ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​បន្ទាប់​ពី​រង​ការ​​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ​តុលាការ​កោះ​ហៅ​ក្នុង​នាម​ជា​ជន​សង្ស័យ


លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អំពី​​ការបញ្ចប់​រឿង​​ក្តី​ដែល​មាន​លក្ខណៈ​នយោ​បាយ​ ហើយ​នឹង​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ មករា​ ឆ្នាំ ២០១៧។

សកម្ម​ជន​សិទ្ធមនុស្ស​ពីររូប​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ ក្នុង​នាម​ជា​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​ ២០១៦។​

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​ហៅ​លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យបច្ចេកទេស​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​លោក​ ចាន់ ពុទ្ធិស័ក្ត​ សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​ នៅ​តំបន់​បឹងកក់​ ដែល​ត្រូវ​ក្រុម​សន្តិសុខ​វាយ​ដំ​យ៉ាង​ដំណំ​កាល​ពី​ឆ្នាំមុន។​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ ក្នុង​នាម​ជា​ជន​សង្ស័យ​ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​១០​ ខែ​តុលា​ ឆ្នាំ​២០១៦។​

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មន្ត្រី​របស់​ខ្លួន​មួយ​រូប​ គឺ​លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​និង សកម្មជន​ការពារ​សិទិ្ធ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់​ លោក​ ចាន់​ ពុទ្ធិស័ក្ត​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ ក្នុង​នាម​ជា​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​ ២០១៦។​

​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​អង្គារ​ដោយអង្គការ​ការពារ​សិទ្ធិ​មនុស្ស​នេះ​ លោក​ អំ សំអាត​ និង​លោក​ ចាន់​ ពុទ្ធិស័ក្ត​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​ព្រះ​រាជអាជ្ញា​ លោក​ ងិន​ ពេជ​ វេលា​ម៉ោង​ ២​រសៀល​ និង​៣​រសៀល​ នៅ​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧​ តាម​បណ្តឹង​របស់​ឈ្មោះ​ សំ សុធារ៉ា​ និង​ តែត​ ចន្ធូ​ ជា​សន្តិសុខខណ្ឌ។​

លោក​ ថាវ​ គឹមសាន​ នាយក​អង្គការ​លីកាដូ​បាន​ប្រាប់​ VOA​ ថា​ ការ​កោះ​ហៅ​សហការី​របស់​លោក​ដោយ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បង្ក​ឲ្យ​មាន​ក្តី​មន្ទិល​ចំពោះ​ដំណើរ​របស់​តុលាការ​ ដោយសារ​លោក​ អំ សំអាត​ ជា​ជន​រងគ្រោះ​ តែត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​បំភ្លឺ​ ក្នុង​នាម​ជា​ជន​សង្ស័យ​ទៅ​វិញ។​

លោក​ ថាវ​ គឹមសាន​ ថ្លែង​ថា៖

«យើង​មាន​ការ​ព្រួយ​បារម្ភ​ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​ យើង​ឆ្ងល់​ យើង​ហួសចិត្ត​ ហេតុ​អី​បាន​ជា​ បាន​ជា​ មាន​ការ​ ការ​ត្រឡប់​ គេ​ហៅ​ ហាក់​ដូច​ជា​ យើង​ហៅ​ថា​ ត្រឡប់​ដូច​បាត​ដៃ​ ឬ​ក៏​សរ​ ជា​ខ្មៅ​ ខ្មៅ​ជា​សរ​បែប​នេះ»។

យ៉ាង​ណា​ក៏​ដោយ​លោក​ ថៅ​ គឹមសាន​ ​បន្ត​ថា​ ការ​កោះ​ហៅ​របស់​តុលាការ​នេះ​ មិន​អាចគំរាមកំហែង​ដល់អង្គការ​លីកាដូ​ក្នុង​ការ​បំពេញ​ការងារ​សិទ្ធិ​មនុស្ស​នោះ​ទេ។

មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ លោក​ លី​ សុផាណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ឆ្លើយ​សំណួរ​របស់​ VOA ​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ ដែល​សម្រេច​ជ្រើស​យក​បណ្តឹង​របស់​ក្រុម​កង​សន្តិសុខ​ ហើយ​មិន​អើ​ពើ​នឹង​បណ្តឹង​របស់​ លោក​ អំ សំអាត​ និង​លោក​ ចាន់​ ពុទ្ធិស័ក។​ លោក​បាន​ត្រឹមតែ​បញ្ជាក់​ថា​ លោក​ព្រះរាជ​អាជ្ញារង​ ងិន ពេជ​ បាន​កោះហៅ​លោក​ អំ សំអាត​ ដើម្បី​មក​ស្តាប់​ចម្លើយ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ នៅ​ថ្ងៃ​ទី​ ១០​ ខែ​តុលា​ ឆ្នាំ​ ២០១៦​ នៅ​សង្កាត់​ជ័យជម្នះ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​

លោក​បញ្ជាក់​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«អយ្យការ​កំពុង​ចាត់ការ​រឿងក្តី​នេះ​ ដោយ​បាន​ពិនិត្យ​រាល់​ឯកសារនានា​ ភស្តុតាង​ និង​ស្តាប់​ចម្លើយ​បុគ្គល​ពាក់ព័ន្ធ»។

លោក​ អំ​ សំអាត​ ប្រធាន​ការិយា​ល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​រង​ការ​វាយដំ​ពី​ក្រុម​កង​សន្តិសុខ​មួយ​ក្រុម​កាល​ពី​ឆ្នាំ​មុន យល់​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ចកំពុង​បង្ហាញ​សាធារណជន​ ជា​ពិសេស​ពលរដ្ឋ​ដែល​បាន​ចូលរួម​ប្រារព្ធទិវា​លំនៅដ្ឋាន​ពិភពលោក​ អំពី​ក្តី​អាម៉ាស់​របស់​ខ្លួន​ តាម​រយៈ​ការ​ចោទ​លោក​ថា​ ជា​ជន​សង្ស័យ​ក្នុង​អំពើ​ហិង្សា​នោះ​ និង​ការ​បញ្ជូន​សំណុំ​រឿង​នេះ​មក​តុលាការ។​

«រឿង​នេះ​ វា​ខ្មាស់​គេ​ណាស់​ ពី​ព្រោះ​ភស្តុតាង​ គេ​មាន​ទាំង​អស់​ណ៎ា!​ គ្រប់គ្រាន់​ទាំង​អស់​ ហើយ​បែរ​ជា​មិន​ព្រម​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អ​ ដើម្បី​រក​ការពិត​នៅ​ទី​ហ្នឹង​ បែរ​ជា​ចោទ​ប្រកាន់​មក​លើ​អ្នក​រងគ្រោះ​ទៅ​វិញ។​ អាហ្នឹង​ខ្ញុំ​ ទុក​ឲ្យ​ទៅ​លើ​ខាង​តុលាការ ឬ​ក៏​ខាង​រាជរដ្ឋាភិបាល​ ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្តេច​នាយករដ្ឋមន្ត្រី​ លោក​ពិនិត្យ​មើល​ទៅ​ថា​ ស្ថានភាព​ហ្នឹង​វា​យ៉ាង​ម៉េច​ ចំពោះ​សន្តិសុខ​មួយ​ក្រុមហ្នឹង​បាទ»។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ បាន​ពណ៌នា​ហេតុការណ៍​ទាក់​ទិន​អំពី​ហិង្សា​នោះ​ថា៖

«នៅ​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​២០១៦​ អំឡុង​ពេល​ដង្ហែរ​អហិង្សា​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​ទី​លាន​ប្រជាធិបតេយ្យ​ ក្រុម​សន្តិសុខ​ ​ដែល​ដឹកនាំ​ដោយ​ លោក​ គឹម វុត្ថា​ ប្រធាន​សិន្តិសុខ​ខណ្ឌ​ដូនពេញ​ បាន​បិទ​ផ្លូវ​រាំង​ក្បួន​ដង្ហែ​ និង​បាន​ឆក់​យក​ស្គរ​ឆ៉ៃយ៉ាំ​ និង​បដា​ ពី​អ្នក​ដើរ​ហែរ​ក្បួន។​

សេច​ក្តី​ថ្លែង​ការណ៍​ដដែល​នោះ​បាន​បន្ត​ថា​ នៅ​ពេល​នោះ​ ក្រុម​សន្តិសុខ​ បាន​ចាប់​ផ្តើម​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​លោក​ ចាន់​ ពុទ្ធិស័ក្ត​ ខណៈ​ពេល​ដែល​លោក​កំពុង​ថត​សកម្មភាពរបស់​ក្រុម​សន្តិសុខ។

លោក​ អំ សំអាត​ បាន​ព្យាយាម​ដោយ​សន្តិវិធី​ ដើម្បី​បញ្ឈប់​ស្ថានការណ៍​តានតឹង​នោះ​ ក្នុង​នាម​លោក​ជា​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស។ តែ​នៅ​ពេល​ភ្លាម​នោះៗ​ ក្រុម​សន្តិសុខ​បាន​ហ៊ុម​ព័ទ្ធ​ និង​ដាល់​មុខ​ និង​កញ្ចឹង​ករបស់​លោក​ជាច្រើន​ដៃ។​

​លោក ​ចាន់​ ពុទ្ធិស័ក្ត​ ប្រាប់​ VOA ថា​ ​លោក​ងឿង​ឆ្ងល់​ចំពោះ​ការ​ធ្វើ​របាយការណ៍​របស់​ក្រុម​នគរបាល​មូលដ្ឋាន​ ក្នុង​ការ​សរសេរ​សំណុំ​រឿង​នៃ​អំពើ​ហិង្សា​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​នេះ។​

«បាទ​ អា​នេះ​ជា​រឿង​មួយ​ ដែល​មិន​សាក​សម​ទេ​ ដោយ​សារ​ថា​ យើង​ជា​ជន​រងគ្រោះ​ ប៉ុន្តែ​បែរ​ក្លាយ​ទៅ​ជា​ជន​សង្ស័យ​ទៅ​វិញ។​ ប៉ុន្តែ​យើង​មិន​ដឹង​ថា ​ក្នុង​ករណី​ហ្នឹង​ របាយការណ៍​របស់​អាជ្ញាធរ​ហ្នឹង​វា​ទៅ​ជា​រាយការណ៍​យ៉ាង​ម៉េច​ទៅ​តុលាការ​អញ្ចឹង​ យើង​វា​អត់​ដឹង»។​

លោក​ ហួត​ ចាន់យូរ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ បដិសេធ​មិន​ធ្វើ​អធិប្បាយ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ លោក​ជាប់​មាន​ការ​ប្រជុំ​ នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

លោក​ អំ ​សំអាត​ និង​ លោក​ ចាន់​ ពុទ្ធិស័ក្ត​ ថ្លែងថា​ ពួកគេ​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។​

មន្ត្រី​អង្គការ​លីកាដូ​ បញ្ជាក់​ថា​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នឹង​បន្ត​តាមដាន​លើ​បណ្តឹង​របស់អ្នក​ទាំង​ពីរ​ដែល​បាន​ដាក់​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ័យជម្នះ​ ក្រោយ​អំពើ​ហិង្សា​នោះ​បាន​កើត​ឡើង៕

XS
SM
MD
LG