ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសារព័ត៌មាន​នៅ​ខេត្ត​ព្រះវិហារ​ម្នាក់​ថា បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ផ្តើម​ពី​«គំនុំ​ផ្ទាល់​ខ្លួន»


រូបឯកសារ៖ ប្រជា​ពលរដ្ឋនិង​សមត្ថកិច្ច ប៉ះទង្គិច​ហិង្សា​ដាក់គ្នា​ត្រង់​ចំណុច​ដី​រដ្ឋ​ដែល​បាន​ឈូសឆាយ នៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (រូបភាព​ផ្តល់​ឲ្យ​ដោយ ទ្រី សុផល)

អ្នក​សារ​ព័ត៌មាន​ម្នាក់​ក្នុង​ខេត្ត​ព្រះវិហារ​គឺ​លោក ​ទ្រី សុផល​ បន្ត​ច្រាន​ចោទ​បណ្តឹង​របស់​ពលរដ្ឋ​ម្នាក់​ដែល​ប្តឹង​លោក​ពី​បទ​លួច​ និង​កំហែង​យក​ត្រាក់ទ័រ​ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០២១​ និង​ថា​បទចោទ​ប្រកាន់​នោះ​ ទំនង​ជា​មាន​ការ​ជាប់​ទាក់ទង​នឹង​ទំនាស់​បុគ្គល​ដែល​លោក​ធ្លាប់​មាន​ជាមួយ​មន្ត្រី​តុលាការ​ម្នាក់​បម្រើ​ការងារ​ក្នុង​ខេត្ត​ ដែល​ជាប់​ប្រទស​ថៃ​មួយ​នេះ។ ​

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១ ​អតីត​អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរ​ទស្សន៍ ​NICE TV ​ប្រចាំ​ខេត្ត​ព្រះ​វិហារ​ ប៉ុន្តែ​ក្រោយ​មក​បាន​ផ្លាស់​ប្តូរ​មក​ធ្វើ​ជា​អ្នក​យក​ព័ត៌មាន​ឱ្យ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ​«ព័ត៌មាន​រាល់ថ្ងៃ»​ លោក ​ទ្រី ​សុផល​ ត្រូវ​បាន​ពលរដ្ឋ​ម្នាក់​ប្តឹង​ពីបទ​ចោរ​កម្ម​ខាង​លើ។ ​នេះ​បើ​តាម​ដីកា​កោះ​របស់​សាលាដំបូង​ខេត្ត​ព្រះវិហារ។​

បើ​តាម​អតីត​អ្នក​យក​ព័ត៌​មាន​ឱ្យ​ទូរ​ទស្សន៍ ​NICE TV​ រូប​នេះ ​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​ប្រឆាំង​នឹង​លោក​នោះ​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ ដោយ​លោក​ថា​ ករណី​នេះ​អាច​ជា​ការ​សងសឹង​របស់​ព្រះរាជ​អាជ្ញារង​ លោក ​វុធ សាវី។ ​លោក​ ទ្រី សុផល ​និយាយ​ថា លោក​ធ្លាប់​មាន​ភាព​ចម្រូស​ចម្រាស​ជាមួយ​ព្រះរាជ​អាជ្ញារង​រូប​នោះ​ពាក់​ព័ន្ធ​ការ​ដោះ​លែង​បុគ្គល​៣​នាក់​ដែល​រង​ការ​ចោទ​ថា​ បាន​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋក្នុង​ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ​ឱ្យ​បាន​ចេញ​ពី​ពន្ធនាគារ​កាលពី​ខែ​សីហា ​ឆ្នាំ​២០២១។​

លោក​ ទ្រី​ សុផល​ អាយុ​៣១​ឆ្នាំ​ ប្រាប់​វីអូអេ​នាពេល​ថ្មីៗ​នេះ​ថា ​លោក​កំពុង​ស្វះ​ស្វែង​រក​ការ​ជួយ​ជ្រោម​ជ្រែង​ខាង​ផ្លូវ​ច្បាប់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ រួម​មាន​ក្រសួង​យុត្តិធម៌​ និង​សមាគម​ការពារ​សិទ្ធិ​អ្នក​សារ​ព័ត៌មាន​ ដើម្បី​ឱ្យ​បាន​រួច​ផុតពី​ការ​ប្តឹង​ផ្តល់​ពី​បទ​លួច​នោះ។ អ្នក​កាសែត​រូប​នេះ​ ធ្លាប់​រង​បទ​ចោទ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​គឺ​«កំហែង​យក ​ ​ហិង្សា​ដោយ​ចេតនា ​និង​គំរាម​កំហែង​ថា​ នឹង​សម្លាប់» ​បន្ទាប់​ពី​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​រដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ​ កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅ​នោះ។​

