ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​​​អ្នក​ជំនាញ​និយាយ​ថា​សេរីភាព​សារព័ត៌មាន​ត្រូវ​វាយ​ប្រហារ​នៅ​ក្នុង​ទ្វីប​អាមេរិក​ឡាទីន


រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​សួរ​សំណយរ​លោក​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro នៅ​ក្នុង​ក្រុង Brasilia កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។
រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​សួរ​សំណយរ​លោក​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro នៅ​ក្នុង​ក្រុង Brasilia កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។

ពួក​អ្នក​កាសែត​នៅ​ក្នុង​ទ្វីប​អាមេរិក​ឡាទីន​​កំពុង​ត្រូវ​គំរាម​កំហែង​​ដោយ​​វោហាសាស្ត្រ ​​ អរិភាព​ពី​រដ្ឋាភិបាល ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ការ​សម្លាប់​ថែម​ទៀត​ផង។​

ពួក​អ្នក​ជំនាញ​ខាង​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយនិយាយ​ថា​ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ឬ​ថា​ជា​វរជន​និង​ថា​មិន​ដឹង​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​ កំពុង​ត្រូវ​ប្រើ​ជា​ប្រព័ន្ធដោយ​ពួក​មេដឹក​នាំនៅ​ទូទាំង​ទ្វីប​អាមេរិក​ឡាទីន​ដើម្បី​បង្ខូច​ឈ្មោះ​ពួក​អ្នក​សារព័ត៌មាន។

នៅ​ពេល​ដែល​តំបន់​នោះ​មាន​ចលាចលខាង​នយោបាយ​និង​មហា​បាតុកម្ម​កាល​ពី​ឆ្នាំ​ទៅ​មិញ​ហើយ​បន្ទាប់​មក​មានការរាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ការ​ធ្វើ​ទុក្ខបុកម្នេញ ក៏កើន​ច្រើន​ជាង​មុន​ដែរ។លោក Edison Lanza ដែល​ជាអ្នក​រាយការណ៍​ពិសេស​ផ្នែក​សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​នៃ​គណៈកម្មការ​អន្តរៈ​ទ្វីប​អាមេរិក​ខាង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ IACHR បាន​និយាយ​ប្រាប់​ VOA ​ថា​អ្នក​កាន់​អំណាចខ្ពស់​បំផុតចាត់​ទុកពួក​អ្នក​កាសែតថា​ជា «ផ្នែក​មួយ​នៃ​ក្រុម​ប្រឆាំង»។

បើ​តាម​របាយការណ៍​មួយរបស់​គណៈកម្មការ​ IACHR ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​រដ្ឋ​ក្នុង​ទ្វីប​អាមេរិកវោហាសាស្ត្រអវិជ្ជមាន​អំពី​សារព័ត៌មានមាន​ជា «ទៀង​ទាត់» នៅ​ក្នុង​ប្រទេស​នានាដូចជា​ប្រទេស នីការ៉ាហ្គា (Nicaragua) និង​ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela) ​ហើយបាន​ក្លាយ​ទៅ​ជា «ការអនុវត្ត​ជា​ប្រព័ន្ធ» ​នៅក្នុង​ប្រទេស​ប្រេស៊ីល​ (Brazil) ​និង​ប្រទេស​អែលសាល់វ៉ាឌ័រ (El Salvador)។

លោក​ Lanza បាននិយាយថា «ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពីព្រោះ​វាបណ្តាល​ឱ្យ​មាន​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​សាធារណជន។​ មនុស្ស​ជា​ច្រើន​ មិន​យល់​អំពី​មុខ​នាទី​សំខាន់​មួយ​ដែល​សារព័ត៌មានបាន​បំពេញ»។

ពាក្យ​ថា «ព័ត៌មាន​ក្លែង​ក្លាយ» និង “fifi” ដែល​មាន​ន័យថា« ពួក​វរជន»​ ឋិត​នៅ​ក្នុង​ចំណោម​ពាក្យ​ដែល​ពួក​មេដឹកនាំ​ទាំង​ឡាយ​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​ Jair Bolsonaro នៃ​ប្រទេសប្រេស៊ីល លោក Andres Manuel Lopez Obrador នៃ​ប្រទេស​ម៉ិកស៊ិក និង​លោក Nayib Bukele នៃ​ប្រទេស​អែលសាល់វ៉ាឌ័រ​ផង​បាន​ប្រើ​ដើម្បីពណ៌នា​សារព័ត៌មាន។​

