ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រញ្ជួយ​ដី​នៅ​ឥណ្ឌូណេស៊ី​សម្លាប់​មនុស្ស​យ៉ាង​តិច​​​រាប់​សិប​​នាក់​និង​ធ្វើ​ឱ្យ​​របួស​រាប់​រយ​នាក់


ជនរងគ្រោះ​ដោយសារ​ការ​រញ្ជួយដី​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ​ក្នុងក្រុង Cianjur ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ជនរងគ្រោះ​ដោយសារ​ការ​រញ្ជួយដី​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ​ក្នុងក្រុង Cianjur ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ការ​រញ្ជួយដី​ដែល​មាន​កម្រិត​៥,៦​រិជ្ជទ័រ​ បាន​វាយប្រហារ​លើខេត្ត​ជ្វា​ខាង​លិច ឬ West Java របស់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​សម្លាប់​មនុស្ស​ជាង​៦០នាក់​នាក់។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​ទី​ភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​ ខណៈពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះនិង​អាជ្ញាធរ កំពុង​ធ្វើការកំណត់​ពី​ការវាយតម្លៃ​នៃ​ការ​ខូច​ខាត​ទាំង​មូល។​ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

គ្រោះ​រញ្ជួយ​ដី​នេះ​កើត​មានឡើង​នៅ​ក្នុង​ទី​ប្រជុំជន Cianjur ដែល​មាន​ចម្ងាយ​ប្រមាណ​៧៥គីឡូម៉ែត្រ​ ភាគ​អាគ្នេយ៍​រដ្ឋធានី Jakarta ហើយ​ដែល​ការ​រញ្ជូយ​នេះ​កើត​ក្នុង​ជម្រៅ​ដី​ប្រមាណ​១០គីឡូម៉ែត្រ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​ទី​ភ្នាក់ងារ​ភូមិសាស្រ្ត​និង​អាកាសធាតុ ​BMKG របស់​ឥណ្ឌូណេស៊ី។ ទី​ភ្នាក់ងារនេះ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ គ្រោះ​រញ្ជួយ​ដី​នេះមិន​បណ្តាល​ឱ្យ​មាន​រលក​យក្ស​ស៊ូណាមិក​នោះ​ទេ។​

លោក ​Herman Suherman មន្ត្រី​រដ្ឋាភិបាល​ក្នុង​ទី​ប្រជុំជន Cianjur បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មានថា​ មានមនុស្ស​មួយ​ចំនួន​កំពុង​នៅ​ជាប់​នៅក្នុង​គំនរ​ថ្ម​បាក់​បែក​របស់​អគារនៅ​ឡើយ។​ បណ្តាញ​ព័ត៌មាន​ទូរទស្សន៍ Metro TV បាន​បង្ហាញ​ពីអ្វី​ដែល​ទំនង​ជាជន​រងគ្រោះ​ជា​ច្រើន​រយនាក់​ ដែល​កំពុង​ទទួល​បាន​ការ​ព្យាបាល​នៅ​កន្លែង​ចតឡានរបស់មន្ទីរពេទ្យ​មួយ​កន្លែង។​

មានផ្ទះ​ជា​ច្រើន​ខ្នង​ និង​សាលារៀន​ឥស្លាមមួយ​កន្លែង​ ​ទទួល​រងការ​ខូចខាត ស្របពេល​ដែល​ភ្លើងអគ្គិសនីនៅ​ក្នុង​តំបន់​គ្រោះ​រញ្ជួយ​ដី​នោះ​ បាន​ដាច់​ និង​ធ្វើ​ឱ្យរាំង​ស្ទះ​ដល់​ការធ្វើ​ទំនាក់ទំនង​ផងដែរ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ទី​ភ្នាក់ងារ​គ្រោះមហន្តរាយឥណ្ឌូណេស៊ី៕

XS
SM
MD
LG