កាលពីថ្ងៃអាទិត្យ កិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់មានសន្ទុះខ្លាំងជាងមុននៅពេលដែលលោកអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា Colin Powell និងលោកស្រី Debbie Wasserman Schultz អ្នកតំណាងរាស្ត្រ និងជាប្រធាននៃគណៈកម្មាធិការជាតិរបស់គណបក្សប្រជាធិបតេយ្យបានប្រកាសការគាំទ្រដល់កិច្ចព្រមព្រៀងនេះ។
លោក Powell ដែលជារដ្ឋមន្ត្រីការបរទេសនៅពេលលោកប្រធានាធិបតី George W. Bush កាន់តំណែងនៅក្នុងសេតវិមានបានហៅកិច្ចព្រមព្រៀងនេះថាជា«កិច្ចព្រមព្រៀងល្អគួរសម» ដែលនឹងកាត់បន្ថយការគំរាមកំហែងដោយប្រទេសអ៊ីរ៉ង់ដែលមានអាវុធបរមាណូ។
លោក Powell បានមានប្រសាសន៍ថាកម្មវិធីបរមាណូអ៊ីរ៉ង់ធ្វើឲ្យប្រទេសនេះមានទំនោរតិចជាងមុនថា ខ្លួនអាចផលិតអាវុធបរមាណូមួយបានដែលត្រូវប្រើប្រាស់ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល និងប្រទេសឯទៀតៗ។ លោកបានមានប្រសាសន៍ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា «ដូច្នេះនេះជាការល្អប្រសើរគួរសម»។
លោកស្រី Wasserman Schultz បានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តគាំទ្រកិច្ចព្រមព្រៀងនេះជាសេចក្តីសម្រេចចិត្តពិបាកបំផុតមួយដែលលោកស្រីបានធ្វើនៅក្នុងរយៈពេលជិត២៣ឆ្នាំ ដែលលោកស្រីកាន់តំណែងជាមន្ត្រីជាប់ឆ្នោត។
សមាជិកាសភាស.រ.អាអំបូរជ្វីពរូបនេះបានសរសេរនៅក្នុងកាសែត The Miami Herald ថា នៅពេលដែលលោកស្រីមានកង្វល់អំពីកិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងនេះ«ផ្តល់ឱកាសល្អបំផុតដើម្បីធ្វើឲ្យប្រាកដប្រជា» អំពីសន្តិសុខសម្រាប់ស.រ.អា ប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តឯទៀតៗផងដែរ។
លោកស្រីបាននិយាយថា «តាមរយៈកិច្ចព្រមព្រៀងនេះប្រទេសអ៊ីរ៉ង់នឹងមិនអាចផលិតគ្រាប់បែកបរមាណូមួយគ្រាប់បានទេក្នុងរយៈពេលយ៉ាងហោចណាស់ពី១០ទៅ១៥ឆ្នាំ» នៅពេលដែលស.រ.អា និងសម្ព័ន្ធមិត្តរបស់អាមេរិកាំង «នឹងអាចផ្តោតការយកចិត្តទុកដាក់ជិតដិតជាងមុនលើការបញ្ឈប់សកម្មភាពភេរវកម្មរបស់អ៊ីរ៉ង់»៕