សកម្មជនការពារព្រៃឡង់ដែលខិតខំការពារព្រៃទឹកភ្លៀងធំបំផុតចុងក្រោយនៅក្នុងតំបន់មួយនេះកំពុងប្រឈមនឹងការខ្វះខាតក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារ។ សកម្មជនទាំងនេះចង់ឲ្យមានគម្រោងជួយសម្រួលបន្ទុកជីវភាពប្រចាំថ្ងៃដែលអាចឲ្យពួកគាត់ការពារព្រៃឡង់ដោយមិនមានការបារម្ភ។
ព្រៃឡង់លាតសន្ធឹងនៅក្នុងខេត្តចំនួនបួន រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និងព្រះវិហារ។ ព្រៃទឹកភ្លៀងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅតែទទួលរងការកាប់បំផ្លាញពីអ្នកកាប់ព្រៃឈើខុសច្បាប់ឥតឈប់ឈរ។
ប្រជាជនដែលរស់នៅក្នុងតំបន់ព្រៃឡង់ រកស៊ីចិញ្ចឹមជីវិតដោយពឹងផ្អែកលើអនុផលព្រៃឈើ ដូចជាការដងជ័រ និងការធ្វើស្រែចម្ការ។ ដោយមានការព្រួយបារម្ភពីការបាត់បង់ព្រៃឈើនិងការបាត់បង់ប្រភពចំណូល ប្រជាជនមួយចំនួនបានស្ម័គ្រចិត្តធ្វើជាសកម្មជនការពារព្រៃនេះ។
លោក ផៃ ប៊ុនឡេង អាយុ៥៦ឆ្នាំ គឺជា សកម្មជនព្រៃឡង់ស្ម័គ្រចិត្តម្នាក់របស់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងខេត្តក្រចេះរយៈពេល២០ឆ្នាំមកហើយ ។
ខណៈដែលលោកនៅតែបន្តយាមល្បាតនិងការពារមិនឲ្យមានការកាប់ឈើខុសច្បាប់ លោកសង្ឃឹមថា កសិករដែលជាសកម្មជនស្ម័គ្រចិត្ត នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលនិងជំនួយពីអង្គការនានាដើម្បីផ្គត់ផ្គង់គ្រួសារ។
លោកបានប្រាប់ VOA ថា៖
«ពេលណាគាត់ចូលព្រៃ លួចបានមួយរទេះហ្នឹង បានលុយភ្លាម។ ហើយអ្នកធ្វើស្រែធ្វើចម្ការ ទីមួយមានផលយូរ ហើយទីមួយទៀត មិនមានស្អីដែលគេហៅថា អាចគ្រប់គ្រាន់បាន យើងធ្វើបានតែមួយហូបៗ តែការដោះស្រាយលុយវាយឺតដែរ។ អាហ្នឹងដែលខ្ញុំមើលឃើញ»។
សកម្មជនស្ម័គ្រចិត្តការពារព្រៃឡង់ នៅក្នុងខេត្តទាំងបួន បាននិយាយថា ពួកគេមិនបានទទួលការឧបត្ថម្ភគ្រប់គ្រាន់ពីស្ថាប័នមួយណានោះឡើយ។ អ្នកស្ម័គ្រចិត្តទាំងនេះបន្ថែមថា ពួកគាត់ប្រើថវិកាផ្ទាល់ខ្លួនដើម្បីចំណាយទៅលើការទិញម្ហូបអាហារ និងថ្លៃសាំងបន្តិចបន្តួចអំឡុងពេលចុះល្បាត។ សកម្មជនទាំងនេះនិយាយថា ការខ្វះខាតនេះជាកត្តាដែលដាក់បន្ទុកបន្ថែមលើកិច្ចការពារព្រៃឈើរបស់ពួកគាត់។
អ្នកស្រី ភោគ ប៊ុនហុង អាយុ ៤៤ឆ្នាំ ដែលជាសកម្មជនស្ម័គ្រចិត្តនៅខេត្តព្រះវិហារ និងមានមុខរបរជាអ្នកដងជ័រម្នាក់ បាននិយាយថា អ្នកស្រីមានការអាក់អន់ស្រពន់ចិត្តដែលអ្នកស្រីមិនដែលទទួលបានថវិកាជួយសម្រួលក្នុងកិច្ចការពារព្រៃឈើ។
អ្នកស្រីបាននិយាយប្រាប់ VOA តាមទូរស័ព្ទថា៖
«សម្រាប់យើងសហគមន៍នៅអឺ សហគមន៍ដែលបង្រ្កាបបទល្មើសផ្ទាល់រាល់ថ្ងៃនេះ ធ្វើដែរ តែ[ខ្ញុំ]មិនដែលបានលុយចាក់សាំង មិនដែលបានលុយអីទេ។ [ខ្ញុំ] ចាប់គោយន្ត ចាប់អីព្រោងព្រាត។ ខ្ញុំមិនដែលបានលុយបានអីទេ។[ខ្ញុំ]អស់ទឹកចិត្តអ្នកចូលរួម។ មិនមែនថាទាមទារអីទេ គ្រាន់តែបានរួចថ្លៃសាំងតែប៉ុណ្ណឹងបានហើយ»។
អ្នកស្រីបានបន្ថែមថា បើទោះជាជួបការលំបាកក្នុងជីវភាពគ្រួសារនិងការការពារព្រៃឈើយ៉ាងណាក៏ដោយ អ្នកស្រីនឹងមិនឈប់បង្រ្កាបសកម្មភាពកាប់ព្រៃឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់នេះឡើយ។
យោងទៅតាមបណ្តាញសហគមន៍ការពារព្រៃឡង់ ប្រជាជនជាង២៥ម៉ឺននាក់ដែលភាគច្រើនជាជនជាតិភាគតិចគួយរស់នៅពឹងផ្អែកលើអនុផលធម្មជាតិពីព្រៃឡង់ដែលមានទំហំ ៥.០០០គីឡូម៉ែត្រការេ។ ព្រៃឡង់ដែលស្ថិតនៅខាងលិចទន្លេមេគង្គនិងភាគខាងជើងនៃប្រទេសកម្ពុជាជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃនិងរុក្ខជាតិជាង៥០០ប្រភេទផងដែរ។
ព្រៃជាង ១១.០០០ហិកតាត្រូវបានគេកាប់ឆ្ការ ពីក្នុងចន្លោះខែកញ្ញា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨ ដែលការកាប់ឈើមានចំនួនជាង២.០០០លើកនៅក្នុងខេត្តទាំងបួន។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំចុងក្រោយបង្អស់ របស់បណ្តញសហគមន៍ព្រៃឡង់ (PLCN) ដែលជាបណ្តាញការពារព្រៃឡង់ស្ម័គ្រចិត្ត។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា ឬ USAID បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកសិក្ខាសាលា រៀនសូត្រស្តីពី «ការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញប្រកបដោយចីរភាពនិងប្រសិទ្ធភាព» ។
លោក Matthew Edwardsen ប្រធានកម្មវិធី USAID ព្រៃឡង់បៃតងមានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធត្រូវរិះរកវិធានការការពារព្រៃឡង់ដែលមានប្រសិទ្ធិភាព មុនពេលព្រៃនេះត្រូវបានបំផ្លិចបំផ្លាញ។
លោក Matthew បានប្រាប់ VOA បន្ថែមថា៖
«ខ្ញុំគិតថា វាជាការព្រួយបារម្ភដោយសារតែយើងមានព្រៃឡង់តែមួយ ហើយបើសិនជាការកាប់ឈើនៅតែបន្ត ព្រៃនេះនឹងបាត់បង់។ ព្រៃនេះមិនមែនមានសារៈសំខាន់សម្រាប់តែសហគមន៍ដែលរស់នៅជុំវិញព្រៃនោះទេ វាគឺជាទីជម្រាលទឹកសម្រាប់ប្រទេសកម្ពុជាទាំងមូល។ វាហូរចូលទៅក្នុងបឹងទន្លេសាប ទន្លេមេគង្គ»។
គម្រោងព្រៃឡង់បៃតងរបស់ USAID ដែលមានរយៈពេលប្រាំឆ្នាំនេះ ជាកិច្ចបន្តការគាំទ្រដ៏យូរអង្វែងរបស់រដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលកម្ពុជា នឹងជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទេសភាពព្រៃឡង់ដែលរួមមានព្រៃឡង់ ព្រៃរកា និងឆែប។
ទោះជាយ៉ាងណាក៏ដោយរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បាននិយាយថា គម្រោងព្រៃឡង់បៃតងនេះនឹងជួយជំរុញការងារអភិរក្សដើម្បីកាត់បន្ថយការកាប់ព្រៃឈើខុសច្បាប់ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ទាំងមូលនៅក្នុងខេត្តទាំងបួន។
«ខ្ញុំសង្ឃឹមថា តាមរយៈគម្រោងនេះ យើងអាចកាត់បន្ថយនិងបន្តកាត់បន្ថយបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ ហើយជាពិសេសតំបន់ការពារទេសភាពព្រៃឡង់បន្ថែមទៀត»។
សកម្មជនស្ម័គ្រចិត្តការពារព្រៃឡង់នៅខេត្តក្រចេះដដែលគឺលោក ផៃ ប៊ុនឡេង បាននិយាយប្រាប់ VOA បន្ថែមថា លោកសប្បាយចិត្តបើសិនជាគម្រោងព្រៃឡង់បៃតងរបស់ USAID ដែលមានរយៈពេល៥ឆ្នាំនេះ អាចធ្វើឲ្យសហគមន៍គ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរចូលរួមអភិរក្សទាំងអស់គ្នា៖
«យើងបានទាមទារថា ឲ្យកសិករស្ម័គ្រចិត្តនៅខាងក្រោម ចូលរួមដោយពេញលេញ មិនមែនចាំតែអ្នកចុះបញ្ជី សហគមន៍ការពារ សហគមន៍ព្រៃឈើនោះទេ គឺពួកអ្នកស្ម័គ្រចិត្តត្រូវតែមានសិទ្ធិចូលរួមឃ្លាំមើលដើម្បីជួយ ឲ្យកាន់ព្រៃ។ បើអាចធ្វើអ៊ីចឹងបានពួកខ្ញុំសប្បាយមែនទែន»។
លោកបានបន្ថែមថា លោកមានការសប្បាយចិត្តប្រសិនបើគម្រោងនេះអាចដោះស្រាយបញ្ហាជីវភាពដែលជាបញ្ហាប្រឈមមួយរបស់សហគមន៍៕