ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​អំពាវនាវ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ​បរិស្ថាន


សម្តេច​ប៉ាប​ឡាយ​ព្រះ​ហស្តលេខា​ជា​អ្នក​ចូល​ទស្សនា​សៀវភៅ​នៅ​ការិយាល័យ​ក្នុង​តំបន់​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។
សម្តេច​ប៉ាប​ឡាយ​ព្រះ​ហស្តលេខា​ជា​អ្នក​ចូល​ទស្សនា​សៀវភៅ​នៅ​ការិយាល័យ​ក្នុង​តំបន់​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

សម្តេច​ប៉ាប​ Francis បាន​ផ្ញើ​សារ​អំពី​ការ​យក​ចិត្ត​ទុកដាក់​​របស់​ព្រះ​អង្គ​ចំពោះ​ភព​ផែនដី ​ទៅ​កាន់​ការិយាល័យ​​កម្មវិធី​បរិស្ថាន​របស់​អ.ស.បនៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី (Nairobi) ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​រឹងមាំ​។

សម្តេច​ប៉ាប​ Francis បាន​ផ្ញើ​សារ​អំពី​ការ​យក​ចិត្ត​ទុកដាក់របស់​ព្រះ​អង្គ​ចំពោះ​ភព​ផែនដី ​ទៅ​កាន់​ការិយាល័យកម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី (Nairobi) ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​រឹងមាំ​ នៅ​មុន​កិច្ចប្រជុំ​កំពូល​ស្តី​ពី​អាកាសធាតុ​ក្នុង​ទីក្រុង​ប៉ារីស។

សម្តេច​ប៉ាប ​Francis ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ និង​ដើម្បី​ការពារ​បរិស្ថាន។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ដូច្នេះ​ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លង​ទៅ។

សម្តេច​មាន​ព្រះ​បន្ទូល​ថា៖ «នៅ​ក្នុង​បរិបទ​អន្តរជាតិ​មួយ​នេះ យើង​កំពុង​ប្រឈម​មុខ​នឹង​ជម្រើស​មួយ​ដែល​យើង​មិន​អាចព្រងើយ​កន្តើយ​បាន​ឡើយ។ ជម្រើស​នោះ​គឺថា​ តើ​យើង​ត្រូវ​ជួយ​បរិស្ថាន​ឲ្យ​ប្រសើរ​ឡើង ឬ​បំផ្លាញវា​ចោល»។

មាន​ព្រះ​បន្ទូល​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ចាប់​ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​អន្តរជាតិ​មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស សម្តេច​ប៉ាប ​Francis ​បាន​លើក​ទឹក​ចិត្ត​ថា ​អំពើ​ល្អ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​នឹង​យក​ឈ្នះ​លើ​ប្រយោជន៍​អាត្មា​និយម។

«នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ​កិច្ចប្រជុំ​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​ដ៏​សំខាន់​មួយ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉ារីស។ វា​អាច​ជា​ខកចិត្ត ហើយ​ខ្ញុំ​ហ៊ាន​និយាយ​បាន​ថា ថែមទាំង​អន្តរាយ​ទៀតផង​ ប្រសិន​បើ​ប្រយោជន៍​ជាក់​លាក់​ណា​មួយ​មាន​លើសលប់​លើ​ប្រយោជន៍​រួម»។

លោក Achim Steiner នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ យល់​ស្រប​នឹង​ឆន្ទៈ​របស់​សម្តេច​ប៉ាប​ ក្នុង​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ប្រកប​ដោយ​ចីរភាព​មួយ​នៅក្រុង​ប៉ារីស។

«វិធានការ​មួយ​នេះ​ បាន​ធ្វើ​ឲ្យ​បម្រែបម្រួល​អាកាសធាតុ​ក្លាយ​ទៅ​ជា​ការ​យក​ចិត្ត​ទុកដាក់​ជា​សកល។ ការ​យក​ចិត្ត​ទុក​ដាក់​នេះ​ មិន​ត្រឹម​តែ​លើ​វិទ្យាសាស្រ្ត​នៃ​ការ​បញ្ចេញ​ឧស្ម័ន​អាក្រក់ និង​ការ​អនុវត្ត​យ៉ាង​ខ្ជះខ្ជាយ​នានា​ដែល​បាន​រួម​ចំណែក​ដល់​បញ្ហា​នេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​យក​ចិត្ត​ទុកដាក់​លើ​សុខុមាលភាព​ពិភពលោក​ដ៏​ប្រសើរ​មួយ ​ដែល​រួម​មាន​ទាំង​យុត្តិធម៌ ​សមភាព ​និង​ការ​រួបរួម​គ្នា​ជាមួយ​នឹង​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​សង្គម។ អ្នក​រងគ្រោះ​ទាំង​នោះ​ គឺ​ជា​អ្នក​ដែល​ទទួល​ខុសត្រូវ​តិចតួច​បំផុត​សម្រាប់​បញ្ហា​នេះ ក៏​ប៉ុន្តែ​ ពួក​គេ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ»។

នៅ​ក្នុង​សុន្ទរកថា​របស់​ទ្រង់​នៅ​ទីស្នាក់ការ​របស់​អង្គការ​នេះ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ​សម្តេច​ប៉ាប​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ប្រឆាំង​នឹង​ការ​ប្រមាញ់​សត្វ​ព្រៃ​ និង​ការ​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​អាហ្រ្វិក ហើយ​អំពាវនាវ​ឲ្យ​មាន​ «ប្រព័ន្ធ​ថាមពល​ថ្មី​មួយ» ដោយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​អប្បបរមា និង​ការ​គិត​ឡើង​វិញ​ពី​ «គំរូ​នៃ​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG