ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Joe Biden ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ជាថ្មី​ក្នុង​ឆ្នាំ ២០២៤


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ប្រព័ន្ធ​ធនាគារ​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ប្រព័ន្ធ​ធនាគារ​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ជាផ្លូវការ​ថា​ លោក​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ធ្វើជា​បេក្ខជន​ប្រ​ធានាធិបតី​អាមេរិក​ជា​ថ្មី​ម្តង​ទៀតនៅ​ក្នុង​ឆ្នាំ ​២០២៤ ​ខាង​មុខ​នេះ ​និង​បាន​ស្នើ​សុំដល់​អ្នកបោះឆ្នោត​អាមេរិកាំង​ ទុកពេល​ឱ្យ​លោក​បង្ហើយ​ការងារ​របស់​លោក ដែល​បាន​ចាប់​ផ្តើមកាល​ពី​លោកស្បថ​ចូល​កាន់តំណែង​ក្នុង​ពេល​កន្លង​ទៅ​ និង​ស្នើសុំ​ឱ្យ​ទុក​មួយ​ឡែក​សិន​នូវ​ក្តី​បារម្ភដែល​ថា​ លោក​ជា​ប្រធានាធិបតី​ដ៏​ចាស់​បំផុត​របស់​អាមេរិក​ ដើម្បី​ដឹកនាំ​ប្រទេស​រយៈពេល​៤​ឆ្នាំ​បន្ថែមទៀត​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។​

លោក ​Biden​ ​ដែល​នឹង​មាន​អាយុ៨៦​ឆ្នាំ​នៅ​ចុង​អាណត្តិទី២​នោះ​ ​ហើយ​កំពុង​ធ្វើ​ឱ្យ​សម្រេច​បាន​លទ្ធផល​ក្នុងអណត្តិទី​មួយ​ជា​ប្រធានាធិបតី​ ក៏​ដូច​ជា​បទ​ពិសោធន៍​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​នយោបាយ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​នោះ​ កំពុងនាំ​ឲ្យ​មានការបារម្ភខ្លាំង​ដល់​អ្នក​បោះឆ្នោតដោយសារវ័យកាន់តែ​ចាស់​របស់​លោក។ លោក​កំពុង​ស្ថិត​លើ​ដំណើរផ្លូវ​ដ៏​ល្អមួយសម្រាប់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ ពី​ព្រោះគេ​នៅ​ពុំទាន់​ឃើញ​មាន​គូ​ប្រកួត​ណាមួយដែល​ស័ក្តិសម​ជាង​លោក​នៅ​ក្នុង​គណបក្ស​របស់​លោកនៅ​ឡើយ​ទេ​ រហូត​មក​ដល់ពេល​នេះ។ ប៉ុន្តែ​លោក​នៅតែ​ស្ថិត​ក្នុង​ការតស៊ូខ្លាំង​នៅ​ឡើយ​ ដើម្បី​រក្សា​កៅអី​ប្រធានាធិបតី​ ក្នុង​ការដឹកនាំ​ប្រទេស​អាមេរិក​មួយ​ ដែល​កំពុង​មាន​បែកបាក់គ្នា​យ៉ាង​ខ្លាំង។

ការ​ប្រកាស​ជា​ផ្លូវ​ការដើម្បី​ឈរ​ឈ្មោះ​ជាថ្មីធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ក្នុងអាណត្តិក្រោយ​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុងវីដេអូ​ខ្លី​មួយ​ដែល​មាន​រយៈពេល​៣នាទី ​ដែល​ត្រូ​វបាន​ផ្សព្វផ្សាយ​នៅ​ចំ​ពេល​ខួប​៤​ឆ្នាំ​ នៅ​ពេល​ដែល​លោក​ Biden បាន​ប្រកាស​ឈរឈ្មោះ​ដណ្តើមគ្រប់គ្រង​សេតវិមាន
​កាល​ពី​ឆ្នាំ​២០១៩​ដោយកាល​នោះ​លោក​បាន​សន្យា​ថា​ នឹង​ផ្សះផ្សា​ប្រទេស​ជាតិ​ បើទោះ​បី​ជា​មាន​ភាព​វឹកវរកើត​ឡើង​ដោយ​សារ​ការ​ដឹកនាំ​របស់​លោក Donald Trump ​ក្តី​ ដែល​ជា​គោលដៅ​មួយ ដែល​នៅ​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ។​ ​

លោក​ Biden និយាយ​ថា៖​ «​ខ្ញុំធ្លាប់និយាយ​ថា​ យើង​កំពុង​ស្ថិត​ក្នុង​ការ​ប្រយុទ្ធ​ដើម្បីដួងព្រលឹង​ប្រទេសអាមេរិក​ ហើយ​ពេល​នេះ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ការតស៊ូ​នៅ​ឡើយ។​ សំណួរ​នៅ​ត្រង់​ថា​តើ​ក្នុង​បណ្តា​ឆ្នាំ​ទៅ​មុខ​នេះ​ យើង​មាន​សេរីភាព​កាន់​តែ​ច្រើន​ឬ​តិច​ មាន​សិទ្ធិ​កាន់​តែ​ច្រើន​ឬ​តិច​នោះ៕​

XS
SM
MD
LG