ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​លោក Joe Biden​ បាន​មក​ដល់​​ភ្នំពេញ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Bide ដើរចុះពីយន្តហោះ Air Force One នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Bide ដើរចុះពីយន្តហោះ Air Force One នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​សំខាន់ៗ​ផ្សេង​ទៀត​ ក្នុង​ព្រឹត្តិការណ៍​ជំនួប​កំពូល​អាស៊ាន​លើក​ទី​ ៤០​ និង​ ៤១។

លោក​ប្រធានាធិបតី​ Biden​ ត្រូវបាន​រាយការណ៍​ថា​នឹង​លើក​ឡើង​ពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ ដែល​ស្ថិត​ក្នុង​របៀបវារៈ​របស់​លោក​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​សម្រាប់​ឆ្នាំ​ ២០២២ នេះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន លោក Biden ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ឥត​ងាករេ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​និង​មជ្ឈភាព​អាស៊ាន​កសាង​នូវ​ភាព​ជោគជ័យ​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​ពិសេស​ជា​ប្រវត្តិ​សាស្រ្ត​រវាង​អាមេរិក​និង​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពីខែ​ឧសភា​កន្លងទៅ។

លោក Biden គឺជា​ប្រធានាធិបតី​អាមេរិក​កំពុង​កាន់តំណែង​ទី ២ ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ក្នុង​ពេល​កម្ពុជា​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរវេន។ កាលពី​ឆ្នាំ ២០១២ លោក Barack Obama ដែល​ជា​ប្រធានាធិបតី​កាន់តំណែង​នា​ពេល​នោះ បាន​ធ្វើ​ដំណើរទៅ​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​និង​សកល​លោក​នេះ។

គួរ​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ លោក​ប្រធានាធិបតី Joe Biden ​នឹងជួប​ពិភាក្សា​ក្នុង​ជំនួបទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន អំពី​សារៈសំខាន់​នៃ​អព្យាក្រឹតភាព​របស់​អាស៊ាន និង​សណ្តាប់ធ្នាប់​ក្នុង​តំបន់ ដែល​ផ្អែកតាម​រដ្ឋធម្មនុញ្ញ​អាស៊ាន។ បន្ទាប់​មក លោក Biden នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដោយ​លោក​អាច​នឹង​ត្រូវគេ​រំពឹង​ថា នឹង​ធ្វើ​សេចក្តីថ្លែង​ការណ៍​មួយ។ ក្រៅពីនេះ លោក​ក៏នឹង​ជួប​ពិភាក្សា​ក្នុង​ជំនួប​ត្រីភាគី​ជាមួយ​លោក Fumio Kishida នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​លោក Yoon Suk-yeol ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ផងដែរ៕

XS
SM
MD
LG