លោក ​ទ្រី សុផល​ បន្ត​ថា​ បទ​ចោទ​ថ្មី​នេះ ​មាន​ភាព​មិន​ប្រក្រតី​ហើយ​ទំនង​ជា​មាន​ការ​រៀបចំ​ និង​មាន​ចេតនា​គំនុំ​គុំ​កួន​រូប​លោក ​ពី​ព្រះ​រាជ​អាជ្ញា​រង​លោក​ វុធ សាវី​ ដោយសារ​កន្លង​មក​លោក​ធ្លាប់​ប្តឹង​ព្រះរាជ​អាជ្ញារង​រូប​នោះ​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ACU​ ពាក់​ព័ន្ធ​នឹង​រឿង​ឈូសឆាយ​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ​ និង​ដោះ​លែង​ជន​ល្មើស​ស្ងាត់ៗ​កាលពី​ខែ​សីហា ​ឆ្នាំ​២០២១។​

លោក​ថ្លែង​ថា៖ ​«ក្នុង​នាម​យើង​ជា​អ្នក​ព័ត៌មាន​ យើង​ធ្វើ​តាម​វិជ្ជាជីវៈ​របស់​យើង។​ហើយ​បើ​សម្រាប់​ខ្ញុំ​ ខ្ញុំ​អត់​មាន​ តួនាទី​ ឬ​ក៏​សមត្ថ​កិច្ច​ណា​ទៅ​ដក​ហូត ​សោរ ​ឬ​ស្អីៗ​របស់​គាត់​ដែល​ជា​ជន​ល្មើស​ហ្នឹង​ទេ។​ជាក់ស្តែង​គឺ​សមត្ថ​កិច្ច​ គឺ​គាត់​ចុះ​ទៅ​ពិនិត្យ​នៅ​ហ្នឹង​ម៉ង ​ហើយ​ពេល​ហ្នឹង​រដ្ឋបាល​ព្រៃ​ឈើ​គាត់​អ្នក​នាំ​យក​ត្រាក់ទ័រ។ ​គាត់​សហការ​ជាមួយ​ទាហាន​...​ហើយ​នឹង​ប៉ូលិស​សេដ្ឋ​កិច្ច»។​ ​

អ្នក​កាសែត​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ព្រះរាជ​អាជ្ញា​រងលោក​ វុធ សាវី​ ធ្លាប់​ប្រើ​ពាក្យ​សម្តី​មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​លោក​មាន​ការ​ភិត​ភ័យ​និង​ខ្លាច​ថា​ លោក​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​ដើម។​

លោក​ថ្លែង​ថា៖ ​«វុធ សាវី ​តេឡេក្រាម​ជា​មួយ​ខ្ញុំ​ថា​ ​រឿង​ហ្នឹង​អត់​អី​ទេ ​បង ​មក​ឆ្លើយ​តាម​ខ្ញុំ​មក​អត់​មាន​បញ្ហា​អី​ទេ។ ប៉ុន្តែ​មក​ដល់​ថ្មីៗ​នេះបែរ​ជា​មាន​ការ​លើក​ឡើង​របស់​គាត់​ជា​មួយ​ខ្ញុំ​ណា៎បង។​អ៊ីចឹង​ខ្ញុំ​គិត​ថា​បញ្ហា​នេះ​ វា​ អត់​ប្រក្រតី​ទេ​ ដល់​អ៊ីចឹង​ ខ្ញុំ​អត់​ហ៊ាន​ចូល​[បំភ្លឺ​នៅ​តុលាការដោយ​គ្មាន​មេធាវី] ។ ​ខ្ញុំ​ខ្លាច​គេ​នាំ​ខ្លួន​ ឬ​ឃុំ​ខ្លួន​...។ ​ជាក់​ស្តែង​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អ្វី​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ»។

បុរស​ម្នាក់​ជា​នាយ​ទាហាន​ប្រចាំ​ខេត្ត​ព្រះវិហារ​ដែល​ត្រូវ​បាន​រង​ពាក្យ​បណ្តឹង​ដូច​គ្នា​នឹង​លោក ​ទ្រី សុផល​ នោះ ​គឺលោក ព្រាប ធឿត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​ម្តង​ហើយ​ ប៉ុន្តែ​មិន​បាន​ឃើញ​អ្នក​ដាក់​ពាក្យ​បណ្តឹង​ឈ្មោះ ​សុង ចិន​ ដែល​មាន​ក្នុង​ដីកា​កោះ​ឱ្យ​ចូល​ខ្លួន​របស់​សាលាដំបូង​ខេត្ត​ព្រះវិហារ​ទេ។​

