ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសិទ្ធិមនុស្ស៖ អ្នក​ភូមិ​បឹងកក់​រង​របួស​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​


អាជ្ញាធរ​បាន​បង្ក​របួស​ស្នាម​ក្នុង​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី។​
អាជ្ញាធរ​បាន​បង្ក​របួស​ស្នាម​ក្នុង​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី។​
ភ្នំពេញ​៖ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​នៅថ្ងៃ​ពុធ​នេះ​ថា​ យ៉ាង​តិច​មាន​អ្នក​តវ៉ារឿង​រំលោភ​ចាប់​យក​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​ជាង​១០​នាក់​បាន​ទទួល​រង​របួស​ និង​មួយ​ចំនួន​ទៀត​បាន​ដួល​សន្លប់​ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​មួយ​ជាមួយ​កម្លាំង​សមត្ថកិច្ចរបស់​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់​ និង​អ្នក​ភូមិ​បូរី​កីឡា​ ដែលមាន​គ្នា​ប្រមាណ​ជាង​១០០​នាក់​ បាន​ព្យាយាម​បុក​របាំង​ការ​ពារ​របស់​សមត្ថ​កិច្ចប្រដាប់​ដោយ​អាវុធ​ ខែល​ និង​តំបង​ឆក់​ច្រើន​រាប់​រយ​នាក់​ដើម្បី​សម្រុកចូល​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​មាន​ទីតាំង​នៅ​ជិត​វិមាន​ឯករាជ្យ។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ មាន​មនុស្ស​ប្រមាណ​៦​នាក់​បាន​រង​របួស​ធ្ងន់​ និង​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ស្រាល​ ហើយ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ភ្នំពេញ​ បន្ទាប់​ពី​សមត្ថកិច្ចវាយ​ដួល​សន្លប់។​

ជន​រង​គ្រោះ​ ដែល​ភាគច្រើន​ជា​បុរស ​និង​ស្ត្រី​ ត្រូវ​បាន​វាយ​បាក់​ដៃ ​និង​ជើង។​ ចំណែក​លោក​លួស សាខន​ ស្វាយម៉ី​របស់​អ្នកស្រី​យ៉ោម បុប្ជា ​ដែល​កំពុង​ជាប់​ពន្ធនាគារ ​ត្រូវ​បាន​សមត្ថ​កិច្ច និង​សន្តិសុខ​ខ័ណ្ឌ​ដូនពេញ​វាយ​បាក់​ធ្មេញ។

អ្នកស្រី​ សែន ទូច​ អាយុ​៤២​ឆ្នាំ​ ជនរងគ្រោះ​មកពី​តំបន់​បឹងកក់​ បាន​អះអាង​ថា ​អ្នក​ស្រី​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ចវាយ​ឲ្យ​រង​របួស​ត្រង់​ដៃ​ និង​ជើង ​រួច​ហើយ​អ្នកស្រី​បាន​រួច​ខ្លួន​មក​វិញ​ បន្ទាប់​ពី​សមត្ថកិច្ចបាន​ព្យាយាម​ដាក់​អ្នកស្រី​ក្នុង​រថយន្ត។

«ពី​ព្រឹក​ហ្នឹង​ខ្ញុំ​ទើប​ចេញ​ពី​បន្ទប់ទឹក ​ខ្ញុំមិន​បាន​ដឹង​ថា ​គេ​ព្រទុស្ត​គ្នា​យ៉ាង​ម៉េច​ទេ។ ​គេ​និយាយ​ថា​ ចាប់​ពួកវា​ឲ្យ​អស់​ កុំឲ្យ​ទុក។​ វាយៗ​វា​ វាយ​បាក់​ដៃ​បាក់​ជើង​ ធានាទុក​ឲ្យ​អញ ​(អញធានា)»។​

ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​សារ​ជាថ្មីទៀត​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពីអ្នក​ភូមិបឹងកក់​ និង​អ្នក​ភូមិ​បូរី​កីឡា​បាន​មក​តវ៉ា​នៅ​ពី​មុខ​ក្រសួង​យុត្តិ​ធម៌ ​រួច​ហើយ​បាន​បន្ត​ឆ្ពោះ​ទៅ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ជា​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។​

ក្រុម​អ្នក​តវ៉ា​បាន​ប្រើប្រាស់​ឧឃ្ឃោសនសព្ទ​បំពង​សម្លេង ​និង​មាន​ពាក់​មួក​ដែល​មាន​រូបថត​អ្នក​ស្រី​យ៉ោម បុប្ជា​នៅ​លើក្បាល​ ដូច​សព្វមួយ​ដង​ ហើយ​ដើរ​ក្បួន​ដង្ហែរ​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ។​

«ក្រសួង​យុត្តិធម៌​មិន​ដែល​អើ​ពើ​ចេញ​មុខ​ជួយ​ប្រជាជន​ទេ​ រហូត​ដល់​ប្រជាជន​មក​យំស្រែក​នៅមុខ​ក្រសួង ​ហើយ​បើលោក​មិន​ចេញ​មុខ​មកដោះ​ស្រាយ​ទៀត​ លោក​គួរតែ​រំលាយ​ចោល​ទៅ»។​
លោក​អំ សំអាត​ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ បាន​និយាយ​ថា​ ការ​ប៉ះ​ទង្គិចគ្នា​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​មួយ​នៃ​អំពើ​ហិង្សា​ជា​លើក​ដំបូង​ នៅ​ពេល​ការ​បោះឆ្នោត​កាន់តែ​ខិតជិត​ចូល​មកដល់។

លោក​បាន​និយាយ​ថា​ លោក​មាន​ការ​សោកស្តាយ​ ដែល​អាជ្ញាធរ​បាន​បង្ក​របួស​ស្នាម​ក្នុង​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី។​

«ថ្ងៃ​នេះ​ យើង​គួរឲ្យ​សោក​ស្តាយ​មែនទែន​ ដែល​បង្ក​ឲ្យ​មាន​របួស​ស្នាម​ ហើយ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ដែល​ខ្ញុំ​គិត​ថា ​ទាំងអស់​នេះ​វា​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​រាជរដ្ឋាភិបាល​របស់​យើង»។​
តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ខែធ្នូ​ឆ្នាំ២០១២ ​បាន​សម្រេចផ្តន្ទា​ទោស​អ្នក​ស្រី​យ៉ោម ​បុប្ជា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦០​លាន​រៀល​គឺ​ប្រមាណ​ជាង​១៦.០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ទៅ​ឲ្យ​ជន​រង​គ្រោះ​ពីរ​នាក់​ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា ​អ្នក​ស្រី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១២៕
XS
SM
MD
LG