ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ត្រៀម​ទៅ​ប្រទេស​មីយ៉ាន់ម៉ា មុនពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ឲ្យ​ដឹង​ថា​ លោក​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​ខាង​មុខ​ ដែល​ជា​ដំណើរ​ទស្សន​កិច្ច​ទ្វេ​ភាគី ​មុន​ពេល​កម្ពុជា​ ធ្វើ​ជា​ប្រធាន​អាស៊ាន​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ។​

ក្នុង​ពិធី​សម្ពោធ​ផ្លូវ ​និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ និង​សមិទ្ធផល​នានា​ក្នុង​ក្រុង​ព្រះ​សីហនុ ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​អញ្ជើញ​រដ្ឋ​មន្រ្តី​ការ​បរទេស​ប្រទេស​មីយ៉ាន់ម៉ា​មក​កម្ពុជា​ នៅ​ថ្ងៃ​ទី​៦ ​និង​ទី​៧ ​ខែ​ធ្នូ ​ឆ្នាំ​២០២១។​

លោក​បញ្ជាក់​ថា៖ ​«ថ្ងៃ​ទី​៦ ​ទី​៧​ ខែ​នេះ ​ខែ​ធ្នូ ​ ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ​ អញ្ជើញ​មីយ៉ាន់ម៉ា​មក​កម្ពុជា​ ដែល​ពេល​នោះ​ខ្ញុំ​នឹង​ជជែក​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​មីយ៉ាន់ម៉ា ​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ទុក​ជា​មុន​ ទៅ​ក្នុង​រូប​ភាព​ជា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា»។​

លោក​ ហ៊ុន សែន​ ថ្លែង​បន្ត​ថា៖ ​«បើ​ថា​ អាស៊ាន​គិត​ថា​ម៉េច​ អាហ្នឹង​ខ្ញុំ​ទៅ​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា។ ​តែ​ខ្ញុំ​អត់​ទាន់​ធ្វើ​សកម្មភាព​នៅ​ពេល​នេះ​ទេ។​ ថ្ងៃ​១​ មករា​ គឺ​អាញញួរ​គ្រាន់​តែ​បាន​យក​មក​ទេ ​តែ​មិន​ទាន់​បាន​ប្រើ​ទេ។ ​អ៊ីចឹង​បើ​អាស៊ាន​តែ​(មាន​តែ)​៩(​ប្រទេស) ​ម៉េច​បាន​ហៅ​ថា ​អាស៊ាន​ទៅ​កើត?​ អាស៊ាន​ទាល់​តែ​មាន​កុងសង់ស៊ីស។ បើ​កុងសង់ស៊ីស ​វា​ទាល់​តែ​១០​(ប្រទេស)។ ​ធម្មនុញ្ញ​អាស៊ាន​អត់​មាន​តម្រូវ​ឲ្យ​ដេញ​សមាជិក​មួយ​ណា​ចេញ​ទេ!»។​

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២១ ​មេ​ដឹកនាំ​អាស៊ាន ​បាន​សម្រេច​មិន​ឲ្យ​មេ​ដឹកនាំ​យោធា​ភូមា​ចូលរួម​ក្នុង​ជំនួប​កំពូល។​

ចំណែក​កាល​ពី​ខែ​មេសា ​មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​ភូមា​ផង​ដែរ​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​ ៥ ​ចំណុច​រួម​មាន​ ទី១​ ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ការ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ ដើម្បី​សម្រប​សម្រួល​ដំណើរការ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។ ​ទី​៤ ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មីយ៉ាន់ម៉ា ​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

លោក ​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ លោក​បាន​ពិភាក្សា​បញ្ហា​នៅ​មីយ៉ាន់ម៉ា​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​តាម​ប្រព័ន្ធ​វីដេអូ ​និង​រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូណេស៊ី ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ។​

