ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាហារូបករណ៍​១០០០រៀល​មួយខែ សិស្ស​ថ្នាក់​ឧត្តមសិក្សា​មកពី​ជនបទ​ត្រូវ​ធ្វើ​ការផង ​រៀន​ផង

  • វិញ សុជាតា

សិស្ស​​ស្រី​ម្នាក់​កំពុង​សរសេរ​នៅ​ក្នុង​​ថ្នាក់​រៀន​មួយ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ប្រទេស​កម្ពុជា ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ច្រើន​តែ​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​ភ្នំពេញ​ ហេតុ​ដូច្នេះហើយ​សិស្សានុ​សិស្ស​ដែល​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​តាម​បណ្តា​ខេត្ត​ត្រូវមក​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ។​ ស្រប​ពេល​ដែល​និស្សិត​ទាំង​នេះ​ចូលរៀន​នៅ​មហាវិទ្យាល័យ​នៅ​ភ្នំពេញ ​ពួកគេ​តែងតែជួប​ប្រទះ​នូវ​បញ្ហា​ជីវភាព។​ ដូច្នេះ​ការស្វែង​រក​ការងារ​ធ្វើ​បន្ទាប់​បន្សំគឺ​ជា​ការ​ចាំបាច់​សម្រាប់​ពួក​គេ។​

យុវតី​ម្នាក់​កំពុង​លើក​តុ​កៅអី​មក​តម្រៀប​ជាជួរៗ ​ញាប់ដៃ​ញាប់ជើង​យ៉ាង​ស្ទាត់​ជំនាញ។​ ​

កែវ ដារីយ៉ា ​រៀបចំ​តុកៅអី​ទាំងនេះ​ដើម្បី​រង់ចាំ​ទទួល​អតិថិជន​មក​ទិញប្រហិតនៅ​កន្លែងយ៉ាង​ពេញ​និយម​មួយ​នៅ​ពី​មុខ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ ​ដារីយ៉ា​ ជា​និស្សិត​អក្សរ​សាស្រ្ត​ខ្មែរ​ឆ្នាំ​ទី២​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ។

ដោយ​សារ​រស់​នៅ​ដាច់​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​នៅ​ឯ​ខេត្តតាកែវ ​ដារីយ៉ា​បាន​សម្រេច​ចិត្ត​រក​ការងារ​បន្ទាប់​បន្សំ​ធ្វើ​ដើម្បី​បាន​ប្រាក់​កម្រៃ​សម្រាប់​បន្ត​ការ​រៀន​សូត្រ។​

«ខ្ញុំ​ធ្វើការ​នៅ​ទីនេះ​គឺជួយ​បាន​ច្រើន​ ទី១​ខ្ញុំ​មិន​សូវ​យក​លុយ​ពីផ្ទះ​មក​ច្រើន​ ហើយ​គាត់​ក៏មិន​បាន​ផ្តល់​ឲ្យ​ច្រើន​ ជួយ​សម្រាល​បន្ទុកគ្រួសារ»។​

ដារីយ៉ា​គ្រាន់តែ​ជា​និស្សិត​ជនបទ​ម្នាក់​ក្នុង​ចំណោម​និស្សិត​រាប់​ម៉ឺននាក់​ដែល​មក​បន្ត​ឧត្តម​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ។

ជារៀង​រាល់​ព្រឹក​ មុន​ម៉ោង​ចូល​រៀន ​យឿន ស្រីម៉ៅ ​តែងតែ​ដើរ​ជាក្រុម​ជាមួយ​និស្សិត​ស្រីៗ​ផ្សេង​ទៀត​ឆ្ពោះទៅ​កាន់​ថ្នាក់​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​នៅ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ពី​កណ្តាល​ក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ភ្នំពេញ។​ ស្រីម៉ៅ ​និង​មិត្ត​ភក្ត្រ​របស់​នាង​ជា​និស្សិត​ដែល​ស្នាក់​នៅ​ឯអន្តេវា​សិកដ្ឋាន​ដែល​នៅ​មិន​ឆ្ងាយ​ពី​ថ្នាក់​រៀន​របស់​ពួក​នាង។​

ចាក​ចេញ​ពី​ខេត្ត​កំពត​កាល​ពី​ឆ្នាំ​២០១១ ​យឿន ​ស្រីម៉ៅ​ សព្វ​ថ្ងៃ​ជា​និស្សិត​អាហារូបករណ៍​មុខ​វិជ្ជាអក្សរ​សាស្រ្ត​ខ្មែរ​ឆ្នាំទី​៣​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

