ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាហ្រ្វិក​ក្រីក្រ​តស៊ូ​ឆ្លងកាត់​គ្រោះថ្នាក់​សង្គ្រាម​នៅ​យេម៉ែន​ដើម្បី​ឆ្លង​ដែន​បន្ត​រក​ការងារ​ធ្វើ​នៅ​អារ៉ាប៊ី​សាអូឌីត


ជន​ទេសន្តប្រវេសន៍​មកពីអនុ​តំបន់Sub-Sahara អង្គុយ​ក្នុងតង់​ក្នុងជំរុំ​ Ouled Zianeរួមគ្នា​ ក្នុង​តំបន់​ Casablanca ប្រទេស​ម៉ារ៉ុក​ (រូបថត​ ថ្ងៃទី៦​ ខែធ្នូ ឆ្នាំ​២០១៨)។
ជន​ទេសន្តប្រវេសន៍​មកពីអនុ​តំបន់Sub-Sahara អង្គុយ​ក្នុងតង់​ក្នុងជំរុំ​ Ouled Zianeរួមគ្នា​ ក្នុង​តំបន់​ Casablanca ប្រទេស​ម៉ារ៉ុក​ (រូបថត​ ថ្ងៃទី៦​ ខែធ្នូ ឆ្នាំ​២០១៨)។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ហៅ​កាត់​ថា IOM បាន​រាយការណ៍​ថា បើទោះជា​ប្រទេស​យេម៉ែន កំពុង​មាន​សង្គ្រាម​ស៊ីវិល​ដ៏​ប្រល័យ​ក៏ដោយ ក៏​ក្នុង​មួយ​ឆ្នាំៗ​ពលរដ្ឋ​អាហ្វ្រិក​ក្រីក្រ​រាប់​ម៉ឺន​នាក់ បន្ត​ធ្វើដំណើរ​ឆ្លងកាត់​ឈូង​សមុទ្រ Aden ចូល​ទៅ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ ដោយ​សង្ឃឹមថា នឹង​អាច​បន្ត​ដំណើរ​ទៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​រក​ការងា​រធ្វើ​នៅ​ទីនោះ។

សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជិត​៥ឆ្នាំ​ក្នុង​ប្រទេស​យេម៉ែន បាន​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់​នាក់ បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នេះ និង​ធ្វើឲ្យ​ពលរដ្ឋ​រាប់​លាន​នាក់​ជួប​គ្រោះ​ទុរ្ភិក្ស។ អង្គការ​សហ​ប្រជា​ជាតិ ចាត់ទុក​ប្រទេស​យេម៉ែន ជា​ប្រទេស​ជួប​គ្រោះ​មហន្តរាយ​មនុស្ស​ជាតិ​ធ្ងន់​ជាង​គេ​បំផុត​នៅ​លើ​លោក។

បើទោះជា​ស្ថិត​ក្នុង​ស្ថានភាព​មហន្តរាយ​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​ពី​តំបន់​ជ្រោយ​ខាងកើត​ទ្វីប​អាហ្វ្រិក​ដែល​ធ្វើ​ចំណាក​ស្រុក នៅតែ​មានះឆ្លង​ចូល​ប្រទេស​យេម៉ែន​ ហើយ​បន្ត​ដំណើរ​ចូល​ប្រទេស​អារ៉ាប៊ី​សាអូឌីត ដោយ​សង្ឃឹម​ថា រក​ឃើញ​ជីវិត​ថ្មី​ដែល​ប្រសើរ​ជាងមុន។

កាលពី​ឆ្នាំ​មុន​ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ បាន​រាយការណ៍​ថា មាន​ពលរដ្ឋ​១៣៨.០០០នាក់​ ធ្វើដំណើរ​ឆ្លងកាត់​ឈូងសមុទ្រ​ Aden ចូល​ប្រទេស​យេម៉ែន។ ចំនួន​នេះ គឺ​ច្រើន​ជាង​ចំនួន​ពលរដ្ឋ​ចំណាក​ស្រុក និង​ជនភៀស​ខ្លួន ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​មីឌីទែររ៉ាណេ​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដែល​មាន​ចំនួន​១១០.០០០​នាក់ នោះ​ទៅ​ទៀត។

អ្នក​នាំពាក្យ​អង្គការ​ IOM លោក​ Paul Dillon និយាយ​ថា ពលរដ្ឋ​ចំណាកស្រុក​ភាគ​ច្រើន​ដែល​សុខចិត្ត​ផ្សងគ្រោះ​ថ្នាក់​ធ្វើ​ដំណើរ​ចូល​ប្រទេស​យេម៉ែន គឺ​ជា​ជន​ជាតិ​អេត្យូពី​ មកពី​តំបន់​ជនបទ​នានា​ដូចជា​ តំបន់ Oromia តំបន់ Amhara និង​តំបន់ Tigray។ លោក Paul Dillon ថ្លែង​ថា៖

«គ្រាដែល​រឿង​ដ៏​សោកសៅ​បាន​កើត​មាន​ឡើង​នៅ​តាម​ផ្លូវ​សមុទ្រ​មីឌីទែររ៉ាណេ ត្រូវ​បាន​គេ​កត់ត្រា​យ៉ាងច្បាស់​ក៏ដោយ​ ក៏​បុគ្គលិក​អង្គការ​របស់​យើង​រក​ឃើញ​ថា មាន​ការរំលោភ​បំពាន​ជារៀងរាល់​ថ្ងៃ​ទៅ​លើ​មនុស្ស​វ័យក្មេង​មក​ពី​តំបន់​ជ្រោយ​ខាងកើត​ទ្វីប​អាហ្វ្រិក ពី​សំណាក់​ឈ្មួញ​រត់ពន្ធ​ និង​ឈ្មួញ​ជួញដូរ​មនុស្ស​ដែល​បោក​បញ្ឆោត​ថា នឹង​ផ្តល់​ជីវិត​ថ្មី​ប្រសើរ​ដល់​ពួកគេ។ ការធ្វើ​ចំណាកស្រុក​តាម​ផ្លូវខាង​កើត​នេះ​ នៅតែ​បន្ត​កើត​មាន​មិន​ថមថយ​ឡើយ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​សង្គ្រាម​ក្នុង​ប្រទេស​យេម៉ែន ហើយ​ជនចំណាកស្រុក ហាក់ដូចជា នៅតែ​មានះ​ពុះពារ​ឆ្លងដែន​មិន​បារម្ភ​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏តឹងរឹង​របស់​ឈូងសមុទ្រ​សម្រាប់​ជន​ចំណាកស្រុក​គ្មាន​ឯកសារ​នោះ​ទេ»។

លោក Paul Dillon បាន​ថ្លែង​បន្ត​ថា ជន​ចំណាកស្រុក​ភាគច្រើន​មិន​ដឹង​ពី​គ្រោះថ្នាក់ ដែល​ពួកគេ​អាច​ជួប​ប្រទះ​នៅ​ក្នុងប្រទេស​យេម៉ែន​ទេ។ លោក​បាន​និយាយ​ទៀត​ថា ក្រៅពី​ការប្រឈម​នឹងគ្រោះ​ថ្នាក់​នៃ​សង្គ្រាម ជនទាំងនោះ​អាចប្រឈម​នឹង​ការចាប់​ជំរិត និង​ការធ្វើ​ទារុណកម្ម​ជាថ្នូរ​នឹង​ប្រាក់ ហើយនឹង​ការ​កេងប្រវ័ញ្ជ​ និង​ការជួញ​ដូរ​នានា។

អង្គការ IOM បាន​ឲ្យ​ដឹង​ទៀត​ថា ការបង្កើត​វិធី​ស្របច្បាប់​មួយ​សម្រាប់​ជនចំណាកស្រុក នឹង​ផ្តល់​ជា​មាគា​ដ៏​មាន​ប្រសិទ្ធិភាព និង​ប្រសើរ​បំផុត​ដើម្បី​ការពារ​ជនចំណាកស្រុក​ទាំងនោះ ពី​ការរំលោភ​បំពាន​នានា។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ កិច្ចព្រមព្រៀង​មួយ​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អេត្យូពី នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អេត្យូពី​ ដែល​ជា​កម្មករ​ ១០០.០០០​នាក់ ធ្វើដំណើរ​ដោយ​ស្រប​ច្បាប់​ទៅ​ធ្វើការ​ក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ ដោយ​សុវត្ថិភាព​ ហើយ​អង្គការ​នេះ ស្នើ​សុំ​ឲ្យ​បន្ត​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នេះ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG