​រឿង​នេះ ខ្ញុំ​យល់​ថា វា​មាន​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខ្លាច ប៉ុន្តែ​វា​ក៏​លើក​ទឹក​ចិត្ត​ដែរ។ ខ្ញុំ​គិត​ថា មនុស្ស​ម្នា​អាច​ឆ្លង​ផុត​ការ​ភ័យ​ខ្លាច​នោះ។ ខ្ញុំ​គិត​ថា មនុស្ស​ម្នា​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។ ប៉ុន្តែ​ ខ្ញុំ​យល់​ថា មនុស្ស​ច្រើន​ណាស់​នឹង​យល់​ថា ចង់​ឲ្យ​វា​កាន់​តែ​សកម្ម​និង​មាន​ភាព​ក្លាហាន​ជាង​នេះ។​

ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

VOA: ​ពាក់ព័ន្ធ​នឹង​ព្រៃ​ឡង់​ ​រដ្ឋាភិបាល​បាន​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការពារ​ទៅ​ហើយ​នា​ពេល​នេះ។ តើ​កញ្ញា​គិត​ថា នេះ​ដោយសារ​តែ​បណ្តាញ​ព្រៃ​ឡង់ ឬ​ដោយសារ​តែ​លោក ឈុត​ វុទ្ធី ឬ​ដោយសារ​តែ​សកម្មជន​ផ្សេងៗ​ទៀត?​

​Fran Lambrick: ខ្ញុំ​គិត​ថា វា​ជា​ការ​ខំប្រឹង​រួម​គ្នា។​ ​ខ្ញុំ​យល់​ថា វា​ជា​រឿង​អស្ចារ្យ​មួយ​ដែល​ព្រៃ​នេះ​ត្រូវ​បាន​ដាក់​ជា​ព្រៃ​ការពារ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ការ​អនុវត្ត​បទ​បញ្ហា​នោះ និង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ និង​ការ​រក្សា​ព្រៃ ជា​ការងារ​ និង​តួនាទី​ដ៏​ធំ សម្រាប់​បណ្តាញ​ និង​សហគមន៍​ព្រៃ​ឡង់ សកម្មជន​ផ្សេងៗ​ទៀត ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។ ខ្ញុំ​គិត​ថា ដោយ​សារ​តែ​ពេល​វា​ជា​ព្រៃ​ការពារ​ជា​ផ្លូវ​ការ​ហើយ ដើម្បី​អនុវត្ត​ច្បាប់​នោះ​ដើម្បី​ឲ្យ​ព្រៃ​ហ្នឹង​ពិត​ជា​ត្រូវ​បាន​ការពារ រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ជិត​ស្និទ្ធ​ជាមួយ​នឹង​សហគមន៍​នៅ​ទីនោះ។​

VOA: សំណួរ​ចុង​ក្រោយ​របស់​ខ្ញុំ​អំពី​ខ្សែ​ភាពយន្ត​របស់​កញ្ញា គឺ​ថា តើ​កញ្ញា​មាន​គម្រោង​អ្វី​នា​ពេល​អនាគត​ជាមួយ​នឹង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ?​

​Fran Lambrick: ជាមួយ​នឹង​ខ្សែ​ភាពយន្ត​នេះ យើង​កំពុង​រៀបចំ​យុទ្ធនាការ​មួយ​ដើម្បី​គាំទ្រ​ដល់​អ្នក​ការពារ​បរិស្ថាន មាន​ដូច​ជា​សកម្មជន ដូច​ដែល​អ្នក​ថា អ្នក​កាសែត សហគមន៍​មូលដ្ឋាន អ្នក​ដែល​តតាំង​ដើម្បី​ការពារ​បរិស្ថាន និង​អ្នក​ដែល​ប្រថុយប្រថាន​ធ្វើ​បែប​នេះ។ យុទ្ធនាការ​នោះ​មាន​ឈ្មោះ​ថា «គ្មាន​ទៀត​ទេ» ឬ​ជា​ភាសា​អង់គ្លេស​ថា «Not1More» ដោយសារ​វា​ត្រូវ​បាន​បំផុស​ដោយ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ដោយសារ​រឿង​នេះ។ គោលបំណង​របស់​យើង​គឺ​ត្រូវ​បង្កើត​បណ្តាញ​មួយ និង​លើក​ទឹក​ចិត្ត​មនុស្ស​ម្នា​ឲ្យ​មាន​ភាព​សកម្ម និង​គាំទ្រ​អ្នក​ដែល​នៅ​ការពារ​ផ្ទាល់ ពោល​គឺ​អ្នក​ដែល​ប្រឈម​នឹង​ការ​គំរាមកំហែង ប្រឈម​នឹង​ការ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ផ្សេងៗ ឲ្យ​បង្កើត​បណ្តាញ​ដើម្បី​ជួយ​ពួកគេ។

យើង​ក៏​មាន​គោលដៅ​នៅ​ក្នុង​ការ​កំណត់​ឡើង​នូវ​អ្វី​ដែល​អាច​អនុវត្ត​បាន​ រួម​មាន​ការ​ផ្សារ​ភ្ជាប់​បណ្តាញ​ប្រជាជន​ដើម្បី​ផ្តល់​ការ​គាំទ្រ។ ជា​ឧទាហរណ៍ អ្នក​ប្រឹក្សា​យោបល់​ស្ថាបនិក​ម្នាក់​របស់​យុទ្ធនាការ​នេះ​គឺ​លោក អ៊ុច ឡេង ដែល​នា​ពេល​ថ្មីៗ​នេះ​បាន​ទទួល​ពានរង្វាន់​ Goldman ​ផ្នែក​ការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco)។​ គាត់​ជា​អ្នក​ធ្វើ​យុទ្ធនាការ​មិន​គួរ​ឲ្យ​ជឿ​ម្នាក់ និង​ជា​មនុស្ស​ដែល​ធ្វើ​ការ​លើក​ទឹក​ចិត្ត​ខ្លាំង។ គាត់​ប្រថុយប្រថាន​នឹង​សុវត្ថិភាព​របស់​ខ្លួន។ ដូច្នេះ យើង​កំពុង​ធ្វើ​ការ​ជាមួយ​គាត់​ដើម្បី​ជួយ​រក្សា​សុវត្ថិភាព​ជូន​គាត់។ គាត់​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ​ដែរ និង​ជា​មនុស្ស​ម្នាក់​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ និង​ការ​ការពារ​ល្អ​ជាង​នេះ​សម្រាប់​អ្នក​បរិស្ថាន។​

VOA: ​សូម​អរគុណ​ កញ្ញា Fran Lambrick សម្រាប់​ការ​ចំណាយ​ពេល​វេលា​របស់​កញ្ញា។

​Fran Lambrick: សូម​អរគុណ៕

XS
SM
MD
LG