ដោយសារ​ឪពុក​ម្តាយ​ជា​កសិករ​ ស្រីម៉ៅ​មិន​អាច​ពឹង​ផ្អែក​លើ​ការ​ឧបត្ថម្ភ​ពីពួក​គាត់​ទាំង​ស្រុង​បាន​ទេ​ ពីព្រោះ​មាន​តែ​ខែ​ប្រមូល​ផល​ទេ​ ទើប​ឪពុក​ម្តាយ​របស់​នាង​មាន​លទ្ធភាព​ផ្ញើ​លុយ​កាក់​សម្រាប់​ការ​ចាយ​វាយ។​

ដូច្នេះ​នៅ​ចន្លោះ​ពេល​ដែល​គ្មាន​ការ​ឧបត្ថម្ភ​ពី​គ្រួសារ ​ស្រីម៉ៅ​ត្រូវ​ខ្ចី​ប្រាក់​ពី​មិត្ត​ភក្តិ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ក្នុង​ការ​សិក្សា។ ​កត្តា​ជីវភាព​នេះ​បាន​បង្ខំ​ឲ្យ​នាង​ស្វែង​រក​ការ​ងារ​ក្រៅ​ម៉ោង​សិក្សា។

បច្ចុប្បន្ន​ និស្សិត​អាយុ​២១​ឆ្នាំ​រូបនេះ​ជា​គ្រូ​បង្រៀន​នៅ​សាលា​ឯកជន​មួយ​ផ្នែក​ភាសា​អង់គ្លេស​ និង​ជា​គ្រូ​បង្រៀន​តាមផ្ទះផ្នែក​ភាសា​ខ្មែរ​ផង​ដែរ ​ហើយ​នាង​បាន​ដឹង​ពី​ឱកាស​ការងារ​ទាំង​ពីរ​នេះ​តាម​រយៈ​មិត្ត​ភក្តិ​របស់​នាង។​

មិត្តរួម​ថ្នាក់​របស់​នាង​ភាគ​ច្រើន​សុទ្ធ​តែ​ធ្វើ​ការងារ​ជា​គ្រូបង្រៀនក្រៅ​ម៉ោង។

ការងារ​ជា​គ្រូ​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​មិន​ត្រឹមតែ​ផ្តល់​ជា​ប្រាក់​ចំណួល​ដល់​គាត់​ទេ ​ថែម​ទាំង​បាន​ចូល​រួម​ជា​កត្តា​ជំរុញ​ឲ្យ​ការ​សិក្សា​របស់​នាង​កាន់តែ​ស៊ី​ជម្រៅ​ទៀត​ផង។ ​ស្រីម៉ៅ​បាន​រៀប​រាប់​ថា​ ជា​ធម្មតា​ នាង​មិន​សូវ​មាន​ចម្ងល់​ចំពោះ​មេរៀន​ទេ ​ប៉ុន្តែ​ក្រោយ​ពេល​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​មក ​នាង​ចាប់​ផ្តើម​មាន​សំណួរ​ក្នុង​ម៉ោង​រៀន ​និង​បាន​សំណួរ​ពី​សិស្ស​ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​នាង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត។​

ដោយសារ​ស្រី​ម៉ៅ​មាន​បំណង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ ការ​បង្រៀន​ក្រៅ​ម៉ោង​នេះ​បាន​ផ្តល់​បទ​ពិសោធន៍សម្រាប់​រូប​នាង​ត្រៀម​ខ្លួន​សម្រាប់​អាជីព​អនាគត។

ក្នុង​មួយ​ខែ​ កញ្ញា​យឿន ស្រីម៉ៅ​អាច​រក​ប្រាក់​ចំណូល​បាន​សរុប​ចំនួន​១០៥​ដុល្លារ។​ អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ​យួរដៃ​ដែល​នាង​ទិញ​ដោយ​ការ​សន្សំ​ប្រាក់​ចំណូល​របស់​នាង ​និសិ្សត​មក​ពី​ខេត្ត​កំពតនេះ​រៀបរាប់​ពី​ការ​តាំង​ចិត្ត​របស់​នាង។​

«បញ្ហា​ទី១ ​គឺខ្ញុំមិន​បាន​គិត​ពីអ្វី​ទាំងអស់ ​គឺ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ត្រូវតែ​បាន​លុយ​ ពីព្រោះ​ខ្ញុំ​ត្រូវការ​កុំព្យូទ័រ។ ​នៅពេល​រៀន​ ខ្ញុំ​ខ្វះ​កុំព្យូទ័រ​សម្រាប់​ធ្វើ​ឯកសារ​ ឬ​search​ (ស្រាវជ្រាវ)​មេរៀន​អីៗ​ហ្នឹង។​ ​វាពិបាក»។​

ដោយសារ​ការងារ​ពេញ​ម៉ោង​នៅ​កន្លែង​ផ្សេងៗ​សុទ្ធតែ​ទាមទារ​កុងត្រា​ចាប់ពី​បីខែ​ឡើង​ទៅ ​ហើយ​រយៈ​ពេល​វិស្សមកាល​របស់​នាង​មាន​មិន​ដល់​៣ខែ​ផង​ ដូច​នេះ​ហើយ​ទើប​នាង​សម្រេច​ចិត្ត​ធ្វើការ​នៅ​ឃ្លាំង​រោងចក្រ​ ក្រោម​ការ​ណែនាំ​របស់​អ្នក​មីង​រួមស្រុក​ដែល​ធ្វើការ​នៅ​រោងចក្រ​នោះ​ដែរ។​

ការស្នាក់​នៅ​អន្តេវាសិកដ្ឋាន​តម្រូវ​ឲ្យ​និស្សិត​បង់​ថ្លៃ​ចំនួន​៣០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ប៉ុន្តែចំពោះ​និស្សិត​មក​ពី​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​មិន​មាន​ឱកាស​ស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ត្រូវស្វែង​រក​ទីលំនៅ​ផ្សេងទៀត​ ដូចជា​នៅ​តាម​ផ្ទះ​ជួល​ ឬ​តាម​ទី​វត្ត​អារាម។​

បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី២​នៅ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ យួង វិចិត្រ​មកពី​ខេត្ត​កំពង់​ស្ពឺ។ លោកកំពុង​ស្នាក់​នៅក្នុង​វត្ត​អង្គតាមិញ​ជាមួយ​មិត្ត​ភក្តិ។​ ប៉ុន្តែ​ជីវិត​ក្នុង​វត្ត​មិន​សូវ​មាន​សុវត្ថិភាព​ប៉ុន្មាន​ទេ។​

វិចិត្រ​និយាយ​ថា ​តែងតែ​មាន​ក្រុម​ក្មេង​ទំនើង​មក​ជំរិត​យក​លុយ​ ឬ​របស់​មាន​តម្លៃ​ពីពួក​គាត់​ជា​រឿយៗ។​

មុននឹង​ប្រឡង​ជាប់​ជា​និស្សិត​អាហារូបករណ៍​ វិចិត្រ​ធ្លាប់​ធ្វើជា​កម្មករ​សំណង់​ហើយ​ក្រោយ​មក​ជីវិតរបស់​លោកនៅ​ភ្នំពេញ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ឧបត្ថម្ភ​ពីអ្នក​ផ្ទះ​ខ្លះ​ និង​ការ​ស្វែង​រក​ការងារ​ធ្វើខ្លះ ​ដូចជា​បម្រើ​តាម​តុការ ​លាងឡាន​ និង​ការងារ​នៅ​ Tela Mart ​ជា​ដើម​ ដែល​គាត់​បាន​ដឹង​ព័ត៌មាន​ពីមិត្ត​ភក្តិ​របស់​គាត់។​ ពីរ​ខែ​មុន ​វិចិត្រ​ទើបតែ​ទទួល​បាន​ឱកាស​ការងារ​ជា​អ្នក​រត់​ឯកសារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ផ្លូវ​ជាតិ​លេខ​៤​ដែល​គាត់​បាន​ស្វែងរក​តាម​អ៊ីនធើណេត​ ហើយ​ការងារ​នេះ​ផ្តល់ប្រាក់​កម្រៃ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។​

ក្រៅពី​ការ​ទ្រទ្រង់​ខាង​សេដ្ឋកិច្ច​ ការងារ​នេះ​ក៏​បាន​ផ្តល់​ជា​បទពិសោធន៍​ដល់​គាត់​ដែរ។​

«បទ​ពិសោធន៍​ន៍​គឺ​យើង​អាច​ស្គាល់​ឯកសារ​នាំចេញ​នាំចូល​ ហើយ​ទំនិញ​អ្វី​ដែល​នាំចូល​មក​គួរ​តែ​កត់​ត្រា»។​

យ៉ាងណា​មិញ ​ដោយសារ​ការងារ​នេះ​មិន​ត្រូវ​នឹង​ជំនាញ​របស់​វិចិត្រ​ ដូចនេះ​វា​មិន​បាន​ផ្តល់​ផល​វិជ្ជមានច្រើន​ដល់​ការ​សិក្សា​របស់​គាត់​ទេ​ ដូចនេះ​គាត់​មាន​បំណង​ស្វែងរក​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​ហិរញ្ញ​វត្ថុ​របស់​គាត់​ ក្រោយពី​បាន​បទ​ពិសោធន៍​ន៍​ការងារ​២​ទៅ​៣​ខែ។​

ការធ្វើ​ការ​ក្រៅ​ម៉ោង​សិក្សា​របស់​និស្សិត​មួយ​ចំនួន​គឺ​ជា​កត្តា​ល្អមួយ​ដែល​ផ្តល់ជូន​ពួក​គេ​នូវ​បទ​ពិសោធន៍ការងារ​ខ្លះៗ ​និង​អាច​រក​ប្រាក់​ចំណូល​ដើម្បី​បន្ធូរ​បន្ទុក​គ្រួសារ​ផង​ដែរ។​ ក៏ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ប្រឈម​នោះ​គឺ​គុណភាព​នៃ​ការសិក្សា។​

លោក​សាស្រ្តាចារ្យ​ សោម​ច័ន្ទ ​សុវណ្ណតារា ​អនុប្រធាន​នៃ​ដេប៉ាតឺម៉ង់​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា​ ការ​ឆ្លៀត​រក​កម្រៃ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ក្រុម​និស្សិត​ជាទូទៅ​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ពួក​គេ​ចុះ​ខ្សោយ។​

«មាន​រហូត​ដល់​ខ្លះ​ គាត់​មក​ដេក​គង​ជើង​លើ​កៅ​អី។​ ខ្ញុំ​សួរ​គាត់​ថា​ អូន​ ម៉េច​អូន​ឯង​ដេក​អញ្ចឹង​? តែ​ពួក​ម៉ាក​ជិត​ដិត​គាត់​ឆ្លើយ​ថា ​គ្រូ​ឯង​មិន​ដឹង​ទេ​ គេ​ធ្វើការ​យប់»។​

យោងតាម​លោក​សាស្រ្តាចារ្យ​សោម​ច័ន្ទ ​សុវណ្ណតារា​ឲ្យ​ដឹង​ថា​ ​និស្សិត​មក​ពី​បណ្តា​ខេត្ត​នៅមាន​ការ​ប្រឈម​មួយ​ចំនួន​ទៀត​ ដូចជា​ចំណេះ​ដឹង​ផ្នែក​ភាសា​បរទេស​ មាន​ភាសាអង់គ្លេស​ និង​បារាំង​ជាដើម​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាត់​ឱកាស​ ទទួល​បាន​សំណាង​ដណ្តើម​យក​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស។​

លោក​កែម ឡី ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​មាន​ពន្យល់​ថា ​ទោះបី​ជា​ការងារ​ក្រៅ​ម៉ោង​ដែល​ក្រុម​និសិ្ស​ត​មួយ​ចំនួន​កំពុង​ធ្វើ​មិនមាន​ទំនាក់​ទំនង​ជាមួយ​ជំនាញ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ក៏ដោយ ​ក៏​និស្សិត​ នៅតែ​អាច​សិក្សា​ដោយ​សង្កេត​មើល​បរិយាកាស​ការងារ​ទាំង​នោះ​បាន​ដែរ។ ​មួយវិញ​ទៀត ​ពួក​គេ​គួរ​ តែ​ចាប់​យក​មុខ​វិជ្ជា​ជាក់លាក់​ណា​មួយ ​ហើយ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ។​

«ប្រសិន​គាត់​ខុស​ជំនាញ​មែន​ ប៉ុន្តែ​គាត់​បាន​រៀន​អំពី​ប្រព័ន្ធ​ទាំងមូល​នៅ​ក្នុង​ភោជនីយដ្ឋាន​ នៅ​ក្នុង​ក្រុមហ៊ុន ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ ខ្ញុំ​គិត​ថា​ ទោះបី​យ៉ាងណា​ក៏​វា​ទាក់ទិន​ច្រើន​ដែរ»។​