បើ​តាម​គណៈកម្មការ​ IACHR និង​គណៈកម្មាធិការការពារ​អ្នក​កាសែត​ហៅ​កាត់​ថា​ CPJ ពួក​បាតុករ ពួក​ប៉ូលិស​ និង​ពួក​ទាហាន​នៅ​ក្នុង​ប្រទេស​បូលីវី (Bolivia) ឈីលី (Chile) អេក្វាទ័រ (Ecuador) និង​ប្រទេស​ហៃទី (Haiti) បាន​ធ្វើ​ទុក្ខបុកម្នេញ​ និង​វាយ​ប្រហារ​ក្រុម​អ្នក​សារព័ត៌មាន។​

នៅ​ពេល​មាន​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩ បណ្តាញ​ផ្សាយ​ព័ត៌មានបាន​រាយការណ៍​អំពី​វិបត្តិ​សាកល​នេះ​នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេបាន​ត្រូវ​គំរាម​កំហែង​អំពី​ការ​រាយការណ៍​របស់​ពួក​គេ​អំពី​ការ​រាតត្បាត​ជំងឺនេះ​ឬ​នៅ​ក្នុង​ប្រទេស​ដែល​រដ្ឋាភិបាល​បានសង្ស័យ​អំពី​ការងារ​របស់​ពួក​គេ។

អ្នក​ស្រី​ Natalie Southwick ជា​នាយិកាអង្គការ​ CPJ ប្រចាំ​តំបន់​កណ្តាល​និង​តំបន់​ខាង​ត្បូង​នៃ​ទ្វីប​អាមេរិក។​ អ្នក​ស្រីបាន​និយាយ​ប្រាប់​វីអូអេ​ថា «ជា​អកុសល ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​មាន​ឡើង​នៅ​ពេល​មួយ​ដែល​យើង​ឃើញ​មាន​ចលនា​សាកល​មួយ​ឆ្ពោះ​ទៅ​កាន់អំណាច​ផ្តាច់​ការ។​នៅ​ពេល​គ្រា​មាន​អាសន្ន ការ​ពិត​អាច​ក្លាយ​ទៅ​ជា​អ្នក​រង​គ្រោះ​ទី​មួយ»។

ស្ថានភាព​សារព័ត៌មាន​នៅ​ក្នុងទ្វីប​អាមេរិក​ឡាទីន​បានត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ជា​សាកល​ដោយ​ពួក​មន្ត្រី​បាន​សង​សឹក​ប្រឆាំង​នឹង​ការរាយការណ៍​មាន​ការ​រិះគន់​ដោយ​ចោទ​ប្រកាន់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​ផ្សាយ «ព័ត៌មាន​ក្លែងក្លាយ» ​ឬ​ដោយ​គំរាម​កំហែង​និង​ដាក់​គុក​ពួក​អ្នក​រិះគន់​និង​ក្រុម​ប្រឆាំង​ថែម​ទៀត​ផង។​

ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​បង្កើន​ការ​ចុះ​ថម​ថយ​នៃសេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ពិភពលោក​ពីព្រោះ​ពួក​មេដឹកនាំ​កាន់​អំណាច​ផ្តាច់ការ​ប្រើ​ប្រាស់​វិធាន​ការ​គ្រា​មាន​អាសន្នដើម្បី​បង្ក្រាប​ថែម​ទៀត​ទៅ​លើ​ការ​រាយការណ៍​ឯករាជ្យ។​

បើ​តាម​វិទ្យាស្ថាន​មិន​គិត​កម្រៃ​ឈ្មោះ Instituto Prensa Y Sociedad ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​ត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយរដ្ឋាភិបាល​របស់​ប្រធានាធិបតី Nicolas Maduro ហើយ​ថា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បានត្រូវចាប់ខ្លួន​ដោយ​ពួក​ប៉ូលិសដោយសារ​ការ​រាយការណ៍​របស់​ពួក​គេ​អំពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