បើ​តាម​នាយ​ទាហាន​រូបនោះ​ លោក​មិន​បាន​ស្គាល់​អ្នក​ប្តឹង​នោះ​ទេ ហើយ​នៅ​ពេល​ថ្ងៃ​កើត​ហេតុ​លោក​គ្រាន់​តែ​ចុះ​ទៅ​បំពេញ​តាម​តួនាទី​តែ​ប៉ុណ្ណោះ ​និង​មិន​បាន​ប្រព្រឹត្ត​សកម្ម​ភាព​«លួច ​និង​កំហែង​យក»​ ដូច​ការ​ចោទ​ប្រកាន់​ទេ។

លោក​ថ្លែង​ថា៖ ​«អាត្រាក់​ទ័រ​ហ្នឹង​ ឈូស​ឆាយ​លើ​ដី​ក្រុមហ៊ុន ​ ដល់​ក្រុមហ៊ុន​គេ​ប្តឹង​ទៅ​ ក៏​ខាង​អ្នក​សារ​ព័ត៌មាន​ អីហ្នឹង​ រាយ​ការណ៍​មក​អ្នក​ជំនាញ​មេព្រៃ។ ​មេព្រៃ​គេ​ទៅ​យក​....​អត់​មាន​ពាក់​ព័ន្ធ​អី​ជា​មួយ​ពួក​ខ្ញុំ​ផង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ លោក​ វុធ សាវី ​បាន​នៅ​ឡើយ​ទេ ​គិត​មកដល់​រសៀល​ថ្ងៃ​សុក្រ​នេះ។ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​ពលរដ្ឋ​ជា​ដើម​បណ្តឹង​គឺ​ លោក សុង ចិន ​បាន​ដែរ​នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ជិន ម៉ាលីន​ ថា ​ លោក​ ទ្រី សុផល​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​អន្តរាគមន៍ ​ហើយ​ក្រសួង​នឹង​ធ្វើការ​ពិនិត្យ​តាម​សមត្ថ​កិច្ច។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (CamboJa)​ លោក​ ណុប វី​ លើក​ឡើង​ថា​ ​ករណី​ប្តឹង​ផ្តល់​អ្នក​កាសែត​នេះ​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ឯករាជ្យ​ ឱ្យ​បាន​ច្បាស់​ ​មុន​នឹង​ឈាន​ដល់​ការ​ចាត់​វិធាន​ការ​នានា ​ព្រោះ​អាច​មាន​រឿង​រ៉ាវ​មិន​ប្រក្រតី​ណា​មួយ​នៅពី​ក្រោយ​រឿង​នេះ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ទទូច​សុំ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ពិនិត្យ​ ហើយ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ ដាក់​បន្ទុក​ណា​មួយ​ដល់​អ្នក​សារ​ព័ត៌មាន​ ដើម្បី​ធានា​ថា​អ្នក​សារ​ព័ត៌មាន​នៅតែ​អាច​ធ្វើ​កិច្ច​ការ​បាន​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​សង្គម​ ហើយ​និង​សាធារណជន​ទូទៅ»។​

អ្នក​ការពារ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​រូប​នេះ​ថា ​បើ​សិន​ជា​មិន​មាន​ការ​ស៊ើប​អង្កេត​បាន​ត្រឹមត្រូវ​នោះ​ទេ​ ការ​បំពេញ​ការ​ងារ​របស់​អ្នក​សារ​ព័ត៌មាន​លោក ​ទ្រី សុផល ​នឹង​ស្ថិត​ក្រោម​គំនាប​ច្បាប់​មួយ​ ហ្នឹងហើយ​ការ​ប្រើ​ប្រាស់​សេរីភាព ​និង​វិជ្ជាជីវៈ​របស់​លោកដើម្បី​បន្ត​រាយ​ការណ៍​បទ​ល្មើស​នានា​ដែល​បាន​កើត​ឡើង​តាម​មូលដ្ឋាន​នោះ​ក៏​ត្រូវ​កំហិត​មួយ​ផ្នែក​ដែរ។​

គិត​ចាប់​តាំង​ពី​ខែ​មករា ​ដល់​ខែ​ធ្នូ​ឆ្នាំ​២០២១ ​មក​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០២២​នេះ​មាន​ការ​យាយី​លើ​អ្នក​កាសែត​ក្រោម​ទម្រង់​ផ្សេងៗ​សរុប​៥១​ករណី​ ដែល​រួម​មាន​អ្នក​សារ​ព័ត៌មាន​៩៣​នាក់​ ក្នុង​នោះ​ស្រ្តី​៥​នាក់ ​ហើយ​ក្នុង​នោះ ​៣២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​ ១០​នាក់​ប្រឈម​វិធាន​ការ​ច្បាប់​១៨​នាក់​រង​អំពើ​ហិង្សា ​និង​ការ​យាយី​ និង​ស្ថាប័ន​សារ​ព័ត៌មាន​ចំនួន​៧​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​ហូត​អាជ្ញា​បណ្ណ។ ​នេះ​បើតាម​កំណត់​ត្រា​របស់​ខេមបូចា៕​

XS
SM
MD
LG