ដោយសារ​សមាហរណកម្ម​អាស៊ាន​បាន​ឈាន​ចូល​បន្តិច​ម្តងៗ ​លោក​កែម ឡី​ក៏​បាន​ណែនាំ​ឲ្យ​និស្សិតមក​ពី​បណ្តា​ខេត្ត​សិក្សា​បន្ថែម​ពី​ភាសា ​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​វប្បធម៌​បរទេស​ដើម្បី​ជា​ការ​ត្រៀមខ្លួន​ប្រកួត​ប្រជែង​នឹង​លំហូរ​ធនធាន​មនុស្ស​ពី​ប្រទេស​សមាជិក​អាស៊ាន។​

លោក​រស់ សាលីន ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា ​និស្សិត​ដែល​មកពី​បណ្តា​ខេត្ត​មាន​ការ​លំបាក​ ព្រោះ​ពួក​គាត់​គ្មាន​ទីលំនៅ ​និង​គ្មាន​អ្នក​ផ្គត់ផ្គង់​ជីវភាព​នៅទី​ក្រុង​ភ្នំពេញ​ទេ។​ ដូច្នេះ​គឺ​ពួក​គាត់​ត្រូវ​ស្វែង​រក​ទីលំនៅ​ ដូច​ជា​វត្តអារាម ​អន្តេវាសិកដ្ឋាន​ ឬ​ពួក​គាត់​អាច​សុំ​អាស្រ័យ​បងប្អូន​សាច់ញាតិ​នៅភ្នំពេញ។ ​ចំពោះ​និស្សិត​មក​ពី​គ្រួសារ​ដែល​មាន​កម្រិត​ជីវភាព​មធ្យម ​គ្រួសារ​របស់​ពួក​គេ​អាច​ជួយ​ផ្តល់​ជា​ប្រាក់​ឧបត្ថម្ភ​ដល់​គាត់​ ប៉ុន្តែ​សម្រាប់​និស្សិត​មាន​ជីវភាព​ក្រីក្រ​វិញ​ គាត់ត្រូវ​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​ដើម្បី​បាន​ប្រាក់​កម្រៃ​បន្ថែម​ទ្រទ្រង់​ជីវភាព​នៅ​ទីក្រុង។​ ហើយ​ជា​ទូទៅ​ ការងារ​របស់​ពួកគេ​មិនស្រប​ទៅ​នឹង​ជំនាញ​ដែល​ពួក​គេ​កំពុង​សិក្សា​នោះ​ទេ។​

លោក​រស់ សាលីន​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​នឹង​លោក​កែម ឡី​ដែរ។​

«ទោះបី​ជា​គាត់​ធ្វើការ​មុខ​ជំនាញ​ដែល​ក្រៅពី​មុខ​វិជ្ជា​គាត់​ ក៏គាត់​អាច​ទីមួយ​បង្កើន​ចំណេះ​ក្នុង​ការធ្វើ​ទំនាក់​ទំនង ​បង្កើន​ចំណេះ​ការ​យល់​ដឹង​អំពី​កិច្ច​ការ​ងារ​ របៀប​របប​រដ្ឋបាល ​របៀប​ក្នុង​ការ​ចរចា​ របៀប​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្វី​ផ្សេងៗ»។​

លោក​សាលីន​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​មាន​គោល​ការណ៍​បង្កើន​ចំនួន​អន្តេវាសិកដ្ឋាន​នៅ​ភ្នំពេញ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់​នៅ​របស់​ក្រុម​និស្សិត​ និង​ដំឡើងចំនួន​ទឹក​ប្រាក់​អាហារូបករណ៍​ដល់​កម្រិត​មួយ​ដែល​អាច​ឲ្យ​និស្សិត​មក​ពី​បណ្តា​ខេត្ត​អាច​ពឹង​ផ្អែក​លើប្រាក់​ឧបត្ថម្ភនោះ​បាន។​ ប្រាក់​អាហារ​រូបករណ៍សម្រាប់​និស្សិត​បច្ចុប្បន្ន​គឺ​ចំនួន​៩០០​រៀល​ក្នុង​មួយ​ខែ​ឬ​ស្មើ​នឹង​ជាង​ពីរ​សេន​គិត​ជា​ប្រាក់​ដុល្លារ៕

XS
SM
MD
LG