អ្នក​ស្រី Southwick បាន​និយាយ​ថា​ដោយ​មានលទ្ធភាព​មាន​កម្រិតក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​បែប​ប្រពៃណី​ ពួក​ពល​រដ្ឋ​បាន​ទៅ​មើល​បណ្តាញ​សង្គម​ដូចជា​ Twitter និង​ WhatsApp ជា​ដើម​ដែល​នាំ​ឱ្យ​មាន​ហានិភ័យនៃ​ការ​ផ្សាយ​ព័ត៌មាន​ខុស។​ អ្នក​ស្រី​បាន​ថ្លែង​បន្ថែម​ថា «ជា​ការ​ងាយ​ស្រួលដែល​មនុស្សអាច​កែ​កាឡៃ​ការ​ពិត​ជាក់​ស្តែង​បាន​ហើយ​ធ្វើ​ឱ្យ​ព័ត៌មាន​ក្លែង​ក្លាយផ្សព្វផ្សាយ​បាន​លឿន​ថែម​ទៀត​ផង»។

ទិន្នន័យ​ពី​សហជីព​ជាតិ​នៃ​ក្រុម​អ្នក​ធ្វើការ​ខាង​សារព័ត៌មានបានរក​ឃើញ​ថា​ចាប់​តាំង​ពី​សព​លោក​ប្រធានាធិបតី Hugo Chavez បាន​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ១៩៩៨​មក ​មាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​យ៉ាង​តិច​ណាស់​៦០​ បាន​ត្រូវ​បិទ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ កាលពី​ឆ្នាំ​២០១៨​ គំនាប​សង្កត់​ពី​រដ្ឋាភិបាល​ និង​ការ​ខ្វះ​ក្រដាស​បាន​បង្ខំកាសែត​ឯករាជ្យ​ឈ្មោះ El Nacional ឱ្យ​បិទ​ទ្វារ។

គេហ​ទំព័រ​ព័ត៌មានរិះ​គន់​រដ្ឋាភិបាល​ដែល​មាន​រួម​បញ្ចូល La Patilla, Armando.info និង Efecto Cocuyo បាន​ត្រូវ​រាំង​ខ្ទប់​ជា​បណ្តោះអាសន្ន។ បើ​តាមអង្គការ​ក្រៅ​រដ្ឋាភិបាលឈ្មោះ Instituto Prensa Y Sociedad កាល​ពី​ឆ្នាំ​២០១៩​មាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​និង​ជាតិ​យ៉ាង​តិច​ណាស់​៤៩​បាន​ត្រូវ​រាំង​ខ្ទប់​ដោយ​រដ្ឋាភិបាល។

ប្រធានាធិបតី Maduro បានសរសើរ «សេរីភាព​នៃ​ការ​និយាយ​ស្តី​បញ្ចេញ​មតិ» ​នៅ​ក្នុង​ប្រទេស​លោក​ហើយ​លោក​បាន​ប្រគល់រង្វាន់​ជាតិ​ខាង​សារព័ត៌មានជា​រៀង​រាល់​ឆ្នាំ។​ ក្រសួង​ការបរទេស​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​មិន​បាន​ឆ្លើយ​តប​នឹងសំណើ​សុំ​អត្ថាធិប្បាយ​ពី​ VOA ​ទេ។​

ពួក​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​នីការ៉ាហ្គា​ក៏​ប្រឈម​នឹងស្ថានភាពស្រដៀង​គ្នា​ដែរ។​ កាល​ពី​ឆ្នាំ​ទៅ​មិញ​អ្នក​កាសែត​មួយ​ចំនួន​បាន​ត្រូវ​កាត់​ទោស​ហើយ​ជាង​៨០​នាក់​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ព្រោះ​ពួក​គេ​បាន​ត្រូវ​គំរាម​កំហែង​ ឬ​ខ្លាច​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​នៅ​ក្រោយ​មានបាតុកម្មប្រឆាំង​នឹង​រដ្ឋាភិបាល។

អ្នក​សារព័ត៌មានមួយ​ចំនួនបាននិយាយ​ប្រាប់​ VOA ថា​ពួក​គេបានត្រូវធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយសារបាន​រាយការណ៍​អំពី​ការរាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​ហើយ​បាន​ត្រូវ​សាក​សួរដោយ​ពួក​ប៉ូលិស​នៅ​ពេល​ពួក​គេ​រាយការណ៍​នៅ​ជិត​មន្ទីរ​ពេទ្យ។​អ្នក​កាសែត​ខ្លះបាននិយាយ​ថា​មាន​ការពិបាក​ក្នុងការ​ទទួល​ព័ត៌មាន​ហើយ​ថា​អាជ្ញាធរ​ហាក់​ដូចជាផ្តល់​អាទិភាព​ដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល។​

ប្រធានាធិបតី​នីការ៉ាហ្គា​ឈ្មោះ Daniel Ortega ដែល​បាន​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ២០០៧​មក​ បាន​យក​ជា​ទី​ដៅ​នៃ​ការធ្វើ​ទុក្ខបុក​ម្នេញ​នូវ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​រិះគន់​រដ្ឋាភិបាល​របស់​លោក។នៅ​ក្នុង​សេចក្តី​សម្ភាសន៍​ជា​មួយ​បណ្តាញ​ទូរទស្សន៍ CNN ជា​ភាសា​អេស្ប៉ាញ លោក​បាន​និយាយ​ថាស្ថានីយ៍​ទូរទស្សន៍​ឈ្មោះ ​100% Noticias បាន «ធ្វើ​ការ​វាយប្រហារ​ជា​ទៀង​ទាត់»​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក។​

អាជ្ញាប័ណ្ណ​របស់​ទូរទស្សន៍ ​100% Noticias បាន​ត្រូវ​ដក​ហូតដោយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ២០១៨។ កាលពី​ខែ​ធ្នូ​ឆ្នាំ​ដដែល​នោះ ពួកប៉ូលិស​បានរឹប​អូស​យកបន្ទប់ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​នេះហើយ​បាន​ចាប់​ខ្លួន​អ្នក​ស្រី Lucia Pineda Ubau នាយិកា​ផ្នែក​ព័ត៌មាន​និង​នាយក​នៃ​ស្ថានីយ​នេះ​គឺ​លោក Miguel Mora។

លោក Eden Pastora ជាអ្នក​តំណាងជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស FSLN​ ហើយ​ជា​មន្ត្រី​រដ្ឋ​ផង​ដែរ។​ លោក​បាន​និយាយ​ប្រាប់​ VOA ថា« គ្មានសេរីភាព​សារ​ព័ត៌មាន​ទេ ​អ្វី​ដែល​យើង​មាន​គឺអបាយ​មុខ»។​ នៅ​ពេល​ត្រូវ​សួរ​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញស្ថានីយ​ 100% Noticias និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯទៀតៗ លោក Pastora បាន​បញ្ឈប់​ការ​និយាយគ្នា​តាម​ទូរស័ព្ទ​នេះ។​

គណៈកម្មការ IACHR និង​គណៈកម្មាធិការ CPJ បាននិយាយថា​នៅ​ទិស​ខាង​ជើងនៅ​ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ «សេចក្តី​ថ្លែងការណ៍​ចាក់​ដោត» របស់​ប្រធានាធិបតី​ Bukele ​ប្រឆាំង​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មានបានបណ្តាល​ឱ្យ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម។​

អ្នក​ស្រី Southwick នៃ​អង្គការ​ CPJ ​បាននិយាយ​ថា «របៀប​ធ្វើការ​របស់​លោក Bukele ​មាន​ទំនោរ​ធ្វើ​សេ​ចក្តី​ប្រកាស​សាធារណៈ​ហើយ​មិនមែន​ទទួល​សំណួរ​ច្រើនទេ»​ ជា​ជាង​មាន​អរិភាព​បើក​ចំហ​ប្រឆាំង​នឹង​ពួក​អ្នក​សារព័ត៌មាន។​

កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០១៩​ រដ្ឋាភិបាល​បាន​រារាំងពួក​អ្នក​សារព័ត៌មាន​នៃ​កាសែត​ខាង​ការ​ស៊ើបអង្កេត​ឈ្មោះ El Faro និង​ Revista Factum មិនឱ្យ​ចូល​រួម​ក្នុង​សន្និសិទ​កាសែត​នៅ​វិមាន​ប្រធានាធិបតី​ដោយ​និយាយ​យោង​ដល់​ «អាកប្បកិរិយា​មិនល្អ»។ បើ​តាម​លិខិត​មួយ​ច្បាប់​ចែក​ចាយ​តាម​ Twitter ​ការិយាល័យ​ប្រធានាធិបតី​បាន​និយាយ​ថា​អ្នក​កាសែត​ទាំង​នេះ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​រួម​វិញប្រសិន​បើ​ពួក​គេ​បង្ហាញ​ការ​គោរព​ដល់​អ្នក​កាសែត​ឯ​ទៀតៗ​ និង​ស្ថាប័ន​ប្រធានាធិបតី។

ប្រធានាធិបតី Bukele បាន​និយាយតាម​ Twitter ថា ​«ពួក​អ្នក​កាសែត​ទាំង​នេះ​ដើរ​តួ​ជា​ជន​រង​គ្រោះ»។​ Twitter នេះ​មាន​អម​ជា​មួយ​លិខិត​មួយ​ច្បាប់ចែង​អំពី​ការ​រៀប​រាប់​ជា​ផ្លូវការ​នៃ​ឧប្បត្តិហេតុ​នោះ។​

ការិយាល័យ​របស់​លោក Bukele បាន​ប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​តាម​សេចក្តី​ស្នើ​សុំ​របស់​ VOA ទេ។​

វិជ្ជាជីវៈ​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត

បើ​តាម​របាយការណ៍​នេះ​ គណៈកម្មការ​អន្តរអាមេរិក ក៏​បានគូ​សបញ្ជាក់​អំពី​ហានិភ័យ​ដល់​អាយុ​ជីវិត​ដែល​អ្នក​កាសែត​ខ្លះ​ប្រឈម។ មាន​អ្នក​កាសែត​និង​សមាជិក​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​យ៉ាង​តិច​ណាស់​២៧​នាក់ ​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​តំបន់​នោះ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដោយ​មាន​ទាក់​ទិន​នឹង​ការងារ​ពួក​គេ។

ប្រទេស​ម៉ិកស៊ិក​ជា​ប្រទេសប្រកប​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​នៅ​ក្នុង​ទ្វីប​អាមេរិក​ឡាទីនសម្រាប់ក្រុម​អ្នក​សារព័ត៌មាន។​ មានអ្នក​សារព័ត៌មាន​យ៉ាង​តិច​ណាស់​បី​នាក់​បាន​ត្រូវ​ធ្វើ​ឃាត​នៅ​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​ខែ​មករា​មក។

បើ​តាម​សន្ទស្សន៍ខាង​និទណ្ឌភាព​ប្រចាំឆ្នាំ​នៃ​អង្គការ CPJ អាជ្ញាធរ​ម៉ិកស៊ិក បានកាត់​ទោស​តែ​ក្នុង​ករណី​តែ​មួយ​គត់​ក្នុង​បណ្តា​ករណី​៣១​នៃ​ការ​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​ដែល​បាន​កើត​មានឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ។ ពួក​អ្នក​ចាត់​ចែង​សន្ទស្សន៍​នេះ​ពិនិត្យ​មើល​ការ​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​ដែល​មិន​បាន​ត្រូវ​ដោះស្រាយ​នៅ​ចន្លោះ​ថ្ងៃ​ទី១​ខែ​កញ្ញា​ឆ្នាំ​២០០៩​និង​ថ្ងៃ​ទី​៣១​ខែ​សីហា​ឆ្នាំ​២០១៩។​

អង្គការ​ខាង​សេរីភាព​សារព័ត៌មាន​នេះ​ ក៏​បាន​បរិហារ​រិះ​គន់​ការ​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី (Colombia) ហុងឌូរ៉ាស (Honduras) ហៃទី​ (Haiti) ក្វាតេម៉ាឡា (Guatemala) ប្រេស៊ីល (Brazil) និងប្រទេស​បូលីវី (Bolivia)៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG