ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេចប៉ាប៖ ទំនាក់ទំនង​វ៉ាទីកង់-ចិន​មាន​លក្ខណៈ​ល្អ​ប្រសើរ តែ​នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ត្រូវ​ធ្វើ


សម្តេច​ប៉ាប Francis យាង​ធ្វើ​ជា​អធិបតី​ក្នុង​ការ​​ជួប​ប្រជុំ​មហាជន​ដ៏​ធំ​មួយ​នៅ​កីឡដ្ឋាន Steppe Arena ​​នៅ​ក្នុង​រដ្ឋធានី​អ៊ូឡង់បាទ័រ​ ប្រទេស​ម៉ុងហ្គោលី​​ នៅ​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០២៣។
សម្តេច​ប៉ាប Francis យាង​ធ្វើ​ជា​អធិបតី​ក្នុង​ការ​​ជួប​ប្រជុំ​មហាជន​ដ៏​ធំ​មួយ​នៅ​កីឡដ្ឋាន Steppe Arena ​​នៅ​ក្នុង​រដ្ឋធានី​អ៊ូឡង់បាទ័រ​ ប្រទេស​ម៉ុងហ្គោលី​​ នៅ​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០២៣។

សម្តេច​ប៉ាប Francis មាន​ព្រះ​បន្ទូល​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ទំនាក់ទំនង​រវាង​បុរី​វ៉ាទីកង់​ជាមួយ​ប្រទេស​ចិនកំពុង​មាន​ដំណើរការ​ល្អ​ប្រសើរ​ ប៉ុន្តែ​មាន​ការងារ​មួយ​ចំនួន​ទៀតដែល​ត្រូវ​ធ្វើ ដើម្បី​បង្ហាញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងថា​ ព្រះវិហារ​គ្រិស្តសាសនានេះ​ មិន​ចំណុះ​នឹង​ប្រទេស​មហា​អំណាចណា​មួយ​ទេ។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

សម្តេចប៉ាប ​Francis​ បាន​មាន​ព្រះបន្ទូល​ពីចំណាត់ការ​របស់​បុរីវ៉ាទីកង់​ជា​មួយ​ប្រទេស​ចិន​ នៅ​ក្នុង​អំឡុង​ពេល​នៃសន្និសីទ​សារព័ត៌មាន​មួយ​ ក្នុងដំណើរ​យាង​ត្រឡប់​ទៅ​កាន់បុរី​វ៉ាទីកង់​វិញ​ពី​ប្រទេស​ម៉ុងហ្គោលី ដែល​នៅ​ទី​នោះ​បញ្ហាវាយបង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​សាសនា​ជនជាតិ​ភាគតិច​ បាន​គ្រប​ដណ្ដប់លើព្រះរាជ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះអង្គ ទៅ​កាន់​ប្រជាជាតិ​មួយ ដែល​មាន​ការ​គោរពព្រះ​ពុទ្ធសាសនា​ភាគ​ច្រើននោះ។

សម្តេចប៉ាប​បានផ្ញើ​សេចក្តី​ជូនពរស្វាគមន៍​ដល់​ប្រធានាធិបតី​ចិន​ លោក​ Xi Jinping​ នៅ​ពេល​ដែល​យន្តហោះ​របស់​ទ្រង់​បាន​ហោះកាត់​ដែន​អាកាសប្រទេស​ចិន​ក្នុងដំណើរ​យាង​ទៅ​និង​វិល​ត្រឡប់​ពី​ប្រទេស​ម៉ុងហ្គោលី​នោះ។ ព្រះអង្គ​ក៏​បាន​ផ្តល់នូវ​សារជូន​ពរ​ពិសេសដល់​ប្រជាជន​ចិន​ផង​ដែរ​ នៅចុងបញ្ចប់​នៃការជួប​ប្រជុំ​មហាជនដ៏​ធំ​មួយនៅ​ក្នុង​រដ្ឋធានី​អ៊ូឡង់បាទ័រ​ ប្រទេស​ម៉ុងហ្គោលីនោះ។​ ​

ព្រះអង្គ​ក៏​បាន​បង្ហាញ​ពី​ព្រះ​គ្រូ​បុព្វជិត​ក្រុង​ហុងកុងពេល​បច្ចុប្បន្ន​និង​ដែល​បាន​ចូល​និវត្តន៍​ហើយ​ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​ចិន។​

ប៉ុន្តែ​ទំនាក់ទំនង​រវាង​ក្រុង​ប៉េកាំង​និង​បុរី​វ៉ាទីកង់​នៅតែ​មាន​ភាព​រកាំរកូស​ ជា​ពិសេសជុំវិញ​កិច្ច​ព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​ស្តី​ពីការ​តែងតាំង​ព្រះ​គ្រូ​បុព្វជិត​គ្រិស្តសាសនា។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី​ Mao Ning ត្រូវ​បាន​សួរ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញក្នុង​រដ្ឋធានី​ប៉េកាំង​ ​អំពី​ការថ្វាយ​ព្រះពរ​ស្វាគមន៍របស់​សម្តេច​ប៉ាប​ ដល់​ប្រជាជន​ជន​ចិន​ ដោយ​អ្នក​ស្រី​ឆ្លើយ​ថា «ចិន​តែង​តែ​ប្រកាន់​យកឥរិយាបថ​វិជ្ជមាន​ជានិច្ចទៅ​លើការ​បង្កើន​ទំនាក់ទំនងជាមួយ​បុរី​វ៉ាទីកង់​ និង​បាន​រក្សាទំនាក់ទំនង​គ្នា​ជាមួយ​បុរី​នេះ»៕

XS
SM
MD
LG