ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់អនា​ធិបតេយ្យ Kibera នៃប្រទេសកេនយ៉ា​តភ្ជាប់​ចរន្ត​​អគ្គិសនី​ដោយ​មិនគិត​ពី​គ្រោះ​ថ្នាក់​


ខ្សែ​ភ្លើង​ជំពាក់​គ្នា​ខាង​លើ​ដំបូល​ផ្ទះ​​ត​ភ្ជាប់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្នុង​តំបន់​ Kibera ប្រទេស​កេនយ៉ា​។ ខ្សែ​ទាំង​អស់​នោះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​បែងចែក​រវាង​ខ្សែ​តភ្ជាប់​ស្របច្បាប់​និង​មិន​ស្របច្បាប់​។ (R. Ombuor/VOA)
ខ្សែ​ភ្លើង​ជំពាក់​គ្នា​ខាង​លើ​ដំបូល​ផ្ទះ​​ត​ភ្ជាប់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្នុង​តំបន់​ Kibera ប្រទេស​កេនយ៉ា​។ ខ្សែ​ទាំង​អស់​នោះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​បែងចែក​រវាង​ខ្សែ​តភ្ជាប់​ស្របច្បាប់​និង​មិន​ស្របច្បាប់​។ (R. Ombuor/VOA)

លទ្ធភាព​ទទួល​បាន​សេវាកម្ម​ចាំបាច់​​នៅ​តែ​ជា​បញ្ហា​​ក្នុង​រដ្ឋធានី​ដែល​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កេនយ៉ា និង​នៅ​តំបន់​សំណង់​អនាធិបតេយ្យជាច្រើននៅ​ក្រៅ​រដ្ឋធានី​ណៃរ៉ូប៊ី។ អ្នកតាំង​ទីលំនៅ​ទាំងនោះ​ប្រថុយ​ជីវិត​របស់​ពួក​គេ​ដើម្បីទទួល​បាន​ថាមពល​អគ្គិសនី​ខុសច្បាប់​ដែល​មាន​តម្លៃ​ថោក​មកប្រើប្រាស់។

ខ្សែ​ភ្លើង​មើល​ទៅ​ដូច​ជា​សំបុក​ពីងពាង​គ្រប​ដណ្តប់​នៅ​លើ​ផ្នែក​ជាច្រើន​នៃ​តំបន់ Kibera។ ខ្សែ​ខ្លះ​ត្រូវ​បាន​គេ​ប្តូរ​មក​ប្រើជាខ្សែ​សម្រាប់​ភ្ជាប់​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​ដែល​ត្រូវ​បាន​គេ​ដាក់​លើបង្គោល​ឈើឬ​បង្គោល​ដែក​ឆ្លង​កាត់​ដំបូល​ផ្ទះ។

ខ្សែ​ភ្លើងដែល​មាន​ចរន្តអគ្គិសនី​ បង្កឲ្យ​មាន​គ្រោះ​ថ្នាក់។ របាយការណ៍​អំពី​ការ​រង​របួស​និង​អគ្គិភ័យ​ត្រូវ​បាន​គេ​រាយការណ៍​ជា​បន្ត​បន្ទាប់។

នាង ​Effie Akumu​ អាយុ ​២១ ​ឆ្នាំ ​ជា​អ្នករស់នៅ​ទីនោះ​បាន​ឃើញ​មនុស្ស​ពីរ​នាក់​ស្លាប់​ដោយ​សារ​ការ​ឆក់​ចរន្ត​អគ្គិសនីក្នុង​ខែ​នេះ។ នាង​ខ្លួនឯង​ផ្ទាល់​បានរត់​គេចតាម​ច្រកដ៏តូច​ចង្អៀត​ផងដែរ​។

នាង​បាន​និយាយ​ថា៖ «ខ្ញុំ​រស់នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​តំបន់​នេះ​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់​កន្លែង​នេះ​ទាល់​តែសោះ។ ខ្ញុំមិនមានស្បែក​ជើង​ពាក់​ទេ​ហើយបាតជើង​ខ្ញុំ​ទទឹក​រហូត។ ខ្ញុំ​ឃើញ​ផ្កា​មួយទង​ហើយ​ខ្ញុំ​ចង់​ទៅ​កាច់​ផ្កា​នោះ។ សំណាង​ខ្ញុំ​មិន​ល្អ ខ្ញុំ​បាន​ដើរ​ជាន់​ខ្សែ​ភ្លើង​ដែល​មាន​ចរន្ត​អគ្គិសនី។ ខ្ញុំ​រើ​មិន​រួច​ប្អូន​ស្រី​ខ្ញុំ​បាន​រត់​មក​ជួយ​សង្គ្រោះ​ខ្ញុំ។ គាត់​ក៏​ឆក់​ជាប់​គាំង​ជាមួយ​ខ្ញុំ​ដែរ។ យើង​ចាប់​ផ្តើម​រើ​ខ្លួន​ចេញ​ពី​ចំណុច​នោះ។ យើង​អាចគេចខ្លួនផុត​ប៉ុន្តែ​ប៉ុន្មាន​នាទី​ដំបូង​ខួរ​ក្បាល​ខ្ញុំ​មិនអាចដំណើរការ ស្វែង​យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង»។

ដោយ​សារ​តែការ​លួច​ថាមពល​អគ្គិសនី​ គឺ​ជា​អំពើ​ខុស​ច្បាប់​ ជារឿយៗ​ប្រជាពល​រដ្ឋនៅ​ទីនោះ​មិន​រាយការណ៍​ករណី​នេះ​ទៅ​ប៉ូលិស​ទេ​។ ប្រជាពល​រដ្ឋដឹង​ថាមាន​គ្រោះ​ថ្នាក់​ ​ប៉ុន្តែ​ពួកគេ​នៅតែ​ប្រព្រឹត្ត​ដដែល​ជាដដែល។

សំណុំ​ខ្សែភ្លើង​ដែល​មាន​ចរន្ត​អគ្គិសនី​ត្រូវ​បាន​ចង​ព្យួរ​រលុងៗ​នៅ​ខាង​លើ​ផ្ទះ​របស់លោក ​George Juma ។

«គ្មាន​ផ្លូវ​ទេ​ដែល​ខ្ញុំ​អាចមាន​លទ្ធភាព​តនឹង​ដាក់​ខ្សែ​ភ្លើងរត់​កាត់​មុខ​មាត់​ទ្វារ​ផ្ទះខ្ញុំ​ អីចឹង​ហើយ​បានជា​ខ្ញុំ​មិន​មាន​អគ្គសនី​ប្រើ​។ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា​ ប្រសិន​បើ​ខ្ញុំ​គ្រាន់​តែ​ភ្ជាប់​ខ្សែ​ភ្លើង​ទៅនឹងខ្សែ​ផ្សេង​ទៀត​ហើយយក​ដី​មក​កប់​ខ្សែ​ភ្លើង​នោះ ​ខ្ញុំ​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​ដូចគេ​ដែរ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាចត​អគ្គិសនីដោយ​ខ្លួន​ឯង?​ អ្នក​សាក​គិតថា​ ខ្លួន​អ្នក​ក្នុង​ស្ថានភាព​ដូច​ខ្ញុំទៅ​មើល»។

លោក​និយាយ​ថា​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ​គឺ​តិច​តួច​ស្ដួច​ស្ដើង ​ប៉ុន្តែ​លោក​មិន​អាច​មាន​លទ្ធភាព​បង់​វិក្កយបត្រ​អគ្គិសនី​បាន​ទេ។

ក្រុមហ៊ុនថាមពល​និងការរៀប​ចំដាក់​អំពូលភ្លើង​ កំពុង​តែ​អនុវត្ត​វិធី​សាស្រ្ត​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដើម្បី​បន្ថយការ​លួច​ថាមពល​អគ្គិសនី។

យើង​បាន​ជួប​លោក ​Ben​ Chumo ​នាយក​ក្រុមហ៊ុនថាមពល​កេនយ៉ា ។

លោកបាន​និយាយ​ថា៖ «ដំណោះ​ស្រាយ​គឺ​មិនមែន​បញ្ឈប់ការតបណ្តាញ​អគ្គិសនី​ខុស​ច្បាប់​នោះ​ទេ។ ដំណោះ​ស្រាយគឺ​ត្រូវ​ផ្តល់​នូវ​ជម្រើស​ដែល​មាន​តម្លៃ​ថោក​ជាង​និង​មាន​សុវត្ថិភាព​ដល់​ប្រជាជន​ដែល​នៅ​ក្នុង​តំបន់ Kibera។ ក្រុមហ៊ុន​យើង​ខ្ញុំបាន​ផ្តល់​ថាមពល​អគ្គិសនី​ដល់​ប្រជាជន​ប្រើប្រាស់​ក្នុងតម្លៃ​១០ដុល្លា​ក្នុងមួយ​ខែ។ មិន​មាន​ការ​លើក​ទឹក​ចិត្ត​ ឬ​ក៏​អ្វី​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ​Kibera ដើម្បី​ឲ្យ​ប្រជាជន​នៅ​ទី​នោះ​លួច​ថាមពល​អគ្គិសនី​នោះ​ទេ ​ពី​ព្រោះ​ការ​តភ្ជាប់​ដោយ​ខុស​ច្បាប់​ គឺ​ត្រូវ​ចំណាយ​ច្រើន​ជាង​ការ​តភ្ជាប់​ដោយ​ស្រប​ច្បាប់​ដែល​យើង​បាន​ផ្តល់​អោយ​ពួក​គេ។ ដូច្នេះ​អ្វី​ដែល​យើង​កំពុង​មើលឃើញ​នៅ​ក្នុង​តំបន់​ ​Kibera ​គឺ​ជា​ការ​ធ្លាក់​ចុះ​នៃ​ការ​តភ្ជាប់​ដោយ​ខុសច្បាប់​ទាំង​នោះ»។

អ្វី​ដែល​លោក​សំដៅ​ទៅ​លើ​នោះ​ គឺ​កម្មវិធី​មួយ​ដែល​បាន​ទទួល​មូលនិធិ​រួមពី​ធនាគារ​ពិភពលោក ​និង​ដៃ​គូ​សកលទៅ​លើ​ជំនួយ​ផ្អែកលើ​ទិន្នផល​ (GPOBA) ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ។

គ្រប់​ផ្ទះ​ក្នុង​តំបន់​ Kibera ដែល​ក្រុមហ៊ុន​ថាមពល​កេនយ៉ាតភ្ជាប់​ចរន្ត​អគ្គិសនីឲ្យ​ ធនាគារពិភព​លោក​បាន​ពិនិត្យ​ការ​តភ្ជាប់​ទាំងអស់ ​និងចេញថ្លៃលើ​ការ​ដំឡើង។ ធនាគារ​ពិភពលោក​ និង​ក្រុមហ៊ុន​ថាមពល​កេនយ៉ា​ ក៏​បាន​ទូទាត់​ភាព​ខុសគ្នា​រវាង​តម្លៃ​១០​ដុល្លារនៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រចាំខែ និង​ការ​ប្រើប្រាស់​ជាក់ស្តែង​របស់​ក្រុម​គ្រួសារនៅ​ទីនោះដែរ។

គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​តាម​លំនៅ​ដ្ឋានមិន​ស្របច្បាប់​ទាំងអស់​នៅ​ក្នុង​ប្រទេស​កេនយ៉ា។

ក្រុមហ៊ុនថាមពល​កេនយ៉ា​បាន​ឲ្យដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​ប្រហែល​៦០​ភាគរយ​នៃ​តំបន់ ​Kibera​ មាន​ថាមពល​អគ្គិសនី​ស្រប​ច្បាប់​ប្រើប្រាស់។ អ្នកតាំង​ទីលំនៅ​នៅតំបន់​នោះ បាន​ហៅ​គម្រោងនោះ​ថា​ «Stima Ya Tokens» សំដៅ​លើ​លុយ​ទឹកប្រាក់​ចំនួន ១.០០០​ Shilling Tokens ​សម្រាប់​បង់​វិក្កយបត្រ​ប្រចាំ​ខែ។ អ្នក​អាច​មើល​ឃើញ​ឧបករណ៍​ទប់ឬ​ទាញ​ចរន្ត​អគ្គិសនី​ចល័ត​តូចៗជា​ច្រើន​ដែល​ជាការ​ផ្តួចផ្តើម​ដំបូង និង​បាន​ដំឡើង​នៅ​ជុំវិញ​តំបន់​នោះ៕

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG