ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រញ្ជួយដី​កម្រិត ៧ រិចទ័រ​កើតឡើង​នៅ​ឥណ្ឌូណេស៊ី


បុគ្គលិក​ហាង​ទំនើប​មួយ​កន្លែង​រង់ចាំ​នៅ​ក្រៅ​អគារ​នៅ​ទី​ក្រុង Denpasar នៃ​កោះ​ទេសចរណ៍​កម្សាន្ត បាលី (Bali) ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៣ ក្រោយ​ពី​មាន​ការ​រញ្ជួយ​ផែនដី​កម្រិត​៧​រិចទ័រ។
បុគ្គលិក​ហាង​ទំនើប​មួយ​កន្លែង​រង់ចាំ​នៅ​ក្រៅ​អគារ​នៅ​ទី​ក្រុង Denpasar នៃ​កោះ​ទេសចរណ៍​កម្សាន្ត បាលី (Bali) ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៣ ក្រោយ​ពី​មាន​ការ​រញ្ជួយ​ផែនដី​កម្រិត​៧​រិចទ័រ។

ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក (USGS) បាន​បញ្ជាក់​ថា គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំងក្លា​មួយ​កម្រិត ៧ រិចទ័រ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ជម្រៅ​ដ៏​ជ្រៅ​នៅ​ក្នុង​មហា​សមុទ្រ​នៃ​កោះ Java របស់​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បើ​ទោះបីជា​វា​ធ្វើ​ឱ្យ​តំបន់​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​រង្គើ​ក៏ដោយ ក៏​មិន​ទាន់​មាន​របាយការណ៍​ភ្លាមៗ​ណា​មួយ​ថា​មាន​ការ​ខូចខាត​ឬ​ក៏​ករណី​ស្លាប់​និង​រង​របួស​ណា​មួយ​នៅ​ឡើយ​ទេ។

ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា ការ​រញ្ជួយដី​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៤ និង ៥៥ នាទី​ល្ងាច ម៉ោង​នៅ​ក្នុង​ស្រុក ដោយ​ចំណុច​កណ្ដាល​នៃ​គ្រោះ​រញ្ជួយដី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​ថា​មាន​ជម្រៅ ៥៩៤ គីឡូម៉ែត្រ និង​មាន​ចម្ងាយ ៩៦,៥ គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ជើង​ក្រុង Tuban នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​មាន​ចម្ងាយ​ប្រមាណ ១៦០ គីឡូម៉ែត្រ​នៅ​ចន្លោះ​ភាគ​ខាង​ជើង​និង​ភាគ​ពាយ័ព្យ​នៃ​ក្រុង Surabaya ដែល​ជា​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​គេ​បំផុត​ទី​ពីរ​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

ទីភ្នាក់ងារ​ឧតុនិយម អាកាសធាតុ និង​រូបសាស្ត្រ​ផែនដី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា មិន​មាន​គ្រោះថ្នាក់​នៃ​រលក​យក្ស​ស៊ូណាមិ​ទេ។

សេចក្ដី​រាយការណ៍​នានា​ពី​បណ្ដាញ​សង្គម​អនឡាញ​បាន​បង្ហាញ​ថា បើ​ទោះបីជា​មិន​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ណា​មួយ​ត្រូវ​បាន​រាយការណ៍​ក៏ដោយ ក៏​ការ​រញ្ជួយដី​នេះ​បាន​បណ្ដាល​ឱ្យ​មាន​ការ​ជ្រួល​ច្របល់​បន្តិចបន្តួច​នៅ​ក្នុង​តំបន់​ដែល​មាន​មនុស្ស​ច្រើន​នៅ​ផ្នែក​កណ្ដាល​នៃ​កោះ Java ទីក្រុង Yogyakarta និង​តំបន់​រមណីយដ្ឋាន​កោះ Bali ដែល​នៅ​ទីនោះ​ការ​រញ្ជួយដី​នេះ​បាន​បណ្ដាល​ឱ្យ​អគារ​នានា​រង្គើ។ រូបភាព​និង​វីដេអូ​អំពី​ការ​រញ្ជួយដី​នេះ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​បាន​បង្ហាញ​អំពី​មនុស្ស​ជម្លៀស​ចេញ​ពី​អគារ​នានា​និង​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ផ្លូវ។

ប្រទេស​ឥណ្ឌូណេស៊ី​ធ្លាប់​ជួប​ប្រទះ​ការ​រញ្ជួយដី​ជា​ញឹកញាប់​ដោយសារតែ​ប្រទេស​នេះ​ស្ថិត​នៅ​ចំ «ក្រវាត់​ផ្លូវ​ភ្នំ​ភ្លើង» នៃ​តំបន់​ប៉ាស៊ីហ្វិក ដែល​លាត​សន្ធឹង​ពី​ប្រទេស​ជប៉ុន​កាត់​តាម​តំបន់​អាស៊ី​អាគ្នេយ៍​និង​អាង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន គ្រោះ​រញ្ជួយដី​កម្រិត ៥,៦ រិចទ័រ​បាន​កើតឡើង​នៅ​ជិត​កោះ Java ដោយ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់។

កាលពី​ខែ​ធ្នូ ឆ្នាំ ២០០៤ គ្រោះ​រញ្ជួយដី​កម្រិត ៩,១ រិចទ័រ​បាន​កើតឡើង​នៅ​ក្នុង​សមុទ្រ​នៃ​កោះ Sumatra ដោយ​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ដែល​បាន​សម្លាប់​មនុស្ស​ជិត ២៣០.០០០ នាក់​នៅ​ក្នុង​តំបន់៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG