ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេច​ប៉ាប​សម្រាល​​ទុក្ខ​ជន​រងគ្រោះ​ព្យុះ​ទីហ្វុង​ Haiyan


សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស​កំពុង​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​ជិត​ព្រលានយន្តហោះ​ក្រុង​ Tacloban នៅថ្ងៃ​ទី​១៧ ខែ​មករា​ ឆ្នាំ​២០១៥​។

នៅ​ថ្ងៃសៅរ៍​នេះ​សម្តេច​ប៉ាប​ Francis បាន​ធ្វើដំណើរ​ទៅ​កាន់​ក្រុង​ Tacloban ប៉ែក​ខាង​កើតប្រទេស​ហ្វីលីពីន​ ដើម្បី​ជួយ​សម្រាល​ទុក្ខ​ប្រជាជន​ដែល​នៅរស់​ពីខ្យល់​ព្យុះ​ទីហ្វុង​ Haiyan ដែល​បាន​បោកបក់បំផ្លិច​បំផ្លាញ​ក្រុង​នោះ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៣​ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​៧៣៥០​នាក់​ស្លាប់​ឬ​បាត់ខ្លួន។​

សម្តេច​ប៉ាប​ ដែល​ពាក់អាវ​ភ្លៀង​ស្តើង​បាន​មាន​បន្ទូល​ប្រាប់​ហ្វូង​មនុស្សប្រមាណ​១សែន​៥​ម៉ឺន​នាក់ដែល​ពាក់​អាវ​ភ្លៀង​ឈរ​នៅ​កណ្តាល​ភ្លៀង​ខ្លាំង​និង​មាន​ខ្យល់​បោក​បក់ថា នៅ​ពេល​ដែល​ព្រះអង្គ​ទត​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​ខ្យល់​ព្យុះ​ទីហ្វុង​នោះពី​ក្រុង​ Rome ព្រះ​អង្គក៏បាន​សម្រេចព្រះ​ទ័យជា​បន្ទាន់​ថា​នឹង​យាង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសហ្វីលីពីន។​

សម្តេច​ប៉ាប​បាន​ទទួល​ស្គាល់​អំពី​ការ​លំបាក​ដែល​ខ្យល់​ព្យុះ​នោះ​បាន​បណ្តាល​ឲ្យ​មាន ​ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ថាព្រះអង្គ​អាច"ដើរ"ជាមួយពួក​គេ​ជាមួយ​ នឹង “ចិត្តស្ងប់ស្ងៀម" តែ​ប៉ុណ្ណោះ​។​

នៅ​ក្រោយពិធី​សូត្រ​ធម៌​ សម្តេច​ប៉ាប Francis បានមាន​បន្ទូល​ថា​ព្រះអង្គ​ត្រូវ​តែ​បញ្ចប់​ព្រះរាជទស្សនកិច្ច​របស់ព្រះអង្គ​មុន​ពេល​កំណត់​ដើម្បី​ចៀសវៀង​ពីខ្យល់​ព្យុះ​ត្រូពិច​មួយ​ដែល​ជិត​បោក​បក់​មក​ដល់។​

សម្តេច​ប៉ាប​ដែល​បាន​យាង​ទៅ​ដល់​ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​មាន​បន្ទូល​ថា​ ព្រះរាជ​ទស្សនកិច្ច គឺ​ដើម្បី​សម្តែង​ភាព​ជិត​ស្និទ្ធ​របស់​ព្រះអង្គ​ជាមួយ​ប្រជាជន​ដែល​អត់​ធន់​នឹង​ការ​រង​ទុក្ខវេទនា​ ការបាត់បង់​ និង​ការ​បំផ្លិច​បំផ្លាញ​ដែលបណ្តាល​មក​ពី​ខ្យល់​ព្យុះ​ទីហ្វុង​ Haiyan៕

XS
SM
MD
LG