លោក​ថ្លែង​ថា៖ ​«ផ្ទះ​វា​មាន​ជើង​សសរ​១០។ ​ ឥឡូវ​សសរ​មួយ​បាក់ ​ តើ​ទុក​ឲ្យ​វា​បាក់​អ៊ីចឹង​ ដើម្បី​បំពេញ​ចិត្ត​ដៃ​គូ​ខាង​ក្រៅ ​ឬ​ក៏​ត្រូវ​រៀបចំ​ផ្ទះ​ខ្លួន​ឯង។ បើ​ផ្ទះ​ខ្លួន​ឯង​រៀបចំ​មិន​បាន?​ អ្វី​ទៅ​ដែល​ហៅ​ថា​សាមគ្គី​ភាព​ក្នុង​អាស៊ាន ​ឬ​មជ្ឈភាព​របស់​អាស៊ាន? នេះ​ជា​ចំណោទ​បញ្ហា​ដែល​ខ្ញុំ​និយាយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន ​លោក​ជំទាវ​រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូណេស៊ី»។​

កាល​ពី​ថ្ងៃ​ពុធ​ នាយក​រដ្ឋមន្រ្តី​កម្ពុជា ​និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា​ជិត​ស្និទ្ធ​លើ​បញ្ហា​តំបន់​ ក្នុង​នោះ​មាន​បញ្ហា​មីយ៉ាន់ម៉ា ​និង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ចាប់​ពី​ដើម​ឆ្នាំ​២០២២។​

ការ​ឯកភាព​គ្នា​នេះ ​ធ្វើ​ឡើង​ក្រោយ​មាន​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន ​លោក ​Kishida Fumio ​កាល​ពី​ថ្ងៃ​ពុធ ​ទី​២​ ខែ​ធ្នូ ​ឆ្នាំ​២០២១។ ​ នេះ ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ជប៉ុន។​

អ្នក​វិភាគ​សង្គម​ លោក ​សេង​ សារី​ មាន​ប្រសាសន៍​ថា​ លោក​ជឿជាក់​ថា ​កម្ពុជា​នឹង​មាន​លទ្ធភាព​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​សមាជិក​អាស៊ាន​ទាំង​១០​ត្រឡប់​មក​នៅ​ជុំ​គ្នា​ក្នុង​មធ្យោបាយ​ផ្សះផ្សា ​និយាយ​បង្រួប​បង្រួម​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​ចូល​មក​អាស៊ាន​វិញ​ ក្រោម​បទ​ពិសោធន៍​នៃ​កិច្ច​ចរចា​ដែល​កម្ពុជា​បាន​ឆ្លង​កាត់​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។​

លោក​ប្រាប់​វីអូអេ​ថា ៖​ «ប៉ុន្តែ​យើង​សង្ឃឹម​ថា​ នៅ​ពេល​ដែល​កម្ពុជា​ក្លាយ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ​ គឺ​កម្ពុជា​អាច​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អាស៊ាន​មាន​សសរ​១០​វិញ។ ​ជួស​ជុល​សសរ​មីយ៉ាន់ម៉ា​ឲ្យ​មាន​ភាព​រឹង​មាំ​វិញ​ ហើយ​ប្រសិន​បើ​កម្ពុជា​អាច​ធ្វើ​បាន​ គឺ​ជា​មោទន​ភាព​មួយ​មិន​សម្រាប់​តែ​រដ្ឋាភិបាល​ទេ ​វា​គឺ​ជា​មោទន​ភាព​ជាតិ​ទាំង​មូល។ ​ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ស្នាដៃ​ ឬ​ក៏​ជា​វីរភាព​មួយ​សម្រាប់​សម្តេច​ ហ៊ុន​ សែន»។​

គួរ​បញ្ជាក់​ថា​ មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ បាន​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ​២០២១​ ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី ​អ៊ុងសាន ស៊ូជី ​(Aung San Suu Kyi) ​ចេញ​ពី​តំណែង៕

XS
SM
MD
LG