ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប Benedict នឹង​ត្រូវ​បញ្ចុះ​នៅ​វិហារ St. Peter's Basilica


សម្តេចប៉ាប Francis គង់នៅ​ក្បែរ​មឈូស​របស់​សម្តេច​ប៉ាប Emeritus Benedict XVI នៅ​បុរីវ៉ាទីកង់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២៣។

សម្តេច​ប៉ាប​ Francis ​បាន​ធ្វើជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​បុណ្យ​ព្រះសព​របស់​អតីត​សម្តេច​ប៉ាប​ Benedict​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​ដោយ​បាន​សម្តែង​ការគោរព​ប្រៀបធៀប​អ្នកកាន់តំណែង​មុន​របស់​ព្រះអង្គ ​ទៅ​នឹង​ព្រះយេស៊ូវ ​នៅ​ចំពោះ​មុខអ្នកកាន់ទុក្ខ​រាប់ម៉ឺន​នាក់​នៅ​ទីលាន​ St. Peter's Basilica។

ខណៈ​ជួង​បាន​បន្លឺ​សំឡេង អ្នក​កាន់​ក្ដារមឈូស​ចំនួន ​១២ ​នាក់​បាន​យក​មឈូស​ឈើ​ដែល​ដាក់​ព្រះសព​របស់សម្តេចប៉ាប Benedict​ ចេញ​ពី​វិហារ St. Peter​'s Basilica ហើយ​យកទៅ​ដាក់​តម្កល់​នៅ​ទីធ្លា​នៅ​មុខ​ព្រះវិហារ​ធំ​ជាង​គេ​ក្នុង​ពិភព​គ្រិស្ទសាសនា។

ការអបអរសាទរ​បាន​ផ្ទុះឡើង​នៅ​ពាសពេញ​ទីធ្លា​ដ៏​ធំ​ល្វឹងល្វើយដែល​គ្រប​ដណ្ដប់​ដោយអ័ព្ទ​ ជា​សញ្ញា​នៃ​ការគោរព​ចំពោះ​សម្តេចប៉ាប​ Benedict​ ដែល​ជាវីរបុរស​ចំពោះ​អ្នកកាន់​សាសនា​គ្រិស្ទ​និកាយ​រ៉ូម៉ាំង​កាតូលិក​អភិរក្ស​និយម​ ដែល​ព្រះអង្គ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ការលាលែង​ពី​តំណែង​ជិត​មួយ​ទសវត្សរ៍​មុន។

បព្វជិត​មកពី​ជុំវិញ​ពិភពលោក ​ប្រមុខ​រដ្ឋ​មួយ​ចំនួន​តូច​ និង​អ្នកស្មោះស្ម័គ្រ​រាប់ពាន់​នាក់​បាន​ចូលរួម​ក្នុង​ពិធី​នេះ ​ខណៈដែល​ព្រះអាទិត្យ​បាន​ទម្លុះអ័ព្ទ​បន្តិច​ម្តងៗ។

បុគ្គលិក​សន្តិសុខ​អ៊ីតាលី​ជាង​១០០០​ នាក់​ត្រូវ​បាន​ហៅ​ឱ្យ​ជួយ​ការពារ​ព្រឹត្តិការណ៍​នេះ​ ហើយ​លំហអាកាស​នៅ​ជុំវិញ​បុរីវ៉ាទីកង់​ដ៏​តូច​ត្រូវ​បាន​បិទ​មួយ​ថ្ងៃ។ ប្រទេស​អ៊ីតាលី​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់ជាតិ​នៅ​ពាក់​កណ្តាល​ដង​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG