ក្រុមមេដឹកនាំប្រទេសអារ៉ាប៊ី សាអូឌីតបានគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែលត្រូវបានចរចាដោយស.រ.អា និងមហាអំណាចសំខាន់ៗផ្សេងទៀតបាននិយាយថា ពួកលោកជឿជាក់ថា កិច្ចព្រមព្រៀងនោះនឹងរួមវិភាគទានដល់សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ក្រុមមន្រ្តីសេតវិមានបានប្រកាសជំហរប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីការចរចាកាលពីរសៀលថ្ងៃត្រង់នៅឯវិមានប្រតិបត្តិរវាងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ានិងព្រះមហាក្សត្រ Salman។ លោក Adel al-Jubier រដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប៊ី សាអូឌីតបានប្រើប្រាស់ភាសាប្រហាក់ប្រហែលគ្នានៅក្នុងការគាំទ្រកិច្ចព្រមព្រៀងក្នុងអំឡុងពេលប្រារព្ធពិធីមួយនៅឯស្ថានទូតអារ៉ាប់ប៊ីសាអូឌីតក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អារ៉ាប៊ី សាអូឌីតមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីកិច្ចព្រមព្រៀងនេះ ដែលនឹងលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ដែលជាគូប្រកួតប្រជែងក្នុងតំបន់នៅក្នុងការដោះដូរការកម្រិតសមត្ថភាពរបស់អ៊ីរ៉ង់ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់សេតវិមានបានប្រាប់ឲ្យដឹងថា ក្រុមមេដឹកនាំបានព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងនោះនឹងរារាំងប្រទេសអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ ដោយធ្វើឲ្យប្រសើរឡើងនូវសន្តិសុខ។
នេះជាដំណើរយាងទស្សនកិច្ចលើកទីមួយរបស់មេដឹកនាំអារ៉ាប់ទៅកាន់ស.រ.អា បន្ទាប់ពីឡើងសោយរាជ្យនៅខែមករា ក្រោយពីការចូលទីវង្គតព្រះមហាក្សត្រ Abdullah។ ថ្វីបើមានការតានតឹងនៅក្នុងទំនាក់ទំនងនេះក៏ដោយ សេចក្តីថ្លែងការណ៍របស់សេតវិមានបានពណ៌នាការចរចាថា ប្រកបដោយផ្លែផ្កា និងវិជ្ជមាន ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើឲ្យទំនាក់ទំនងយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរកាន់តែប្រសើរឡើង៕