លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានទទូចឱ្យសហគមន៍អន្តរជាតិគាំទ្រពលរដ្ឋវ៉េណេស៊ុយអេឡានិងទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក Juan Guaido មេដឹកនាំក្រុមប្រឆាំង ដោយសារតែលោកហ៊ានក្រោកឈរប្រឆាំងនឹងលោកប្រធានាធិបតី Nicolas Maduro។
លោក Pompeo បានប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអំឡុងពេលប្រជុំដ៏កម្រនៅពេលព្រឹកថា៖
«ឥឡូវនេះដល់ពេលដែលប្រទេសដទៃទៀតត្រូវជ្រើសរើសយកភាគីមួយហើយ។ កុំពន្យាពេលទៀតហើយកុំលេងល្បែង។ តើប្រទេសនានាត្រូវឈរជាមួយនឹងកម្លាំងទាមទារសេរីភាពឬឈរក្នុងក្រុមជាមួយនឹងលោក Maduro និងកម្លាំងចលាចលបំផ្លាញ»។
រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបមួយចំនួនដែលក្នុងនោះមានអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង បាននិយាយកាលពីថ្ងៃសៅរ៍ថាពួកគេនឹងទទួលស្គាល់លោក Guaido ដែលមានអាយុ៣៥ឆ្នាំជាប្រធានាធិបតីប្រសិនបើគ្មានការបោះឆ្នោតក្នុងរយៈពេល៨ថ្ងៃទេ។
សហរដ្ឋអាមេរិកជាអ្នកស្នើសុំឱ្យរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ លោក Pompeo ចូលរួមអមដោយលោក Elliott Abrams ដែលទើបតែទទួលបានការតែងតាំំងជាបេកជនពិសេសសហរដ្ឋអាមេរិកប្រចាំប្រទេសវេណេហ្ស៊ុយអេឡា។
លោក Vassily Nebenzia បេសកជនរុស្ស៊ីបានតបវិញថាការផ្លាស់ប្តូររបបគឺជា«ល្បែងនយោបាយភូមិសាស្រ្តដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក» ហើយលោកបានសួរលោករដ្ឋមន្ត្រីការបរទេស Pompeo ដោយត្រង់វិញថាតើរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំមានផែនការធ្វើអន្តរាគមន៍យោធាក្នុងប្រទេសវេណេហ្ស៊ុយអេឡាទេ។
លោក Pompeo មិនបានឆ្លើយតបទេហើយនៅពេលអ្នកសារព័ត៌មានសួរនាពេលក្រោយមកក៏លោកមិនបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងធ្វើអ្វីទៀតបន្ទាប់ពីនេះ៕