សម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស កាលពីអាទិត្យបានអធិដ្ឋានសុំឲ្យមានសន្តិភាពនៅក្នុងប្រទេសនីការ៉ាហ្គា តាមរយៈការអំពាវនាវឲ្យមានការសន្ទនានៅក្នុងប្រទេសក្នុងទ្វីបអាមេរិកឡាទីនមួយនេះ នៅស្របពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើងដែលបង្កឲ្យមានមនុស្សស្លាប់ជាង១០០នាក់នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សម្តេចសង្ឃបានថ្លែងទៅកាន់អ្នកចូលរួមបន់ស្រន់តាមបែបប្រពៃណីរាប់ម៉ឺននាក់ដែលបានចូលរួមពិធីបន់ស្រន់នៅឯទីលាន SaintPeter ក្នុងវិមានវ៉ាទីកង់ថា «ព្រះអង្គសូមចូលរួមរំលែកទុក្ខជាមួយនឹងសង្ឃកាតូលិកនៅក្នុងប្រទេសនីការ៉ាហ្គាចំពោះទុក្ខសោកជុំវិញការប្រើប្រាស់អំពើហិង្សាដោយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសនីការ៉ាហ្គា»។
បាតុកម្មប្រឆាំងលោកប្រធានាធិបតី DanielOrtega បានចាប់ផ្តើមតាំងពីខែមេសាមក ពាក់ព័ន្ធនឹងសំណើផ្លាស់ប្តូរប្រាក់ឧបត្ថម្ភចូលនិវត្តន៍ ប៉ុន្តែចាប់តាំងពីពេលនោះមកបាតុកម្មនេះបានកាន់តែរីកធំឡើងរហូតដល់មានការអំពាវនាវឲ្យលោកលាលែងចេញពីតំណែង។
សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីសបានថ្លែងបន្តថា «វិហារសាសនាកាតូលិកតែងតែស្នើឲ្យមានការសន្ទនា ប៉ុន្តែតម្រូវឲ្យមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពសេរីភាព និងជីវិតមនុស្សទាំងនោះ។ សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីសក៏បានបន់ស្រន់សុំឲ្យបញ្ចប់អំពើហិង្សនេះនិងអនុញ្ញាតឲ្យមានការសន្ទនាឲ្យបានឆាប់តាមដែលអាចធ្វើបាន»។ មនុស្ស១៥នាក់ត្រូវបានសម្លាប់ និង២០០នាក់បានរងរបួសនៅក្នុងថ្ងៃទិវាម្តាយក្នុងប្រទេសនីការ៉ាហ្គាកាលពីថ្ងៃពុធកន្លងទៅនេះ។ ខ្មាន់កាំភ្លើងបានបាញ់រះទៅលើហ្វូងមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុង Masaya នៅអំឡុងពេលក្បួនដើរតវ៉ាមួយដែលដឹកនាំដោយពួកម្តាយរបស់ជនរងគ្រោះក្នុងបាតុកម្មតវ៉ានាពេលថ្មីៗនេះ៕